ថ្នាក់ដឹកនាំគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចូលរួមក្នុងកម្មវិធីទស្សកិច្ចសិក្សា និងសិក្ខាសាលាភាពជាដៃគូរ«រវាងទីក្រុងនិងទីក្រុង»នៅសាធារណរដ្ឋប្រជាមានិតចិន

ថ្ងៃសុក្រ ទី៣០ ខែមិថុនា ឆ្នាំ២០២៣
20 នាក់

(ណាននីង, ចិន)៖ ឯកឧត្តម គីម វីរៈ អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាង ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដឹកនាំគណៈប្រតិភូចូលរួមក្នុងកម្មវិធីទស្សកិច្ចសិក្សា និងសិក្ខាសាលាភាពជាដៃគូរ «រវាងទីក្រុងនិងទីក្រុង» ស្តីពីការពង្រឹងការគ្រប់គ្រងគ្រោះអាសន្ននិងការអភិវឌ្ឍន៍ទីក្រុងប្រកបដោយភាពធន់រវាងសាធារណរដ្ឋប្រជាមានិតចិន និង ព្រះរាជាណាចក្រកម្ពុជា ដែលសហការរៀបចំដោយធនាគារអភិវឌ្ឍន៍អាស៊ី(ADB) និងក្រសួងគ្រប់គ្រងគ្រោះអាសន្ន នៃ​សាធារណ​រដ្ឋប្រជាមានិតចិន ប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ នៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី នៃសាធារណៈរដ្ឋប្រជាមានិតចិន។

 

ក្នុងសិក្ខាសាលានេះបានការចូលរួមពី លោក Xu Yongke អភិបាលរងតំបន់ស្វយ័តក្វាងស៊ី, តំណាង ធនាគារអភិវឌ្ឍន៍អាស៊ី(ADB), តំណាងអង្គការអន្តរជាតិ ,វិស័យឯកជន ,មន្ត្រីរបស់ក្រសួងគ្រប់គ្រងគ្រោះអាសន្ន នៃសាធារណៈរដ្ឋប្រជាមានិតចិន និងមន្ត្រីជាន់ខ្ពស់នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយមួយចំនួនទៀត។

 

កម្មវិធីទស្សកិច្ចសិក្សា និងសិក្ខាសាលាភាពជាដៃគូរ «រវាងទីក្រុងនិងទីក្រុង»ក្នុងគោលបំណងពង្រឹងភាពជាដៃគូកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងជាវេទិកាសម្រាប់ការផ្លាស់ប្តូរគំនិតស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ និងវិស័យផ្សេងៗទៀតដែលមានផលប្រយោជន៍ទៅវិញទៅមក។

 

តាមរយៈទស្សនកិច្ចសិក្សា និងសិក្ខាសាលានេះ បានរឹតចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការការងារ ក្នុងការរួមគ្នាគ្រប់គ្រង នឹងដោះស្រាយវិបត្តគ្រោះមហន្តរាយ ទាំងនៅក្នុងតំបន់ ដើម្បីជាឧត្តមប្រយោជន៍ ផ្តល់ភាពសុខដុមរនា ដល់ប្រជាជន។ លើសពីនេះ វេទិកានឹងស្វែងយល់ពីរបៀបពង្រឹងការដឹកនាំគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ និងរបៀបបង្កើតប្រព័ន្ធកាន់តែរឹងមាំ ក្នុងការគ្រប់គ្រងហានិភ័យគ្រប់ប្រភេទ រវាងទីក្រុង និងទីក្រុង ក្នុងតំបន់អាស៊ាន ។