ពលរដ្ឋ ៣៧គ្រួសារ ជួបគ្រោះជំនន់ទឹកភ្លៀងនៅឃុំឬស្សីជ្រុំ ទទួលអំណោយពីកាកបាទក្រហមកម្ពុជាខេត្តកោះកុង
កោះកុង៖ ប្រជាពលរដ្ឋចំនួន ៣៧គ្រួសារ រស់នៅក្នុងឃុំឬស្សីជ្រុំ ស្រុកថ្មបាំង បានទទួលអំណោយសប្បុរសធម៌ពីកាកបាទក្រហមកម្ពុជាខេត្តកោះកុង បន្ទាប់ពីរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង២ទៅ៣ថ្ងៃមកនេះ។
លោកស្រី អ៊ី នារីនេត អភិបាលរងខេត្តកោះកុង បានឱ្យដឹងនៅរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ថា ក្រោយទទួលដំណឹងពីប្រជាពលរដ្ឋរស់នៅភូមិត្រពាំងឈើត្រាវ និងភូមិគគីរជ្រុំ ជួបគ្រោះទឹកជំនន់លិចផ្ទះសម្បែង និងដីស្រែចំការ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជាខេត្តកោះកុង បានដឹកនាំក្រុមការងារចុះចែកអំណោយជូនពលរដ្ឋដោយមិនឱ្យពលរដ្ឋណាម្នាក់ស្លាប់ព្រោះអាហារហូបនោះទេ។
លោកស្រីអភិបាលរងខេត្ត បន្ថែមថា លោកជំទាវ មិថុនា ភូថង ក៏បានសម្តែងការសោកស្តាយចំពោះការគ្រោះធម្មជាតិនៅពេលនេះ ដោយអំពាវនាវដល់ពលរដ្ឋចូលរួមបង្កើនការប្រុងប្រយ័ត្នបន្ត ករណីមានគ្រោះអាសន្នណាសូមប្រញាប់រាយការណ៍មកកាន់អាជ្ញាធរមូលដ្ឋានដែលក្បែរខ្លួន។
ទន្ទឹមនោះលោកជំទាវ មិថុនា ភូថង ពាំនាំនូវមតិសួរសុខទុក្ខរបស់សម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់ពីគ្រោះលំបាករបស់ពលរដ្ឋគ្រប់រូប មិនថាតែគ្រោះថ្នាក់អ្វីឡើយគឺដោះស្រាយជានិច្ច។
គួរកត់សម្កាល់ថា ឃុំឬស្សីជ្រុម ស្រុកថ្មបាំងវ ប៉ុន្មានថ្ងៃមកនេះ បានជួបគ្រោះទឹកជំនន់ពីជ្រលងភ្នំបង្កឱ្យលិចលង់ផ្ទះសម្បែងពលរដ្ឋជាង ៣៧ខ្នង និងដីស្រែចម្ការចំនួន ២០ហិកតា ស្ថិតនៅភូមិត្រពាំងឈើត្រាវ និងភូមិគគីរជ្រុំ ព្រោះតែបរិមាណទឹកភ្លៀងច្រើនហូរពីជ្រលងភ្នំបង្កឲ្យឡើងជន់លិចតាមស្ទឹងរួចហក់ឡើងលិចក្នុងមូលដ្ឋានតែម្ដង។
ជាក់ស្តែង ប្រជាពលរដ្ឋទាំង ៣៧គ្រួសារខាងលើ ត្រូវបានជម្លៀសមករកទីសុវត្ថិភាពដោយឲ្យពួកគាត់ស្នាក់នៅជាបណ្ដោះអាសន្ននៅវត្តសិលាមុន្នីគីរីរង្សី(ហៅវត្តលើ) ឃុំឫស្សីជ្រុំ ស្រុកថ្មបាំង។ ចំពោះបណ្ដាក្រុងស្រុកផ្សេងមិនចោទបញ្ហានោះទេ៕ អត្តបទ៖ ឈឹម មករា