កិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយដល់ក្រសួង ស្ថាប័ន និងដៃគូពាក់ព័ន្ធកាលពីព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥
ក្នុងនាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥ វេលាម៉ោង ៨:៣០នាទី នៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ ឯកឧត្តមបណ្ឌិត ញឹម វណ្ណដា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ ដោយមានការអញ្ជើញចូលរួមពី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នៃក្រសួង និងស្ថាប័នរាជរដ្ឋាភិបាល, អភិបាលរង និងនាយករដ្ឋបាលគ្រប់រាជធានី-ខេត្ត, លោកស្រី Claire Van der Vaeren អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា, តំណាងស្ថានទូតមួយចំនួនប្រចាំនៅកម្ពុជា, ដៃគូអភិវឌ្ឍន៍, ភ្នាក់ងារអង្គការសហប្រជាជាតិ, អង្គការជាតិ-អន្តរជាតិ និងគ្រឹះស្ថានអប់រំមួយចំនួនសរុបចំនួន ២៣០រូប។ កិច្ចប្រជុំបានដំណើរការតាមរបៀបវារៈដែលបានគ្រោងទុក ហើយបន្ទាប់មក ឯកឧត្តម អគ្គលេខាធិការគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានធ្វើបទបង្ហាញលំអិតលើខ្លឹមសារទាំងស្រុងនៃច្បាប់ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ ដែលមាន ចំនួន ១០ជំពូក ៤៨មាត្រា។ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ តំណាងក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល, កាកបាទក្រហមកម្ពុជា លោក លោកស្រី អភិបាលរងខេត្ត និង តំណាងអង្គការជាតិ-អន្តរជាតិមួយចំនួនបានមានចំណាប់អារម្មណ៍ គាំទ្រ និងវាយតម្លៃខ្ពស់លើច្បាប់ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ និងប្តេជ្ញាចិត្តចូលរួមចំណែកក្នុងការផ្សព្វផ្សាយ និងអនុវត្ត ច្បាប់នេះអោយមានប្រសិទ្ធភាព និងតម្លាភាព។ ជាមួយមតិចាប់អារម្មណ៍ខាងលើ ឯកឧត្តម ញឹម វណ្ណដា បានមានប្រសាសន៍អំពីច្បាប់ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី មានលក្ខណៈគ្រប់ជ្រុងជ្រោយទាក់ទងការងារសង្គម, មនុស្សធម៌ និងកិច្ចសហប្រតិបត្តិការទាំងជាតិ និងអន្តរជាតិ។ ច្បាប់ក៏បានបង្ហាញពីបទពិសោធន៍ចាស់ទុំរបស់កម្ពុជា ក្នុងការងារគ្រប់គ្រងគ្រោះមហន្តរាយប្រៀបធៀបប្រទេសក្នុងតំបន់ និង ពិភពលោក។ ឯកឧត្តម ក៏បានសំណូមពរឲ្យថ្នាក់ក្រោមជាតិ ធ្វើសេនាធិការអោយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងការប្រមូលទិន្នន័យពិតប្រាកដច្បាស់លាស់មកថ្នាក់ជាតិដើម្បីធ្វើការបូកសរុប និងដាក់ជូនរាជរដ្ឋាភិបាលក្នុងនាមជាសេនាធិការអោយរាជរដ្ឋាភិបាលដើម្បីដឹកនាំគ្រប់គ្រង និងសម្របសម្រួលការងារគ្រប់គ្រង គ្រោះមហន្តរាយបានត្រឹមត្រូវ។