នាយករដ្ឋបាលសាលាខេត្តមណ្ឌលគិរី ដឹកនាំក្រុមការងារចុះពិនិត្យករណីបាក់ស្រុតដីកាត់ផ្តាច់ផ្លូវ នៅចំណុចអូរងើយ ឃុំសែនមនោរម្យ
ថ្ងៃពុធ ទី២ ខែសីហា ឆ្នាំ២០២៣

AKP មណ្ឌលគិរី ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣-- លោក នាង វណ្ណៈ នាយករដ្ឋបាលសាលាខេត្តមណ្ឌលគិរី ដឹកនាំក្រុមការងារខេត្ត ចុះត្រួតនិត្យផ្លូវលេខ ៧៦អា ដែលរងការខូចខាត កាលពីយប់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ ត្រង់ចំណុចអូរងើយ ភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ដោយផ្លូវនៅចំណុចនេះបានបាក់ស្រុតចុះ ប្រវែងបណ្ដោយប្រមាណជាង១០ម៉ែត្រ នាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣នេះ។ សូមបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ មន្ទីរសាធារណការ និងជញ្ជូនខេត្ត សហការជាមួយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី បានធ្វើការឈួសឆាយផ្លូវវាង ដើម្បីសម្រួលចរាចរណ៍ជាបណ្តោះអាសន្ន។ រូបថត៖ AKP-មណ្ឌលគិរី  

រដ្ឋបាលខេត្តមណ្ឌលគីរី ផ្អាកបណ្ដោះអាសន្នការធ្វើចរាចរយានយន្តគ្រប់ប្រភេទ នៅលើ ផ្លូវជាតិលេខ៧៦ ចន្លោះ គីឡូម៉ត្រលេ៩១ ដល់ គីឡូម៉ែត្រលេខ៩៩ ក្នុងភូមិសាស្ត្រ ខេត្តមណ្ឌលគិរី
ថ្ងៃពុធ ទី២ ខែសីហា ឆ្នាំ២០២៣

ខេត្តមណ្ឌលគិរី៖ រដ្ឋបាលខេត្តមណ្ឌលគិរី សូមជម្រាបជូនដំណឹងដល់សាធារណៈជន ម្ចាស់យាន យន្តដឹកទំនិញធន់ធ្ងន់ ធន់ស្រាល និងអ្នកធ្វើដំណើរតាមមធ្យោបាយ យានយន្ត គ្រប់ប្រ ភេទ ឱ្យបានជ្រាបថា ៖ បន្ទាប់ពីទទួលរងនូវការធ្លាក់ភ្លៀងយ៉ាងខ្លាំង នៅក្នុងខេត្តមណ្ឌលគិរី បានធ្វើឱ្យមានជំនន់ទឹកភ្លៀងហូរបាក់ស្រុតផ្លូវ និងដាច់ផ្លូវនៅចន្លោះ គីឡូម៉ែត្រលេខ៩១ ដល់ គីឡូម៉ែត្រលេខ៩៩ ផ្លូវជាតិលេខ៧៦ ចន្លោះពីស្រុកអូររាំង ទៅស្រុកកែវសីមា (ចំណុចអូរងើយ) ដែលផ្លូវត្រូវបានកាត់ផ្តាច់ និងខូចទាំងស្រុង មិនអាចធ្វើដំណើរបានសម្រាប់មធ្យោបាយយានយន្តគ្រប់ប្រភេទ ។ ដូចនេះរដ្ឋបាលខេត្ត សូមធ្វើការបិទផ្អាកការធ្វើ ចរាចរជាបណ្តោះអាសន្នចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ នេះតទៅ រហូតដល់មានការជូនដំណឹងស្តីពីការ បើកឱ្យធ្វើចរាចរ ឡើងវិញ នាពេលខាងមុខ ។ ទន្ទឹមនឹងនោះដែរ ប្រសិនបើសាធារណៈជន ម្ចាស់យានយន្តដឹកទំនិញ និងអ្នកធ្វើដំណើរតាម មធ្យោបាយយានយន្តគ្រប់ប្រភេទ មានបំណងចង់ធ្វើដំណើរទៅរាជធានីភ្នំពេញ និងធ្វើដំណើរមកកាន់ខេត្តមណ្ឌលគិរី សូមធ្វើដំណើរតាមផ្លូវវាងដោយឆ្លងកាត់តាមខេត្តក្រចេះ ខេត្តស្ទឹងត្រែង និងខេត្តរតនគិរី ជាបណ្ដោះ អាសន្ន ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ ៕ប្រភព ៖ ខេត្តមណ្ឌលគិរី

អាជ្ញាធរ និងពលរដ្ឋនៅតាមបណ្ដោយសណ្ដស្ទឹងព្រែកត្នោត ត្រៀមលក្ខណៈរួចរាល់ ដើម្បីគេចចេញពីគ្រោះទឹកជំនន់
ថ្ងៃអង្គារ ទី១ ខែសីហា ឆ្នាំ២០២៣

ភ្នំពេញ៖ អាជ្ញាធរ និងប្រជាពលរដ្ឋរស់នៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានត្រៀមលក្ខណៈរួចរាល់ ដើម្បីគេចចេញពីគ្រោះទឹកជំនន់ពីខេត្តកំពង់ស្ពឺ ហូរចូលក្នុងស្ទឹងព្រែកត្នោត។ បើតាមលោកស្រី សឿង សេរី ចៅសង្កាត់ដង្កោ នៅថ្ងៃទី១ ខែសីហានេះ ​បានប្រាប់BTVថា ការត្រៀមលក្ខណៈទុកជាមុននោះមានដូចជា៖ កម្លាំងប្រជាការពារភូមិ ​ប៉ាវសម្រាប់ទប់ទឹក និង​សម្ភារៈផ្សេងៗទៀតជាដើម។ ​ក្នុងករណីអាជ្ញាធរសង្កាត់មិនអាចគ្រប់គ្រងស្ថានការណ៍បាន នឹងរាយការណ៍ទៅថ្នាក់លើដើម្បីជួយអន្តរគមន៍។ លើសពីនេះ លោកស្រីចៅសង្កាត់បានក្រើនរំលឹកដល់ប្រជាពលរដ្ឋរស់នៅតាមដងស្ទឹងព្រែក​ត្នោត​ត្រូវមានការប្រុងប្រយ័ត្នទុកជាមុន ​បើទោះបីពេលនេះទឹកស្ទឹងព្រែកត្នោតមិនទាន់បង្កជាបញ្ហាក្តី។ ប្រជាពលរដ្ឋ បានលើកឡើងដែរថា ​ជា​ទម្លាប់​ក្នុង​រដូវវស្សាទឹកស្ទឹងព្រែកត្នោត​តែងតែ​ឡើង ហើយ​ដើម្បីការពារកុំឲ្យខូចខាតទ្រព្យសម្បត្តិក្នុងផ្ទះ​ គឺពួកយើងបានត្រៀមលក្ខណៈរួចរាល់ ​ពោលដូចជា៖រៀបចំ​សម្ភារៈទុកដាក់លើធ្នើ និង​ឧស្សាហ៍ងើបមើលទឹកស្ទឹង ​ប្រសិនបើទឹកឡើងធំ នឹងប្រញាប់​ទៅ​ទីទួលមានសុវត្ថិភាព ​និងរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានផងដែរ។ ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ​ប្រទេសកម្ពុជា ​បានរងឥទ្ធិពលព្យុះទី៥ ឈ្មោះដុកស៊ូរី បង្កឱ្យ​មានភ្លៀងធ្លាក់​នៅស្ទើរទូទាំងប្រទេស​ ក្នុងនោះក៏​មានខេត្តកំពង់ស្ពឺផងដែរ។ ហើយទឹកជំនន់នៅខេត្តកំពង់ស្ពឺ​ហូរចូលស្ទឹកព្រែកត្នោត អាចបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋរស់​នៅតាមបណ្ដោយសណ្ដរស្ទឹង។​ យ៉ាងណាក្តី គិតមកដល់ពេលនេះ ​ទឹកស្ទឹកព្រែកត្នោត មិនទាន់ឡើងខ្លាំង​ក្លាយជាជំនន់នោះទេ៕ អត្ថបទ៖ទូច សោភ័ណ

ជំនន់ទឹកភ្លៀងបានកាត់ផ្តាច់ផ្លូវដែកភ្នំពេញ-ព្រះសីហនុត្រង់គីឡូម៉ែត្រ១៣៥ដល់១៤៨
ថ្ងៃអង្គារ ទី១ ខែសីហា ឆ្នាំ២០២៣

ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងនៅរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣មុននេះថា ផ្នែកខ្លះនៃកំណាត់ផ្លូវដែក ភ្នំពេញ-ព្រះសីហនុ ចាប់ពីគីឡូម៉ែត្រលេខ ១៣៥ ដល់គីឡូម៉ែត្រលេខ ១៤៨ ត្រូវបានកាត់ផ្តាច់ដោយជំនន់ទឹកភ្លៀង ដែលធ្វើឱ្យអាក់ខានការដឹកជញ្ជូនតាមផ្លូវដែក។  បច្ចុប្បន្នក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន រ៉ូយ៉ាល់ រ៉េលវេ កំពុងចាត់វិធានការណ៍ចាំបាច់បន្ទាន់ និងធ្វើការជួសជុល ដើម្បីឈានទៅរកការបើកដំណើរការដឹកជញ្ជូនតាមផ្លូវដែកនេះឡើងវិញឱ្យឆាប់បំផុត៕

ជំនន់ទឹកភ្លៀងខេត្តកំពង់ស្ពឺប៉ះពាល់ស្រុកចំនួន២ ពលរដ្ឋរងផលប៉ះពាល់ចំនួន ៣៤៩ គ្រួសារ
ថ្ងៃអង្គារ ទី១ ខែសីហា ឆ្នាំ២០២៣

កំពង់ស្ពឺ៖ជំនន់ទឹកភ្លៀងក្នុងខេត្តកំពង់ស្ពឺ គិតត្រឹមថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៣នេះ បានបង្កផលប៉ះពាល់ដល់ស្រុកចំនួន ២ គឺស្រុកភ្នំស្រួច និងស្រុកបសេដ្ឋ បង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន ៣៤៩ គ្រួសារ ក្នុងនោះគ្រួសារដែលត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាពមាន ចំនួន ១២៣ គ្រួសារ ប៉ះពាល់ស្រូវចំនួន ៧០៧ ហិកតា ក្នុងនោះស្រុកបសេដ្ឋ ចំនួន ១០៨ ហិកតា។ នេះបើតាមអ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ ឯកឧត្ដម សុទ្ធ គឹមកុលមុន្នី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានថ្លែងប្រាប់ BTV នារសៀលថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៣នេះ ជំនន់ទឹកភ្លៀងគិតត្រឹមថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០២៣ នៅក្នុងភូមិសាស្ត្រ ខេត្តកំពង់ស្ពឺ បានកើតឡើងនៅក្នុងស្រុកចំនួន ២ នៃខេត្តកំពង់ស្ពឺ គឺស្រុកភ្នំស្រួច និងស្រុកបសេដ្ឋ ក្នុងនោះឃុំដែលរងផលប៉ះពាល់មានចំនួន ១៣ ឃុំ និង ៣៧ ភូមិ។ ឯកឧត្ដមថ្លែងថា ស្រុកភ្នំស្រួច ប៉ះពាល់ចំនួន ៩ ឃុំ ស្មើនឹង ២៦ ភូមិ និងស្រុកបសេដ្ឋ ប៉ះពាល់ ៤ ឃុំ ស្មើនឹង ១១ ភូមិ។ ទឹកជំនន់បានបង្កឱ្យ ប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន ៣៤៩ ខ្នង (គ្រួសារ) (”ស្រុកបសេដ្ឋ ចំនួន ៤២ ខ្នង ”) ក្នុងនោះគ្រួសារដែលត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាពមាន ចំនួន ១២៣ គ្រួសារ ប៉ះពាល់ស្រូវចំនួន ៧០៧ ហ.ត ("ស្រុកបសេដ្ឋ ចំនួន ១០៨ ហ.ត ”)។ បើតាមឯកឧត្ដមអ្នកនាំពាក្យ ដំណាំរួមផ្សំចំនួន ១០៨ ហិកតា ប៉ះពាល់ផ្លូវប្រវែង ២ ៩៥០ ម៉ែត្រ (" ស្រុកបសេដ្ឋ ប្រវែង ៦០០ ម៉ែត្រ ”) ក្នុងនោះដាច់ផ្លូវប្រវែង ១ ៤៥៥ ម៉ែត្រ (” ស្រុក បសេដ្ឋ ប្រវែង ៥០ ម៉ែត្រ ”) ព្រោះខ្នង ទំនប់ចំនួន ០៦ កន្លែង ក្នុងនោះដាច់ខ្នង ទំនប់ប្រវែង ៥០ ម៉ែត្រ និងព្រោះលូចំនួន ០៤ កន្លែង (” ស្រុកបសេដ្ឋ ”)៕ ដោយ ៖ ដារ៉ា

ពលរដ្ឋ ៣៧គ្រួសារ ជួបគ្រោះជំនន់ទឹកភ្លៀងនៅឃុំឬស្សីជ្រុំ ទទួលអំណោយពីកាកបាទក្រហមកម្ពុជាខេត្តកោះកុង
ថ្ងៃអង្គារ ទី១ ខែសីហា ឆ្នាំ២០២៣

កោះកុង៖ ប្រជាពលរដ្ឋចំនួន ៣៧គ្រួសារ រស់នៅក្នុងឃុំឬស្សីជ្រុំ ស្រុកថ្មបាំង បានទទួលអំណោយសប្បុរសធម៌ពីកាកបាទក្រហមកម្ពុជាខេត្តកោះកុង បន្ទាប់ពីរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង២ទៅ៣ថ្ងៃមកនេះ។ លោកស្រី អ៊ី នារីនេត អភិបាលរងខេត្តកោះកុង បានឱ្យដឹងនៅរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ថា ក្រោយទទួលដំណឹងពីប្រជាពលរដ្ឋរស់នៅភូមិត្រពាំងឈើត្រាវ និងភូមិគគីរជ្រុំ ជួបគ្រោះទឹកជំនន់លិចផ្ទះសម្បែង និងដីស្រែចំការ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជាខេត្តកោះកុង បានដឹកនាំក្រុមការងារចុះចែកអំណោយជូនពលរដ្ឋដោយមិនឱ្យពលរដ្ឋណាម្នាក់ស្លាប់ព្រោះអាហារហូបនោះទេ។ លោកស្រីអភិបាលរងខេត្ត បន្ថែមថា លោកជំទាវ មិថុនា ភូថង ក៏បានសម្តែងការសោកស្តាយចំពោះការគ្រោះធម្មជាតិនៅពេលនេះ ដោយអំពាវនាវដល់ពលរដ្ឋចូលរួមបង្កើនការប្រុងប្រយ័ត្នបន្ត ករណីមានគ្រោះអាសន្នណាសូមប្រញាប់រាយការណ៍មកកាន់អាជ្ញាធរមូលដ្ឋានដែលក្បែរខ្លួន។ ទន្ទឹមនោះលោកជំទាវ មិថុនា ភូថង ពាំនាំនូវមតិសួរសុខទុក្ខរបស់សម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់ពីគ្រោះលំបាករបស់ពលរដ្ឋគ្រប់រូប មិនថាតែគ្រោះថ្នាក់អ្វីឡើយគឺដោះស្រាយជានិច្ច។ គួរកត់សម្កាល់ថា ឃុំឬស្សីជ្រុម ស្រុកថ្មបាំងវ ប៉ុន្មានថ្ងៃមកនេះ បានជួបគ្រោះទឹកជំនន់ពីជ្រលងភ្នំបង្កឱ្យលិចលង់ផ្ទះសម្បែងពលរដ្ឋជាង ៣៧ខ្នង និងដីស្រែចម្ការចំនួន ២០ហិកតា ស្ថិតនៅភូមិត្រពាំងឈើត្រាវ និងភូមិគគីរជ្រុំ ព្រោះតែបរិមាណទឹកភ្លៀងច្រើនហូរពីជ្រលងភ្នំបង្កឲ្យឡើងជន់លិចតាមស្ទឹងរួចហក់ឡើងលិចក្នុងមូលដ្ឋានតែម្ដង។ ជាក់ស្តែង ប្រជាពលរដ្ឋទាំង ៣៧គ្រួសារខាងលើ ត្រូវបានជម្លៀសមករកទីសុវត្ថិភាពដោយឲ្យពួកគាត់ស្នាក់នៅជាបណ្ដោះអាសន្ននៅវត្តសិលាមុន្នីគីរីរង្សី(ហៅវត្តលើ) ឃុំឫស្សីជ្រុំ ស្រុកថ្មបាំង។ ចំពោះបណ្ដាក្រុងស្រុកផ្សេងមិនចោទបញ្ហានោះទេ៕  អត្តបទ៖ ឈឹម មករា

កម្ពស់ទឹកស្ទឹងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ចាប់ផ្ដើមហក់ឡើង នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣នេះ ដោយជំនន់ទឹកភ្លៀង។
ថ្ងៃអង្គារ ទី១ ខែសីហា ឆ្នាំ២០២៣

ខេត្តពោធិ៍សាត់: កម្ពស់ទឹកស្ទឹងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ចាប់ផ្ដើមហក់ឡើង នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣នេះ ដោយជំនន់ទឹកភ្លៀង។ បច្ចុប្បន្នផ្ទះប្រជាពលរដ្ឋខ្លះ ដែលតាំងទីនៅជិតមាត់ស្ទឹងពោធិ៍សាត់ បានជន់លិចខ្លះទៅហើយ ក៏ប៉ុន្តែស្ថានភាពទឹកស្ទឹង នៅមិនទាន់ដល់កម្រិតប្រកាសអាសន្ននៅឡើយទេ ពោលគឺស្ទឹងពោធិ៍សាត់ មានកម្ពស់ ២.៧៨ម៉ែត្រ ខណៈកម្ពស់ប្រកាសអាសន្ន ៥ម៉ែត្រ។ យើងសង្កេតឃើញថា ភ្លៀងធ្លាក់ប៉ុន្មានថ្ងៃចុងក្រោយនេះ បង្កជាជំនន់ទឹកភ្លៀង តាមបណ្ដាខេត្តមួយចំនួន បណ្ដាលឱ្យលិចផ្ទះប្រជាពលរដ្ឋ ប៉ុន្តែស្ថានភាពនេះ មិនធ្ងន់ធ្ងរនោះឡើយ ដោយសារទឹកនឹងឆាប់ស្រកទៅវិញ។ ប្រភពពីលោក កែវ វ័យ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តពោធិ៍សាត់ បានឱ្យដឹងនាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣នេះថា កម្ពស់ទឹកភ្លៀង២៤ម៉ោង លើ៦/៧ក្រុងស្រុក មាននៅក្រុងពោធិ៍សាត់ ៩.៧មីលីម៉ែត្រ, ស្រុកវាលវែង ១.៥មីលីម៉ែត្រ, ស្រុកបាកាន ១.៥មីលីម៉ែត្រ, ស្រុកក្រគរ ២.២មីលីម៉ែត្រ, ស្រុកកណ្តៀង ២០.៨មីលីម៉ែត្រ និងស្រុកតាលោសែនជ័យ ១.២មីលីម៉ែត្រ។ លោកប្រធានមន្ទីររូបនេះ បានបន្ថែមថា ចំពោះស្ថានភាពកម្ពស់ទឹកស្ទឹង និងទន្លេ ក្នុងនោះស្ទឹងពោធិ៍សាត់ មានកម្ពស់ ២.៧៨ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន ៥ម៉ែត្រ), ស្ទឹងក្រវ៉ាញ មានកម្ពស់ ២.៥១ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន ៦ម៉ែត្រ), ស្ទឹងវាលវែង មានកម្ពស់ ២.៣ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន ១០ម៉ែត្រ) និងទឹកទន្លេកំពង់លួង មានកម្ពស់ ២.០២ម៉ែត្រ។ សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣នេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្ដីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២-៨ ខែសីហា ឆ្នាំ២០២៣ ខណៈព្រះរាជាណាចក្រកម្ពុជា បានទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាបអូសបន្លាយ លើភាគខាងជើងប្រទេសឡាវ និង ប្រទេសវៀតណាម គួបផ្សំនឹងខ្យល់មូសុងនិរតីក្នុងកម្រិតមធ្យម។ ដោយឡែកក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ព្យុះឈោ្មះ ខាណុន (KHANUN) កំពុងធ្វើដំណើរឆ្ពោះទៅភាគខាងកើតប្រទេសចិន។ លក្ខណៈទាំងនេះនឹងធ្វើឲ្យ តំបន់ទំនាបកណ្តាល, តំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្រ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតមួយ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ជាមួយគ្នានេះ ក្រសួងអំពាវនាវឱ្យមានការបង្កើនការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិ ដែលអាចកើតមានឡើងជាយថាហេតុ៕

ឯកឧត្តមអភិបាលខេត្តតាកែវ ដឹកនាំមន្រ្តីជំនាញចុះពិនិត្យស្ថានភាពទឹកនៅស្រុកត្រាំកក់ និងស្រុកសំរោង តាមបណ្ដោយផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ៣
ថ្ងៃអង្គារ ទី១ ខែសីហា ឆ្នាំ២០២៣

តាកែវ៖ នៅរសៀលថ្ងៃចន្ទ ទី៣១ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ បានដឹកនាំមន្រ្តីជំនាញ និងអាជ្ញាធរស្រុកត្រាំកក់ ស្រុកសំរោង រួមជាមួយ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងលោកប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យស្ថានភាពទឹក នៅតាមបណ្ដោយផ្លូវជាតិលេខ២ និងបណ្ដោយផ្លូវជាតិលេខ៣ ក្នុងភូមិសាស្រ្តស្រុកត្រាំកក់ ស្រុកសំរោង ខេត្តតាកែវ។ មានប្រសាសន៍នាឱកាសចុះពិនិត្យតាមបណ្ដាស្រុកនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ក៏បានធ្វើការណែនាំដល់អាជ្ញាធរមូលដ្ឋាន ត្រូវតាមដានឱ្យបានជាប់ជាប្រចាំពីស្ថានភាពទឹក ថាតើវាឡើងកម្រិតណា ហើយប្រសិនបើទឹកភ្លៀងនៅតែបន្តធ្លាក់ ដែលអាចនាំឱ្យមានការជន់លិចនៅតំបន់ណាមួយ ដែលអាចនឹងប៉ះពាល់ដល់ផលដំណាំ ផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋ អាជ្ញាធរត្រូវតែធ្វើសកម្មភាពជាបន្ទាន់ ក្នុងការចុះជួយបងប្អូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ឬត្រូវធ្វើសកម្មភាពទប់ស្កាត់ជាមុន តាមរយៈការជីកដីទប់ទឹកកុំលិចលង់ នៅតំបន់មួយចំនួនដែលទឹកបម្រុងនិងលិច។ ឯកឧត្តមអភិបាលខេត្តតាកែវ ក៏បានធ្វើការណែនាំឱ្យមន្ទីរកសិកម្ម និងមន្ទីរធនធានទឹក មន្ទីរសាធារណការ សហការជាមួយអាជ្ញាធរក្រុង ស្រុក ត្រូវត្រៀមលក្ខណៈទុកជាមុនក្នុងការទប់ស្កាត់គ្រោះមហន្តរាយ គ្រោះធម្មជាតិជំនន់ទឹកភ្លៀង ដែលនឹងអាចកើតឡើងជាយថាហេតុនេះ ហើយក្នុងករណីដែលទឹកអាចនឹងកើនឡើងក្នុងកម្រិតខ្ពស់ អាជ្ញាធរស្រុកត្រូវសហការគ្នាជាមួយមន្ទីរជំនាញ ត្រូវកាយបើកផ្លូវទឹក និងកាយស្មៅឬសំរាមចេញតាមផ្លូវទឹកនានា ដើម្បីឱ្យទឹកហូរទៅក្រោមកាន់តែលឿន ដើម្បីបញ្ចៀសការលិចលង់លំនៅដ្ឋាន និងដំណាំរបស់ប្រជាពលរដ្ឋ ជាពិសេស ត្រូវត្រួតពិនិត្យមើល អំពីស្ថានភាពទឹកជំនន់ ហើយត្រូវរាយការណ៍ មកគណៈបញ្ជាការឯកភាពខេត្ត ដើម្បីត្រៀមបង្ការឆ្លើយតបដោះស្រាយបានទាន់ពេលវេលា បើមានករណីលិចទឹកនៅតំបន់ណាមួយ៕

ស្ថានភាពទឹកទន្លេខេត្តស្ទឹងត្រែង កំពស់ទឹកទន្លេមេគង្គ កំពស់ទន្លេសេកុង កំពស់ទឹកទន្លេសេសាន កំពស់ទឹកវារីសេសាន
ថ្ងៃអង្គារ ទី១ ខែសីហា ឆ្នាំ២០២៣

ខេត្តស្ទឹងត្រែង : ស្ថានភាពទឹកទន្លេខេត្តស្ទឹងត្រែង នៅថ្ងៃទី 01-សីហា-២០២៣៖១-កំពស់ទឹកទន្លេមេគង្គ៖-កំពស់ទឹកប្រកាស=10,70 m-កំពស់ទឹកម្សិលមិញ=6,19 m-កំពស់ទឹកព្រឹកនេះ=7,08 m-កំពស់ទឹកឡើង=0,89 m២-កំពស់ទន្លេសេកុង៖-កំពស់ទឹកប្រកាស=11.50 m-កំពស់ទឹកម្សិលមិញ=6,36 m-កំពស់ទឹកព្រឹកនេះ=7,48 m-កំពស់ទឹកឡើង=1,12m៣-កំពស់ទឹកទន្លេសេសាន៖-កំពស់ទឹកប្រកាស=10,50 m-កំពស់ទឹកម្សិលមិញ=6,61 m-កំពស់ទឹកព្រឹកនេះ=7,48 m-កំពស់ទឹកឡើង=0,87 m៤-កំពស់ទឹកវារីសេសាន៖-កំពស់ទឹកប្រុងប្រយ័័ត្ន=75,00 m-កំពស់ទឹកក្នុងអាង=​75,26 m-ធារទឹកហូរចូលអាង=6246 m/s-ធារទឹកហូរចេញ= 6211 m/s។នេះជារបាយការណ៍បានមកពីមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ ៕  

ប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ បានប្រាប់ឱ្យដឹងថា គិតត្រឹមថ្ងៃទី២២ ខែមិថុនា ឆ្នាំ ២០២៣នេះ កសិករខេត្ត បន្ទាយមានជ័យ សម្រេចបង្កបង្កើនផលដំណាំស្រូវវស្សា បានប្រមាណ ៨៤.៥ភាគរយ លើផែនការ ប្រចាំឆ្នាំ២៦ម៉ឺនហិកតា ក្នុងឆ្នាំ២០២៣នេះ
ថ្ងៃសុក្រ ទី២៣ ខែមិថុនា ឆ្នាំ២០២៣

លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ បានប្រាប់ឱ្យដឹងថា គិតត្រឹមថ្ងៃព្រហស្បតិ៍ ៥កើត ខែ បឋមសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ ២០២៣នេះ កសិករខេត្ត បន្ទាយមានជ័យ សម្រេចបង្កបង្កើនផលដំណាំស្រូវវស្សា បានប្រមាណ ៨៤.៥ភាគរយ លើផែនការ ប្រចាំឆ្នាំ២៦ម៉ឺនហិកតា ក្នុងឆ្នាំ២០២៣នេះ។   ​លោកបានឱ្យដឹងទៀតថា ជាក់ស្តែងប្រជាកសិករនៅក្នុងស្រុកមង្គលបូរី បានបង្កើនផលស្រូវ ស្ទើរតែរួចរាល់ មានកន្លែងខ្លះត្រូវបានបាញ់ថ្នាំ ដាក់ជីជាបណ្តើរៗ ដែលមានរយៈពេលជិត១ខែ។ ក្នុងនោះ ភាគច្រើនត្រូវបានបង្កបង្កើនផលស្រូវ មិនប្រកាន់រដូវដូចជាស្រូវសែនក្រអូប និងស្រូវអ៊ីអ៊ែរ និងស្រូវស្រង៉ែ និងស្រូវកណ្តាល ​ដូចជា ស្រូវសូម៉ាលី, ម្លិះ, និងផ្ការំដួលជាដើម។   ​ ជាមួយនឹងលទ្ធផលដែលស​ម្រេចបាននៅពេលនេះលោក ប៉ាង វណ្ណាសេដ្ឋ បានបន្ថែមទៀត ថា សម្រាប់ចំនួននៅសេសសល់មិនទាន់បានបង្កបង្កើនផល មាននៅស្រុកស្វាយចេក, ស្រុកថ្មពួក និងស្រុកម៉ាឡៃ ជាតំបន់ដីមិនទាន់មានភ្លៀងធ្លាក់បានគ្រប់គ្រាន់នៅឡើយ។ លោកប្រធានមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ បានអះអាងទៀតថា ការបង្កបង្កើនផលស្រូវ នេះ បើប្រៀបធៀបឆ្នាំមុនក្នុងរយៈពេលដូចគ្នា ហាក់មានល្បឿនលឿនជាង ដោយមានភ្លៀងធ្លាក់ រាយប៉ាយនៅដើមដៃ។   ប្រជាកសិករនៅស្រុកមង្គលបូរីបានបញ្ជាក់ថា នៅក្នុងស្រុករបស់គាត់ ពេលបុណ្យចូលឆ្នាំខ្មែរ រួចរាល់មានភ្លៀងធ្លាក់ម្តងជាពីរដង ដែលបានបង្កឱ្យប្រជាកសិករ អាចមានលទ្ធភាពបានចាប់ផ្តើម ភ្ជួរដាស់ដីហាល ហើយព្រោះជាបណ្តើរៗ ។ តែអកុសលនៅដើមរដូវមានភ្លៀងតិចតួច ពេលស្រូវដុះ រាំងភ្លៀង មានកន្លែងខ្លះស្រូវទើបដុះ ត្រូវបានងាប់ភ្ជួរចោល ព្រោះថ្មី និងខ្លះទៀតនៅសល់ស្មៅដុះ ច្រើន តែពេលនេះភ្លៀងធ្លាក់ដោយកន្លែង ប្រជាកសិករខ្លះបាញ់ថ្នាំ បាចជី អាចរយៈពេល២ ទៅ៣ ខែទៀត នឹងប្រមូលផលស្រូវមិនប្រកាន់រដូវជាបណ្តើរៗ។ ជាមួយនេះដែរលោកប្រធានមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ បានក្រើនរម្លឹកដល់​ប្រជាកសិ ករទាំងអស់ គប្បីត្រូវរក្សាទឹកទុកក្នុងស្រែ ដើម្បីចិញ្ចឹមស្រូវឱ្យបានល្អ​ ​​សន្សំ​សំចៃ​​រក្សា​ទឹក​ទុក​សម្រាប់ ​ប្រើប្រាស់​ពេល​អាកាសធាតុ​រាំងស្ងួត​ ​ក្នុង​កូន​រដូវ​ប្រាំង​ឆ្នាំ​នេះ​។ ពោលគឺ​កុំ​ឱ្យ​មាន​ការ​បង្ហូរ​ទឹក​ចោល​ឱ្យ​សោះ​ ព្រោះ​កូន​រដូវ​ប្រាំង​ឆ្នាំ​នេះ​ អាចកើតឡើង និងអូសបន្លាយ​ពេល​យូរ​។ លោកប្រធានមន្ទីរកសិកម្ម ក៏បានអំពាវនាវដល់ប្រជាកសិករទាំងអស់ ត្រូវអនុវត្តន៍ការ​ងារ កសិកម្មឱ្យបានល្អ ទៅតាមបច្ចេកទេសថ្មី ដែលធន់នឹងការប្រែប្រួលអាកាសធាតុ ដើម្បីទទួលបាន ទិន្នផលខ្ពស់ ជាពិសេសត្រូវឧស្សាហ៍ចុះមើលស្រែ ចម្ការ ដើម្បីបង្ការ ការពារការបំផ្លាញពីសត្វល្អិត ផ្សេងៗ និងត្រូវប្រញាប់រាយការណ៍ទៅមន្ត្រីជំនាញកសិកម្ម ដើម្បីចុះអន្តរាគមន៍បានទាន់ពេលវេលា ប្រសិនបើមានបញ្ហាណាមួយកើតឡើង ៕ដោយ AKP