ព្យុះទីហ្វុង Khanunបោកបក់លើតំបន់ភាគនិរតីប្រទេសជប៉ុន បណ្តាលឲ្យលែងមានការហោះហើរ និងបិទធុរកិច្ច
ជប៉ុន ៖ ព្យុះទីហ្វុងដ៏ខ្លាំងក្លា Khanun កំពុងបោកបក់ឆ្ពោះទៅកាន់កោះភាគនិរតី Okinawa ប្រទេសជប៉ុននៅថ្ងៃអង្គារនេះ ដោយនាំមកជាមួយខ្យល់បក់ខ្លាំង និងរលកកសមុទ្រធំៗ ហើយនិងបង្ខំឲ្យសេវាកម្មដឹកជញ្ជូនបញ្ឈប់ប្រតិបត្តិការរបស់ខ្លួន ហើយហាងលក់ទំនិញ បានបិទទ្វារ ។
ទីភ្នាក់ងារឧតុនិយមជប៉ុន បានរាយការណ៍ថា នៅព្រឹកថ្ងៃអង្គារនេះ ព្យុះរំកិលយឺតៗ Khanunដែលមានន័យថាផ្លែខ្នុរក្នុងភាសាថៃ កំពុងធ្វើដំណើរឆ្ពោះទៅទិសពាយ័ព្យក្នុងល្បឿន ២០គ.មក្នុង១ម៉ោង ក្នុងនោះមុខកាត់ព្យុះ មានសន្ទុះខ្យល់បក់ ១៦២គ.មក្នុង១ម៉ោង ។ ព្យុះនេះដែរ ស្ថិតក្នុងសមុទ្រនៅតំបន់ភាគអាគ្នេយ៍កោះ Okinawa ។
ការិយាល័យក្រុង Nahaនៃខេត្ត Okinawa ត្រូវបានបិទទ្វារនៅថ្ងៃអង្គារនេះ ដោយសារតែខ្យល់បក់ខ្លាំង ស្របពេលដែលផ្សារទំនើប ត្រូវបានបិទទ្វារដូចគ្នា ឬប្រតិបត្តិការរយៈពេលខ្លី ។ មនុស្ស ២ម៉ឺននាក់ ត្រូវបានជម្លៀសខ្លួនផងដែរនៅក្នុងទីក្រុងមួយនេះ មុនការមកដល់របស់ព្យុះ ។
រូបភាពវីដេអូឃ្លីបពីទូរទស្សន៍ជាតិ NHK ឃើញដើមឈើបាក់នៅតាមផ្លូវនៅក្នុងទីក្រុង Nahaប៉ុន្តែពុំទាន់មានសេចក្តីរាយការណ៍ពីគ្រោះថ្នាក់នោះទេ ។
ជើងហោះហើរជាង ៩០០វ៉ុលចេញ-ចូលអាកាសយានដ្ឋានក្រុង Naha ដែលរួមទាំងជើងហោះហើរអន្តរជាតិរាប់សិបវ៉ុលតភ្ជាប់ជាមួយទីក្រុងសេអ៊ូល ហុងកុង តៃប៉ិ និងទីក្រុងសៀងហៃ ត្រូវបានលុបចោល ។ នេះបើយោងតាមការអះអាងឲ្យដឹងពីអាកាសយានដ្ឋានអន្តរជាតិមួយនេះ ។
ដោយឡែក ការដឹកជញ្ជូនសាធារណៈនៅខេត្ត Okinawaរួមទាំងប្រព័ន្ធដឹកជញ្ជូនតាមរថយន្តក្រុង និងរថភ្លើង ក្នុងទីក្រុង Noha ហើយនិងនាវាចម្លងតភ្ជាប់ខេត្ត Okinawa និងកោះក្បែរៗនោះ ត្រូវបានផ្អាកសេវាកម្ម ។
ភ្នាក់ងារឧតុនិយមជប៉ុន រាយការណ៍ទៀតថា ព្យុះទីហ្វុង Khanunនឹងបន្តធ្វើដំណើរទៅទិសខាងលិច ងាកចេញពីពីប្រជុំកោះធំរបស់ជប៉ុន ក្រោយបោកបក់ឆ្លងកាត់កោះ Okinawa នៅថ្ងៃអង្គារ ពេលដែលគេរំពឹងថា វានឹងនាំមកជាមួយព្យុះភ្លៀង និងរលកសមុទ្រធំៗកម្ពស់រហូតដល់ ១២ម៉ែត្រ ។
ពួកគេបន្តថា ទឹកភ្លៀងកម្ពស់ ១៨សង់ទីម៉ែត្រ ត្រូវបានគេរំពឹងថាកើតមាននៅលើកោះ Okinawaក្នុងរយៈពេល ២៤ម៉ោងក្រោយ ៕