ផ្ទះជាអំណោយប្រកបដោយទឹកចិត្តសម្បុរសធម៌របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបាន នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ចុះទៅប្រគល់ជូនដោយផ្ទាល់

ថ្ងៃសៅរ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២៣
140 នាក់

(ត្បូងឃ្មុំ)៖ នារសៀល ថ្ងៃសុក្រ ៦កើត ខែបឋមាសាល ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញប្រគល់ផ្ទះចំនួន១៥៦ខ្នង ពូជដំណាំហូបផ្លែ និងគ្រាប់ពូជបន្លែ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ នាយករដ្ឋមន្ដ្រី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជូនដល់សមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ស្ថិតនៅឃុំត្រពាំងផ្លុង ឃុំរូង ឃុំទ្រាក និងឃុំចាន់មូល ខេត្តត្បូងឃ្មុំ។

 

ក្នុងពិធីនេះផងដែរក៏មានការចូលរួមពី ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងដែនដី នគររូបនីយកម្ម និងសំណង់, ក្រសួងការពារជាតិ ,ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន, ក្រសួងធនធានទឹក និងឧត្តុនិយម និងមន្ទីរពាក់ពន័្ធនានាក្នុងខេត្ត។

ផ្ទះជាអំណោយប្រកបដោយទឹកចិត្តសម្បុរសធម៌របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានលោកទេសរដ្ឋមន្ត្រី គន់ គីម ចុះទៅប្រគល់ជូនដោយផ្ទាល់កាលរសៀលនេះ។ 

 

នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម បានលេីកឡេីងពីការយកចិត្តទុកដាក់របស់សម្តេចទាំងទ្វេលេីសុខទុក្ខ និងជីវភាពប្រចាំថ្ងៃរបស់សមាជិកអតីតយុទ្ធជនកម្ពុជា។

 

លោកទេសរដ្ឋមន្ត្រី ក៏បានជំរុញក្រុមគ្រួសារដែលទទួលបានផ្ទះពីសម្តេចត្រូវចេះថែទាំ និងត្រូវខិតខំប្រកបរបរចិញ្ចឹមជីវិត លេីកស្ទួយជីវភាពរស់នៅឱ្យកាន់តែប្រសើរ។

 

ក្នុងឱកាសនោះដែរលោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានរំលឹកដល់ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជាខេត្តត្បូងឃ្មុំ ត្រូវគ្រប់គ្រងសមាជិក ស.អ.ក ដែលរស់នៅក្នុងមូលដ្ឋានរបស់ខ្លួន។ ពេលពួកគាត់មានបញ្ហាអ្វីមួយត្រូវជួយដោះស្រាយឱ្យទាន់ពេលវេលា និងបានជំរុញឱ្យបេីកប្រាក់ បេឡាមរណៈ សង្គ្រោះ ឱ្យបានទាន់ពេលវេលា ។

 

អតីតយុទ្ធជន ដែលទទួលបានផ្ទះនាពេលនេះ បានគោរពថ្លែងអំណរគុណសម្តេចទាំងពីរ ដែលផ្ដល់ផ្ទះជូនពួកគាត់ ធ្វេីឱ្យជីវភាពរស់នៅរបស់ពួកគាត់មានលំនឹង និងបានគោរពជូនពរឱ្យសម្តេចទាំងពីរ និងក្រុមគ្រួសារមានសុខភាពល្អបរិបូរណ៍កម្លាំងពលំខ្លាំងក្លាដឹកនាំនាវាកម្ពុជាកាន់តែរីកចម្រើន៕