ឯកឧត្តម គន់ គីម ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្ត ឧត្ដរមានជ័យ ការចុះជួបសំណោះសំណាលជាមួយប្រជាពលរដ្ឋដល់ខ្នងផ្ទះ គឺជារឿងសំខាន់ណាស់ ដើម្បីក្តាប់បាននូវសភាពការណ៍ និងការគ្រប់គ្រងសតិអារម្មណ៍​របស់ប្រជាពលរដ្ឋ និងសភាពការណ៍សមាជិកបក្ស

ថ្ងៃអាទិត្យ ទី២៥ ខែមិថុនា ឆ្នាំ២០២៣
1 នាក់

(ឧត្តរមានជ័យ)៖ ស្របពេលដែលយុទ្ធនាការឃោសនាបោះឆ្នោត នឹងមកដល់នាពេលដ៏ខ្លីខាងមុខនេះ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣នេះ ឯកឧត្តម គន់ គីម ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយ ខេត្តឧត្តរមានជ័យ បានបន្តបើកកិច្ចប្រជុំជីវភាពប្រចាំខែ និងណែនាំដល់គណបក្សខេត្ត សហការជាមួយក្រុមការងារស្រុក ឃុំ​ ភូមិ​ ត្រៀមរៀបចំផែនការលម្អិត និងត្រៀមសម្ភារៈសម្រាប់គាំទ្រដល់យុទ្ធនាការឃោសនានេះឱ្យបានរួចរាល់។

ជាមួយគ្នានោះបន្ទាប់ពីបានស្ដាប់នូវរបាយការណ៍ប្រចាំខែ របស់គណបក្សខេត្ត ឯកឧត្តមបានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃ​ខ្ព​ស់​ទៅ លើកិច្ច សហប្រតិបត្តិការរវាងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរអង្គភាពជំនាញជុំវិញខេត្ត និងកងកម្លាំ​ង​ប្រ​​ដាប់​អា​វុធទាំង៣ប្រភេទដែលកន្លងមក បានបំពេញការងារតាមតួនាទីភារកិច្ច ទទួលបានល​ទ្ធផ​ល​​ល្អ ហើយក៍ជាមោទនភាពដែលយើងទាំងអស់គ្នាបានខិតខំអនុវត្តន៍ការងារតាមផែនការ ធ្វើឱ្យខេត្ត​ឧត្តរមានជ័យ របស់យើងមានការអភិវឌ្ឍរីកចម្រើន ព្រមទាំងកសាងបាននូវសមិទ្ធផល ថ្មីៗ ជាច្រើនជូនប្រជាព​លរដ្ឋនៅ​​មូលដ្ឋាន ដូច្នេះយើងត្រូវខិតខំបន្ថែមទៀត ក្នុងន័យបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ ប្រជាពលរដ្ឋ ដោយត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើការដោះស្រាយបញ្ហាប្រឈមនានា ក៍ដូចជាបំ​រើសេ​វាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានឆាប់រហ័សទាន់សភាពការណ៍ និងមានប្រសិទ្ធភាពខ្ពស់។

 

បន្ថែមពីនេះ ឯកឧត្តម ក៏បានជំរុញ ឱ្យខិតខំគ្រប់គ្រងសមាជិកបក្សឱ្យបានទាំងអស់នៅក្នុងដៃ និងធានាឱ្យបានថាសមាជិកម្នាក់ត្រូវតែជាសន្លឹកឆ្នោតមួយសម្រាប់បក្សប្រជាជនកម្ពុជា។

 

ក្នុងនាមប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ឯកឧត្តម ជំរុញឱ្យបន្តពង្រឹងសមាជិកបក្សឱ្យបានច្រើនបន្ថែមទៀត និងបន្តចុះផ្សព្វផ្សាយពីការបោះឆ្នោតឱ្យបានញឹកញាប់ដល់មូលដ្ឋានរបស់ប្រជាពលរដ្ឋ ជាមួយនឹងការប្រមូលនូវរាល់បញ្ហាដែលជាសំនូមពររបស់ពលរដ្ឋ និងខិតខំដោះស្រាយជូនឱ្យបានឆាប់រហ័ស និងល្អប្រសើរបំផុត ដើម្បីបង្កើនទំនុកចិត្តរបស់ប្រជាពលរដ្ឋ ក្នុងការចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។

 

ឯកឧត្តម បានឱ្យដឹងដែរថា ការចុះជួបសំណោះសំណាលជាមួយប្រជាពលរដ្ឋដល់ខ្នងផ្ទះ គឺជារឿងសំខាន់ណាស់ ដើម្បីក្តាប់បាននូវសភាពការណ៍ និងការគ្រប់គ្រងសតិអារម្មណ៍​របស់ប្រជាពលរដ្ឋ និងសភាពការណ៍សមាជិកបក្ស ជាពិសេសឧស្សាហ៍ចុះឱ្យដល់ខ្នងផ្ទះ​ប្រជាពលរដ្ឋ និងពន្យល់ណែនាំប្រជាពលរដ្ឋ​ឱ្យបានយល់ពីកត្តាសុខសន្តិភាព ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា​៕