អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ចំនួន ៥៣៦នាក់ ក្នុងស្រុកស្ទឹងត្រង់ និងស្រុកចំការលើ ខេត្តកំពង់ចាម ត្រូវបានបំពាក់គ្រឿងឥស្សរិយយសការពារជាតិដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា
(កំពង់ចាម)៖ នាព្រឹកថ្ងៃសៅរ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២៣ អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ចំនួន ៥៣៦នាក់ ក្នុងស្រុកស្ទឹងត្រង់ និងស្រុកចំការលើ ខេត្តកំពង់ចាម ត្រូវបានបំពាក់គ្រឿងឥស្សរិយយសការពារជាតិដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា។
ការបំពាក់គ្រឿងឥស្សរិយយសនេះ ធ្វើឡើងនាឱកាសដែល ឯកឧត្តមទេសរដ្ឋមន្រ្តី អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១៦ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០២៣ និងបំពាក់គ្រឿងឥស្សរិយយស ការពារជាតិ ជូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ស្រុកស្ទឹងត្រង់ និងស្រុកចំការលើ ខេត្តកំពង់ចាម និងមានការអញ្ជើញចូលរួមពី ឯកឧត្តម អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម តំណាង ឯកឧត្តមអភិបាលខេត្ត ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ចាម, ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក, លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តកំពង់ចាម, លោកប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាស្រុក, លោក លោកស្រី គណៈអភិបាលស្រុក ប្រធានការិយាល័យជុំវិញស្រុក ក្រុមការងារយុវជនស្រុក នាយប៉ុស្តិ៍រដ្ឋបាលឃុំ, លោក លោកស្រី អតីតយុទ្ធជន និង លោក លោកស្រី កងកម្លាំងប្រដាប់អាវុធ ទាំង៣ប្រភេទ។
ក្នុងឱកាសនោះ ឯកឧត្តម កិត្តិសង្គហបណ្ឌិត បានពាំនាំនូវការផ្ដាំផ្ញើការសួរសុខទុក្ខសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនអតីតយុទ្ធជន និងក្រុមគ្រួសារទាំងអស់ ដែលសម្ដេចទាំងពីរតែងតែគិតគូរអំពីសុខទុក្ខរបស់អតីយុទ្ធជនក្នុងទឹកដីស្រុកកំណើតរបស់សម្តេច តេជោ។
ជាមួយគ្នានេះ ឯកឧត្តម បានថ្លែងអបអរសាទរដល់ អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនទាំង ៥៣៦នាក់ ដែលត្រូវបានបំពាក់គ្រឿងឥស្សរិយយសការពារជាតិ ដែលនេះបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល និងការដឹងគុណចំពោះអតីតយុទ្ធជន និវត្តន៍ជនទាំងអស់ ដែលបានតស៊ូ លះបង់គ្រប់បែបយ៉ាង ដើម្បីនាំមកនូវសុខសន្តិភាព ស្ថេរភាព និងវឌ្ឍនភាពសង្គម ។
ឯកឧត្តម កិត្តិសង្គហបណ្ឌិត បន្តថា មានបងប្អូនអតីតយុទ្ធជន ទើបមានសន្តិភាព, សន្តិភាពនេះហើយ ដែលធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍលើគ្រប់វិស័យ ព្រមទាំងទទួលបានសមិទ្ធផល និងជោយជ័យជូនជាតិមាតុភូមិជាបន្តបន្ទាប់ដូចសព្វថ្ងៃនេះ។ អាស្រ័យហេតុនេះ យើងទាំងអស់គ្នាត្រូវប្តេជ្ញាចិត្តចូលរួមក្នុងការការពារសន្តិភាពឱ្យរឹងមាំស្ថិតស្ថេរគង់វង្សជានិច្ច តាមរយៈការទៅចូលរួមបោះឆ្នោតនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឱ្យបានគ្រប់ៗគ្នា ហើយត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមាន លេខរៀងទី១៨ និងមានរូបសញ្ញាទេវតាបាចផ្កាជាសម្គាល់ ដើម្បីរក្សាសុខសន្តិភាព ការអភិវឌ្ឍ និងភាពរីកចម្រើនបន្តទៀត។ ទន្ទឹមនឹងនេះ ឯកឧត្តម កិត្តិសង្គហបណ្ឌិត បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះសារនយោបាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ គឺ “អរគុណសន្តិភាព” ដែលមានតម្លៃមិនសាបសូន្យ និងបានធ្វើការគាំទ្រយ៉ាងពេញទំហឹង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា និងគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់ពេលអនាគត។
នៅកិច្ចបញ្ចប់ ឯកឧត្តម កិត្តិសង្គហ បានអំពាវនាវដល់បងប្អូនអតីតយុទ្ធជនទាំងអស់ ឱ្យបន្តរក្សាស្មារតី វីរភាពដ៏ឧត្តុង្គឧត្តម និងសេចក្តីថ្លៃថ្នូរជាប្រជាពលរដ្ឋល្អឆ្នើមរបស់ជាតិមាតុភូមិ ដើម្បីបន្តធ្វើជាគំរូល្អ ក្នុងសង្គមជាតិ និងកូនចៅជំនាន់ក្រោយ និងអំពាវនាវដល់ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនស្រុក ត្រូវបន្តធ្វើនូវអំពើល្អ និងត្រូវបន្តការចុះសួរសុខទុក្ខដើម្បីស្វែងយល់ពីស្ថានភាពជីវភាព សុខភាព និងខិតខំឱ្យអស់ពីកម្លាំងកាយចិត្ត ដោះស្រាយរាល់ទុក្ខលំបាកពួកគាត់ ពេលមានបញ្ហាឱ្យទាន់ពេលវេលា។
សូមជម្រាបជូនថា ក្នុងឱកាសនេះ ឯកឧត្តម កិត្តិសង្គហបណ្ឌិត ក៏បានឧបត្ថម្ភនូវថវិកាដែល ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និង ឯកឧត្តម ហ៊ុន ម៉ានិត ជូនបងប្អូនអតីតយុទ្ធជន ចំនួន ៥៣៦នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ១០ម៉ឺនរៀល៕