ប្រទេសទាំង ១០ ដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយអាកាសធាតុក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ​......

ថ្ងៃព្រហស្បតិ៍ ទី២២ ខែមិថុនា ឆ្នាំ២០២៣
1 នាក់

ប្រធានាធិបតី​បារាំង​លោក Emanuel Macron នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ទទួល​បណ្ដា​មេដឹកនាំ​ក្នុង​ពិភពលោក និង​ក្រុម​អ្នកជំនាញ​នៅ​ទីក្រុង​ប៉ារីស​នៅ​ថ្ងៃ​ព្រហស្បតិ៍ (២២ មិថុនា​)​នេះ និង​ថ្ងៃ​សុក្រ (២៣ មិថុនា​) សម្រាប់​កិច្ចប្រជុំ​កំពូល​អាកាសធាតុ​ដែលមាន​គោលបំណង​កំណត់​ផែនទី​បង្ហាញផ្លូវ​សម្រាប់​ការបន្ធូរបន្ថយ​បន្ទុក​បំណុល​របស់​បណ្ដា​ប្រទេស​ដែលមាន​ចំណូល​ទាប ខណៈដែល​ផ្ដល់​មូលនិធិ​បន្ថែមទៀត​សម្រាប់​ហិរញ្ញប្បទាន​អាកាសធាតុ​។​

 

​កិច្ចប្រជុំ​កំពូល​នេះ​នឹង​នាំមក​នូវ​មេដឹកនាំ​រាប់សិប​នាក់​ជួបជុំគ្នា​នៅក្នុង​រដ្ឋធានី​របស់​ប្រទេស​បារាំង​ដើម្បី​ស្វែងរក​ការ​ស្រប​មតិ​គ្នា​កម្រិត​កំពូល​លើ​មធ្យោបាយ​ជំរុញ​ជំហាន​រីកចម្រើន​នៃ​គំនិត​ផ្តួចផ្តើម​មួយចំនួន ដែល​កំពុង​ព្យាយាម​ដោះស្រាយ​នៅក្នុង​ស្ថាប័ន​នានា​ដូចជា ក្រុម​ប្រទេស​ទាំង​២០ (G20) មូលនិធិ​រូបិយវត្ថុ​ឣ​ន្ត​រ​ជាតិ​ឬ​IMF ធនាគារពិភពលោក និង​អង្គការសហប្រជាជាតិ ព្រមទាំង​បណ្ដា​ឥស្សរជន​មកពី​ប្រទេស​នានា​ដែល​រងគ្រោះ​យ៉ាងធ្ងន់ធ្ងរ​ដោយសារ​បញ្ហា​អាកាសធាតុ​ក្ដៅ​ខ្លាំង និង​បម្រែបម្រួល​អាកាសធាតុ​។​

 

​ស​ន្ទ​ស្សន៍​ហានិភ័យ​អាកាសធាតុ​សកល​ឆ្នាំ ២០២១ ពី​ក្រុម​ស្រាវជ្រាវ​អាកាសធាតុ​អាល្លឺម៉ង់ Germanwatch បាន​បង្ហាញថា​ដែនដី​ពើ​តូ​រី​កូ និង​សហភាព​មី​យ៉ាន់​ម៉ា ដែល​រង​ផលប៉ះពាល់​ខ្លាំង​បំផុត​ដោយ​ព្រឹត្តិការណ៍​អាកាសធាតុ​ធ្ងន់ធ្ងរ​ចាប់ពី​ឆ្នាំ ២០០០ ដល់​ឆ្នាំ ២០១៩ បន្ទាប់មក​គឺ​ប្រទេស​ហៃ​ទី ហ្វីលីពីន ម៉ូ​ហ្សំ​ប៊ិក បា​ហា​ម៉ាស បង់​ក្លា​ដែ​ស ប៉ា​គី​ស្ថាន ថៃ និង​នេ​ប៉ាល់​។

 

​រាប់​ចាប់ពី​ការបន្ធូរបន្ថយ​បំណុល រហូតដល់​ហិរញ្ញវត្ថុ​អាកាសធាតុ ប្រធានបទ​ជាច្រើន​នៅលើ​របៀបវារៈ​ទាំងនោះ លើកយក​ការផ្ដល់​យោបល់​ពី​ក្រុម​ប្រទេស​កំពុងអភិវឌ្ឍន៍​ដែល​ដឹកនាំ​ដោយ​នាយករដ្ឋមន្ត្រី​ប្រទេស​បា​បា​ដូ លោកស្រី Mia Mottley ដែល​ត្រូវបាន​គេ​ហៅថា '​គិ​និ​ត​ផ្ដួចផ្ដើម​ហិរញ្ញប្បទាន​អាកាសធាតុ Bridgetown' ។​

 

​ទោះបីជា​ការសម្រេច​មាន​ចំណង​ផ្លូវច្បាប់​មួយ​មិន​ត្រូវបាន​គេ​រំពឹងទុក​ក៏ដោយ ក៏​ក្រុមមន្ត្រី​ដែល​ពាក់ព័ន្ធ​នៅក្នុង​ផែនការ​នៃ​កិច្ចប្រជុំ​កំពូល បាន​និយាយថា ការប្តេជ្ញាចិត្ត​ដ៏​ខ្លាំងក្លា​មួយចំនួន​គួរតែ​ត្រូវបាន​ធ្វើឡើង​ស្តីពី​ការផ្តល់​ហិរញ្ញប្បទាន​ដល់​បណ្ដា​ប្រទេស​ក្រីក្រ​៕