លោក គន់ គីម ចុះការរៀបចំទីទួលសុវត្ថិភាព សម្រាប់ជម្លៀសពលរដ្ឋនៅរដូវវស្សា និងពិនិត្យការដ្ឋានទប់ច្រាំងទន្លេនៅខេត្តក្រចេះ

ថ្ងៃសៅរ៍ ទី១ ខែមេសា ឆ្នាំ២០២៣
2 នាក់

 

(ក្រចេះ)៖ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានធ្វើដំណើរចុះទៅកាន់ខេត្តក្រចេះ ដើម្បីពិនិត្យរៀបចំចាត់ចែងការរៀបចំទីទួលសុវត្ថិភាពសម្រាប់ជម្លៀសប្រជាពលរដ្ឋពេលមានទឹកជំនន់នៅរដូវវស្សា និងពិនិត្យមើលការដ្ឋានធ្វើច្រាំងទន្លេកុំឱ្យបាក់នៅក្នុងខេត្តក្រចេះ។

 

 

 

ប្រជាពលរដ្ឋក្នុងឃុំបុស្សលាវ ស្រុកចិត្តបុរី ខេត្តក្រចេះ ដែលមានចំនួនសរុបប្រមាណ ១,៩៨៨គ្រួសារ តែងតែជួបគ្រោះទឹកជំនន់ក្នុងរដូវវស្សាជារៀងរាល់ឆ្នាំ។ក្នុងឃុំនេះមានភូមិចំនួន ៨ភូមិ ស្មើនឹងប្រមាណ ៣០០គ្រួសារ តែងពឹងអាស្រ័យលើទីទួលសុវត្ថិភាពនារដូវទឹកជំនន់។ ទួលសុវត្ថិភាព «ទួលតាឃីន» មានទំហំ ២៤០ហិកតា ដែលជាទីតាំងខ្ពស់ល្អ អាចឱ្យប្រជាពលរដ្ឋស្នាក់នៅ និងយកគោក្របីជាង ៤,០០០ក្បាល មកថែរក្សានៅទីទួលសុវត្ថិភាពនេះនារដូវទឹកឡើងជារាងរាល់ឆ្នាំ ហើយនៅពេលរដូវទឹកសម្រកទើបពួកគាត់វិលត្រទ្បប់ទៅលំនៅដ្ឋានដើម្បីបង្កបង្កើនផលជាធម្មាតា។

ក្នុងពេលចុះពិនិត្យទីទួលនេះ លោកទេសរដ្ឋមន្ត្រី គន់ គីម បានលើកទ្បើងថា សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិតជានិច្ចជាកាលតែងយកចិត្តទុកដាក់លេីការងារគ្រោះមហន្តរាយ ដែលកេីតមានជាយថាហេតុ និងគ្រប់ពេលវេលា ដូច្នេះការប្រុងប្រៀប និងបង្កាទុកជាមុន ជាកត្តាល្អបំផុត។

លោកទេសរដ្ឋមន្ត្រី បានជំរុញឱ្យគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ និងកាកបាទក្រហមកម្ពុជា សហការជាមួយអាជ្ញាធរដែនដីចុះជួយដោះស្រាយភ្លាមៗទាន់សភាពការណ៍។

 

 

លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានសំណូមពរឱ្យអាជ្ញាធរដែនដី ជួយថែរក្សារទីទួលសុវត្ថិភាពនេះឱ្យបានល្អ និងរៀបចំផ្លូវ ដីឡូត៍សម្រាប់ប្រជាពលរដ្ឋ រៀបចំទឹកស្អាត បង្គន់អនាម័យ ត្រៀមបម្រុងសម្រាប់ពេលមានទឹកជំនន់ក្នុងរដូវវស្សា។

លោក គន់ គីម ក៏បាននែនាំឱ្យអាជ្ញាធរ យកចិត្តទុក្ខដាក់ខ្ពស់លើគ្រួសារដែលងាយរងគ្រោះ ដូចជាជនពិការ កុមារ ស្រ្តី និងចាស់ជរា គ្មានទីពឹង និងត្រូវថែរក្សាការពារទីទួលសុវត្ថិភាពនេះកុំឱ្យមានការកាប់ទន្រ្ទានយកដីអនាធិបតេយ្យ។

បន្ទាប់ពីចុះពិនិត្យទីទួលសុវត្ថិភាពបម្រុងទុកជម្លៀសប្រជាពលរដ្ឋនារដូវវស្សារួចហើយនោះ លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានចុះពិនិត្យការដ្ឋានទប់ច្រាំងទន្លេបាក់មុខសាលាខេត្តក្រចេះ។

ច្រាំងទន្លេនៅមុខសាលាខេត្តក្រចេះ បានរងការបាក់ស្រុតកាលពីរដូវកន្លងទៅប្រវែងប្រមាណ ២០០ម៉ែត្រ។ បច្ចុប្បន្នក្រុមការងារកំពុងសាងសង់ច្រាំងនេះឡើងវិញ បេីគ្មានការជួសជុលទេ នៅរដូវវស្សាខាងមុខ ច្រាំងនេះនឹងបន្តបាក់ហើយអាចឈានដល់បាក់ដាច់ថ្នល់មាត់ទន្លេថែមទៀតផង។

ក្នុងឱកាសនោះលោកទេសរដ្ឋមន្ត្រី បានលេីកសសេីរដល់ក្រុមការងារក្រសួងធនធានទឹក ដែលបានយកចិត្តទុកដាក់ខិតខំធ្វេីការងារយ៉ាងយកចិត្តទុកដាក់សាងសង់ច្រាំងនេះ។

 

 

ជំនួសមុខឱ្យប្រជាពលរដ្ឋខេត្តក្រចេះ លោកទេសរដ្ឋមន្ត្រី បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យក្រសួងធនធានទឹកចាត់វិធានការទប់ស្កាត់កាត់បន្ថយបានហានិភ័យ។ លោកទេសរដ្ឋមន្ត្រី ក៏បានលេីកសសេីរលោក លឹម គានហោ ដែលសកម្មក្នុងការចាត់តាំងក្រុមការងារឱ្យចុះមកអនុវត្តភ្លាមៗ ទប់ស្កាត់មិនឱ្យមានការបាក់ថែមទៀត៕