រន្ទះបាញ់ផ្ដាច់ជីវិតគោប្រាំក្បាល

ថ្ងៃសៅរ៍ ទី១ ខែមេសា ឆ្នាំ២០២៣
2 នាក់

ភ្លៀងលាយផ្គររន្ទះ បានផ្តាច់ជីវិតគោដែលជាសត្វបម្រើឲ្យការធ្វើស្រែរបស់ប្រជាកសិករអស់០៥ក្បាល ភ្លាមៗមួយរំពេច ។ ខណៈម្ចាស់លែងឲ្យស៊ីស្មៅក្បែរភូមិ ។ ករណីផ្គររន្ទះនេះ កើតឡើងកាលពីវេលាម៉ោង១៥និង៣៥នាទី ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចវាលឥន្ទ្រី ស្ថិតពីខាងកើតភូមិក្រាំងសំរ៉ែ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
ដែលរន្ទះបាញ់សម្លាប់គោអស់០៥ក្បាល ។ សមត្ថកិច្ចបានឲ្យដឹងថា តាមការរៀបរាប់របស់ម្ចាស់គោ គឺមុនពេលមានភ្លៀងធ្លាក់ ពួកគាត់បានលែងគោឲ្យទៅស៊ីស្មៅដូចធម្មតា ដោយមិននឹកស្មានថាជួបរឿងអាក្រក់បែបនេះឡើយ ។ ប្រភពបន្តថា ពេលដែលពួកគាត់លែងគោទៅឲ្យស៊ីស្មៅនៅចំណុចខាងលើ ស្រាប់តែមានភ្លៀងធ្លាក់យ៉ាងខ្លាំង ថែមទាំងមានលាយខ្យល់ផ្គររន្ទះទៀតផង ។ ឃើញដូច្នោះ ម្នាក់ៗបាននាំរត់មកផ្ទះ ដោយទុកតែគោឲ្យនៅស៊ីស្មៅនៅទីនោះ ។ ពេលម្នាក់ៗទៅដល់ផ្ទះមិនបានប៉ុន្មាននាទីផង ស្រាប់តែលឺសូរសំឡេងរន្ទះយ៉ាងខ្លាំង នៅចំណុចខាងលើ ។ រំពេចនោះ គ្រប់គ្នាបានរត់ចេញទៅមើល ស្រាប់តែឃើញគោរបស់ខ្លួន ត្រូវរន្ទះបាញ់ងាប់អស់ទៅហើយ ។ ក្រុមម្ចាស់គោបានលើកឡើងថា នេះពិតជាសំណាងហើយ ដែលពួកគាត់ចេះនាំគ្នារត់ទៅដល់ផ្ទះទាន់ពេលវេលា បើនៅជ្រកក្រោមដើមឈើក្បែរនោះ ម្លេះមច្ចុរាជធម្មជាតិផ្តាច់យកសង្ខាររបស់ពួកគាត់ដូចគោ ជាក់ជាមិនខានឡើយ ។
ក្រោយពីរន្ទះបានបាញ់ងាប់គោរបស់ប្រជាពលរដ្ឋអស់ចំនួន០៥ក្បាលរួចមក ក្រុមម្ចាស់គោបានរាយការណ៍ទៅមេភូមិ និងសមត្ថកិច្ច ហើយដឹកយកគោរបស់ខ្លួនទៅផ្ទះរៀងៗខ្លួន ព្រោះបើទុកយូរខ្លាចហើមសាច់ធ្វើម្ហូបអត់កើត ៕ (ប្រភព៖ កោះសន្តិភាព)