ជំនន់ទឹកភ្លៀងខេត្តកំពង់ស្ពឺប៉ះពាល់ស្រុកចំនួន២ ពលរដ្ឋរងផលប៉ះពាល់ចំនួន ៣៤៩ គ្រួសារ
កំពង់ស្ពឺ៖ជំនន់ទឹកភ្លៀងក្នុងខេត្តកំពង់ស្ពឺ គិតត្រឹមថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៣នេះ បានបង្កផលប៉ះពាល់ដល់ស្រុកចំនួន ២ គឺស្រុកភ្នំស្រួច និងស្រុកបសេដ្ឋ បង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន ៣៤៩ គ្រួសារ ក្នុងនោះគ្រួសារដែលត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាពមាន ចំនួន ១២៣ គ្រួសារ ប៉ះពាល់ស្រូវចំនួន ៧០៧ ហិកតា ក្នុងនោះស្រុកបសេដ្ឋ ចំនួន ១០៨ ហិកតា។ នេះបើតាមអ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
ឯកឧត្ដម សុទ្ធ គឹមកុលមុន្នី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានថ្លែងប្រាប់ BTV នារសៀលថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៣នេះ ជំនន់ទឹកភ្លៀងគិតត្រឹមថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០២៣ នៅក្នុងភូមិសាស្ត្រ ខេត្តកំពង់ស្ពឺ បានកើតឡើងនៅក្នុងស្រុកចំនួន ២ នៃខេត្តកំពង់ស្ពឺ គឺស្រុកភ្នំស្រួច និងស្រុកបសេដ្ឋ ក្នុងនោះឃុំដែលរងផលប៉ះពាល់មានចំនួន ១៣ ឃុំ និង ៣៧ ភូមិ។
ឯកឧត្ដមថ្លែងថា ស្រុកភ្នំស្រួច ប៉ះពាល់ចំនួន ៩ ឃុំ ស្មើនឹង ២៦ ភូមិ និងស្រុកបសេដ្ឋ ប៉ះពាល់ ៤ ឃុំ ស្មើនឹង ១១ ភូមិ។ ទឹកជំនន់បានបង្កឱ្យ ប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន ៣៤៩ ខ្នង (គ្រួសារ) (”ស្រុកបសេដ្ឋ ចំនួន ៤២ ខ្នង ”) ក្នុងនោះគ្រួសារដែលត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាពមាន ចំនួន ១២៣ គ្រួសារ ប៉ះពាល់ស្រូវចំនួន ៧០៧ ហ.ត ("ស្រុកបសេដ្ឋ ចំនួន ១០៨ ហ.ត ”)។
បើតាមឯកឧត្ដមអ្នកនាំពាក្យ ដំណាំរួមផ្សំចំនួន ១០៨ ហិកតា ប៉ះពាល់ផ្លូវប្រវែង ២ ៩៥០ ម៉ែត្រ (" ស្រុកបសេដ្ឋ ប្រវែង ៦០០ ម៉ែត្រ ”) ក្នុងនោះដាច់ផ្លូវប្រវែង ១ ៤៥៥ ម៉ែត្រ (” ស្រុក បសេដ្ឋ ប្រវែង ៥០ ម៉ែត្រ ”) ព្រោះខ្នង ទំនប់ចំនួន ០៦ កន្លែង ក្នុងនោះដាច់ខ្នង ទំនប់ប្រវែង ៥០ ម៉ែត្រ និងព្រោះលូចំនួន ០៤ កន្លែង (” ស្រុកបសេដ្ឋ ”)៕ ដោយ ៖ ដារ៉ា