ឯកឧត្តម គន់ គីម ជំរុញមន្ត្រីតាមដានស្ថានភាព បង្កពីឥទិ្ធពលអាកាសធាតុអែលនីណូ
ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្ត្រីកិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានជំរុញទៅមន្ត្រីក្រោមឱវាទ ត្រូវតាមដានស្ថានភាព ដែលបង្កពីឥទ្ធិពលអាកាសធាតុអែលនីណូ ធ្វើឲ្យបណ្ដាខេត្តមួយចំនួន ជួបគ្រោះរាំងស្ងួត ។
ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ គ្រប់គ្រងគ្រោះមហន្តរាយ ក្នុងខែកក្កដា និងទិសដៅបន្តខែសីហា ឆ្នាំ២០២៣ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម មានប្រសាសន៍ថា បន្ទាប់ពីព្យុះទី៤ បានអស់ឥទិ្ធពលមិនបង្កឱ្យមានភ្លៀងធ្លាក់ច្រើន នៅអាងទន្លេមេគង្គលើ ហើយក៏បានឱ្យទឹកទន្លេមេគង្គមានការកើនឡើងបន្តិចបន្តួច ដែលក្នុងនេះគិតត្រឹមថ្ងៃទី២៥ ខែកក្កដា នៅគ្រប់ស្ថានីយជលសាស្ត្រកម្ពស់ទឹកមានកម្រិតទាប ជាងឆ្នាំ២០២២ និងកម្ពស់ទឹកមធ្យមច្រើនឆ្នាំ ។
ឯកឧត្តម បានបន្តថា យោងតាមស្ថានភាពអាកាសធាតុ ដែលត្រូវបានព្យាករណ៍ ស្ថានភាពទឹកជំនន់ ទន្លេមេគង្គ ជាប្រភេទជំនន់តូចមិនបង្កផលប៉ះពាល់ធ្ងន់ធ្ងរឡើយ ហើយអាចនឹងមានការជន់លិច តែនៅតាមតំបន់ទំនាប តាមដងទន្លេប៉ុណ្ណោះ ចំពោះជំនន់ទឹកភ្លៀង អាចនឹងកើតមានដោយកន្លែង ក្នុងរយៈពេលខ្លី និងមិនមានលក្ខណៈធ្ងន់ធ្ងរទេ ដោយសារតែឥទិ្ធពលអាកាសធាតុអែលនីណូ ដែលមានភ្លៀងតិច ។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានជំរុញមន្រ្តីក្រោមឱវាទត្រូវបន្ត សហការ និងចូលរួមជាមួយលេខាធិការដ្ឋាន គ្រប់គ្រងគ្រោះមហន្តរាយនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងធនធានទឹក និងឧតុនិយម ពិនិត្យតាមដានស្ថានភាពគ្រោះរាំងស្ងួត នៅតាមមូលដ្ឋានសហគមន៍ងាយរងគ្រោះ ។
ឯកឧត្តម គន់ គីម បានជំរុញទៅមន្ត្រីពង្រឹងសមត្ថភាព និងលទ្ធភាព ក្នុងការឆ្លើយតបសង្គ្រោះបន្ទាន់ និងស្តារឡើងវិញ ក្នុងហេតុការណ៍គ្រោះមហន្តរាយ ក្រោមកិច្ចសហប្រតិបត្តិការជាមួយកងប្រតិបត្តិការ រុករក និងសង្គ្រោះទាំង១៦កង ប្រព័ន្ធស្បៀងបម្រុងកម្ពុជា កាកបាទក្រហមកម្ពុជា និងអង្គការដៃគូ រួមទាំងរៀបចំផែនការសកម្មភាពជាតិ សម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ២០២៤-២០២៨ ។
គួរបញ្ជាក់ថា រយៈពេល៧ខែ ឆ្នាំ២០២៣នេះ ខ្យល់កន្ត្រាក់កើតឡើងចំនួន ២២១ លើក ក្នុងនោះផ្ទះរលំ ៨៨០ ខ្នង, ផ្ទះរបើក ជាង១២ ០០០ខ្នង, ប៉ះពាល់សាលារៀន ៨៧ខ្នង, តូប/ផ្សារ ៧៧តូប, អាគាររដ្ឋបាល ៣៨ កន្លែង, មនុស្សស្លាប់ ៨នាក់ និងរបួស ១៤៥នាក់ ។ ចំណែកបញ្ហាអគ្គិភ័យ កើតឡើងចំនួន ៣៩០លើក ខូចខាតផ្ទះ ៤២៧ខ្នង, តូប/ផ្សារ៦១, ឃ្លាំងទំនិញ៨,សាលារៀន ១ខ្នង, រោងចក្រ/សិប្បកម្ម ៨ កន្លែង, អាគាររដ្ឋបាល ៧កន្លែង, ចម្ការ/ព្រៃ ១៧កន្លែង, មនុស្សស្លាប់ ២៣នាក់ និងរបួស ២៧នាក់ ។ ដោយឡែក គ្រោះថ្នាក់រន្ទះកើតឡើង ១០០លើក ប៉ះពាល់ផ្ទះចំនួន ៧ខ្នង បណ្ដាលឲ្យមនុស្សស្លាប់ ៥៩នាក់ មនុស្សរបួស ៤៥ នាក់ និងគោ/ក្របីងាប់ចំនួន ៨៧ក្បាល ៕អត្ថបទ បាន សុខរិទ្ធិ