មនុស្សរាប់រយនាក់ ត្រូវបានជួយសង្រ្គោះចេញពីលំនៅឋានលិចទឹក ខណៈអ៊ុយក្រែនច្រានចោលរបាយការណ៍ស្តីពីការវាយបក
អ៊ុយក្រែន៖ មនុស្សរាប់រយនាក់ ត្រូវបានជួយសង្គ្រោះចេញពីដំបូលផ្ទះនានា ២ថ្ងៃបន្ទាប់ពី ទឹកហូរចេញពីទំនប់វារីអគ្គិសនីដែលត្រូវបានបំផ្លាញបានជន់លិចភូមិឋាន ដីកសិកម្ម ផ្លូវថ្នល់ ជាច្រើននៅក្នុងតំបន់ Khersonភាគខាងត្បូងខណៈអ៊ុយក្រែនច្រានចោលរបាយការណ៍នានាដែលថាយោធារបស់ខ្លួនបានចាប់ផ្ដើមបើកការវាយបកលើកងកម្លាំងរុស្ស៊ីនោះ។
វីដេអូពីលើអាកាសបានបង្ហាញតំបន់នានាជាទីដែលទឹកជន់លិចលំនៅឋានមើលឃើញតែដំបូល។
អភិបាលតំបន់នេះ បាននិយាយថា ផ្ទៃដីប្រមាណ៦០០គីឡូម៉ែត្រក្រឡា ត្រូវបានទឹកលិចកាលពីថ្ងៃព្រហស្បតិ៍ ។
ការបាក់ទំនប់ទឹក Nova Kakhovka បានកើតឡើង ខណៈអ៊ុយក្រែន ត្រៀមវាយបកដែលទំនងជាដំណាក់កាលសំខាន់បន្ទាប់ ក្នុងសង្រ្គាម ដែលបានឆក់យកជីវិតមនុស្សរាប់ម៉ឺននាក់ លំនៅឋានរាប់លានខ្នងដួលរាបដល់ដី និងទីក្រុងទាំងមូលត្រូវបានបំផ្លាញ ចាប់តាំងពីប្រតិបត្តិការសឹកពិសេសរបស់រុស្ស៊ី កាលពីថ្ងៃទី២៤ខែកុម្ភៈឆ្នាំមុន។