ចំហេះព្រៃនៅកាណាដា គំរាមកំហែងដល់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ
ចំហេះព្រៃរាប់រយករណីដែលមិនអាចគ្រប់គ្រងបាន បានឆាបឆេះនៅទូទាំងប្រទេសកាណាដាកាលពីថ្ងៃពុធ (៧ មិថុនា) ដែលគំរាមកំហែងដល់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ បង្ខំឱ្យមាន
ការជម្លៀសប្រជាជន និងបានបញ្ជូនផ្សែងដ៏អួរអាប់គ្របដណ្ដប់លើទីក្រុងនានារបស់សហរដ្ឋអាមេរិក។
ចំហេះព្រៃគឺជារឿងធម្មតានៅក្នុងខេត្តភាគខាងលិចនៃប្រទេសកាណាដា ប៉ុន្តែនៅឆ្នាំនេះអណ្តាតភ្លើងបានឆាបឆេះយ៉ាងឆាប់រហ័សនៅភាគខាងកើតរបស់ប្រទេស ដែលធ្វើឱ្យវាក្លាយជាការចាប់ផ្តើមរដូវកាលដ៏អាក្រក់បំផុតមិនធ្លាប់មាន។ ភាគខាងត្បូងនៃព្រំដែន មានរដ្ឋជាច្រើនរបស់សហរដ្ឋអាមេរិកបានស្ថិតនៅក្រោមការជូនដំណឹងអំពីគុណភាពខ្យល់កាលពីថ្ងៃពុធ ខណៈដែលផ្សែងហុយចេញពីចំហេះព្រៃបានបក់ទៅភាគខាងត្បូង។
ការចាប់ផ្តើមដំបូងនៃរដូវចំហេះព្រៃខ្លាំងខុសពីធម្មតា បានធ្វើឱ្យប្រទេសកាណាដា ប្រឈមនឹងការបំផ្លិចបំផ្លាញពីភ្លើងដ៏អាក្រក់បំផុតមិនធ្លាប់មានប្រចាំឆ្នាំរបស់ខ្លួន ខណៈដែលអាកាសធាតុក្តៅ និងស្ងួតត្រូវបានគេរំពឹងថានឹងបន្តកើតមានជាច្រើនខែ។ ក្រុមអាជ្ញាធរបាននិយាយថា អ្នកពន្លត់អគ្គិភ័យប្រហែល ៥២០នាក់កំពុងប្រយុទ្ធនឹងចំហេះព្រៃនេះ។
យោងតាមក្រុមអាជ្ញាធរបានឱ្យដឹងថា មនុស្សប្រហែល ១១.៤០០ នាក់ត្រូវបានជម្លៀសចេញពីតំបន់ដាច់ស្រយាលនៃភាគខាងជើងទីក្រុងកេបិច ហើយមនុស្ស ៤.០០០នាក់ទៀតនឹងត្រូវជម្លៀសចេញក្នុងពេលឆាប់ៗនេះ៕