ទេសរដ្ឋមន្ត្រី គន់ គីម ដឹកនាំប្រជុំបូកសរុបលទ្ធផល ការងារសមាគមអតីតយុទ្ធជន និងការងារគ្រោះមហន្តរាយ ខេត្តកំពង់ស្ពឺ

ថ្ងៃសៅរ៍ ទី១ ខែមេសា ឆ្នាំ២០២៣
1 នាក់

(កំពង់ស្ពី)៖ ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ការងារសមាគមអតីតយុទ្ធជន និងការងារគ្រោះមហន្តរាយ របស់ខេត្តកំពង់ស្ពឺ។

ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួម ពីលោកគណៈប្រតិភូ ក្រសួងធនធានទឹក ក្រសួងកសិកម្ម អភិបាលខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត មេបញ្ជាការកម្លាំងប្រដាប់អាវុធ សមាជិកសមាជិការ គណៈកម្មាធិការ គ្រប់គ្រង គ្រោះមហន្តរាយថ្នាក់ក្រោមជាតិ និងថ្នាក់មូលដ្ឋានជាច្រើនរូប។

តាមរបាយការណ៍របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានឲ្យដឹងថា ខេត្តកំពង់ស្ពឺ ទទួលរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួតមានចំនួន៥ក្រុង/ស្រុក ខូចខាតដំណាំស្រូវចំនួន៣,១៦៧ហិកតា ខ្យល់កន្ត្រាក់ កើតឡើង ៣៤លើក ខូចខាត៣០០ខ្នងផ្ទះ អគ្គិភ័យកើតឡើង ៣១លើក ខូចខាត២៧ខ្នងផ្ទះ។

ក្រៅពីនោះ ខេត្តក៏បានធ្វើផែនការដាំដុះដំណាំស្រូវវស្សា បានចំនួន ១១៣,៦០០ហិកតា អនុវត្តបាន ១១៤,៩៩៦ហិកតា ស្មើនឹង១០១.២៣ភាគរយផងដែរ។

ក្នុងនាមសម្តេចតេជោ លោកទេសរដ្ឋមន្រ្តី គន់ គីម បាននាំការផ្តាំផ្ញើសួរសុខទុក្ខ ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ក្នុងខេត្តទាំងមូល។

លោកទេសរដ្ឋមន្ត្រី គន់ គីម បានបញ្ជាក់បន្ថែមទៀតថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ជានិច្ចកាលសម្តេចបានយកចិត្តទុកដាក់យ៉ាងខ្លាំងអំពីកត្តានានា ដែលបង្កឡើងដោយសារគ្រោះមហន្តរាយ ដែលមិនបណ្តែតបណ្តោយ ឲ្យប្រជាពលរដ្ឋណាម្នាក់ រងគ្រោះដោយសារតែកត្តាធម្មជាតិ ដោយគ្មានការយកចិត្តទុកដាក់ ពីសំណាក់អាជ្ញាធរនោះឡើយ ជាពិសេសសម្តេចតែងតែចាត់ ឲ្យថ្នាក់ដឹកនាំនៅតាមបណ្តាលក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអ់ស ត្រូវចុះត្រួតពិនិត្យដោយផ្ទាល់ ដើម្បីរកវិធីដោះស្រាយ។

លោកទេសរដ្ឋមន្រ្តី ក៏បានលើកសរសើរចំពោះការខិតខំ របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងសមាគមអតីតយុទ្ធជនខេត្ត ដែលបានបំពេញមុខនាទី របស់ខ្លួនបានល្អប្រសើរ ពេលមានហេតុការណ៍កើតឡើងខេត្តម្ចាស់ការ ចុះទៅដោះស្រាយបានភ្លាមៗ។

ដោយឡែកលោកទេសរដ្ឋមន្រ្តី បានផ្តល់នូវអនុសាស្រ្ត ណែនាំឲ្យថ្នាក់ខេត្តរៀបចំសេចក្តីសម្រេច ស្តីពីការបង្កើត គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្ត រាយខេត្ត ក្រុង-ស្រុក-ខណ្ឌ ឃុំ-សង្កាត់ ស្របតាមអនុក្រិត្យលេខ ១៨៨ បន្តតាមដានព័ត៌មាននៅតាមតំបន់ងាយរងគ្រោះ ពិសេសតំបន់ប្រឈមការខ្វះទឹក និងខិតខំស្តារទំនប់ទឹក និងអាងទឹក ដើម្បីរក្សាទឹកទុកប្រើក្នុងរដូវប្រាំងនេះ ថ្នាក់ខេត្តត្រូវធ្វើការពង្រឹងទួលសុវត្ថិភាព ការកសាងភាពធន់ ទៅនិងគ្រោះមហន្តរាយ សំដៅកាត់បន្ថយ បានហានិភ័យ។

ចំពោះ សមាគមអតីតយុទ្ធជនខេត្ត ទេសរដ្ឋមន្ត្រី គន់ គីម បានផ្តាំផ្ញើឲ្យត្រូវរក្សាអនាម័យជាប្រចាំនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ត្រូវបរិភោគអាហារ ដែលចម្អិនបានត្រឹមត្រូវជានិច្ច មិនត្រូវតក់ស្លុតហួសហេតុពេក និងត្រូវចូលរួមបង្ការការឆ្លងជំងឺរលាកសួត ដែលបង្កដោយមេរោគ Covid-19 ទាំងអស់គ្នា។

ទន្ទឹមនេះទាំងលោកមេឃុំ ចៅសង្កាត់ជាប្រធានកិត្តិយស និងលោកប្រធានប៉ុស្តិ៍រដ្ឋបាល ជាប្រធានសាខា ឃុំ សង្កាត់ ត្រូវបន្តធ្វើអំពើល្អ ហើយខិតខំសហការ និងបង្កគ្រប់លទ្ធភាព ឲ្យបងប្អូនអតីតយុទ្ធជនយើង បានទទួលនូវសេវាសាធារណៈផ្សេងៗ។

លោកបន្ថែមទៀតថា ចំពោះមុខត្រូវចុះពិនិត្យ និងវាយតម្លៃអតីតយុទ្ធជន និងគ្រួសារ ដែលក្រីក្រទ័លលំបាកពិតប្រាកដ ហើយរៀបចំបញ្ជីត្រឹមត្រូវ បញ្ជូនមកអគ្គលេខាធិការដ្ឋាន ដើម្បីសរុបស្នើសុំសម្តេចប្រធាន ផ្តល់ជាផ្ទះស្នាក់នៅ ឬ ផ្តល់ដីសម្បទានសង្គមកិច្ចជូនបងប្អូន៕