ឯកឧត្តម គន់ គីម៖ ប៉ុន្មានថ្ងៃចុងក្រោយនេះខេត្តចំនួន៩ ជួបបញ្ហាជំនន់ទឹកភ្លៀងតែមិនធ្ងន់ធ្ងរ
ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្ត្រីកិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានថ្លែងថា នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានគ្រោះទឹកជំនន់ដោយសារទឹកភ្លៀងកើតឡើង ក្នុងខេត្តចំនួន៩ ប៉ុន្តែគ្មានផលប៉ះពាល់ និងខូចខាតធ្ងន់ធ្ងរនោះទេ។
ឯកឧត្តមទេសរដ្ឋមន្ត្រី មានប្រសាសន៍ប្រាប់ BTV នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣នេះថា ខេត្តជួបបញ្ហាជំនន់ទឹកភ្លៀង មានខេត្តកំពង់ស្ពឺ កោះកុង កែប កំពត ព្រះសីហនុ មណ្ឌលគិរី រតនគិរី ព្រះវិហារ និងសៀមរាប មានស្លាប់នៅកំពត ដោយសារទៅបោះតង់កន្លែងប្រឈមទឹកជន់ខ្លាំង ។
ឆ្លើយតបនឹងបញ្ហានេះ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ជាតិ និងខេត្តបានចាត់មន្ត្រីចុះពិនិត្យ ចែកជំនួយនៅទីតាំងខ្លះ និងតាមដានសភាពការណ៍ជាប្រចាំ ។
ឯកឧត្តម បានបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១ ខែសីហានេះ ទឹកបានស្រកទៅវិញនៅខេត្តជាច្រើន នៅតែស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ និងស្ទឹងព្រែកត្នោត ខេត្តកំពង់ស្ពឺ ដែលទឹកនៅទ្រឹង និងកន្លែងខ្លះទៀត ចាប់ផ្តើមស្រកវិញ ហើយតាមការព្យាករណ៍នឹងមិនមានភ្លៀងច្រើនទៀតទេ ។
គួរបញ្ជាក់ថា នារយៈពេលប៉ុន្មានថ្ងៃនេះ ជំនន់ទឹកភ្លៀង បានប៉ះពាល់ប្រជាពលរដ្ឋជាច្រើនពាន់គ្រួសារ លិចលង់ផ្ទះមួយចំនួន ហើយតំបន់ខ្លះក៏មានការជម្លៀសពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាពផងដែរ ៕ អត្ថបទ បាន សុខរិទ្ធិ