ព្យុះទីហ្វុង Khanun ផ្តាច់ជីវិតបុរសម្នាក់ និងកាត់ផ្តាច់ចរន្តអគ្គិសនី ១ភាគ៣នៃកោះ Okinawa របស់ជប៉ុន (Video inside)
(តូក្យូ)៖ ខ្យល់ខ្លាំងបានកាត់ផ្តាច់ចរន្តអគ្គិសនីសម្រាប់ពលរដ្ឋជាង ២០០,០០០គ្រួសារ នៅតំបន់ទេសចរណ៍ដ៏ពេញនិយម គឺប្រជុំកោះអូគីណាវ៉ា នៅព្រឹក ថ្ងៃពុធនេះ (ម៉ោងក្នុងតំបន់) ខណៈព្យុះទីហ្វុងខានុន (Khanun) បោកបក់ទៅក្បែរកោះភាគនិរតីរបស់ប្រទេសជប៉ុន។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២ ខែសីហា ឆ្នាំ២០២៣។
គិតមកទល់ពេលនេះ មានអ្នកស្លាប់ម្នាក់ និងរបួស ១១នាក់ហើយ។ ទីភ្នាក់ងារឧតុនិយមជប៉ុន បានរាយការណ៍ថា មនុស្សជិត ៧០០,០០០នាក់នៅក្នុងតំបន់ កោះអូគីណាវ៉ា ស្ថិតភាគនិរតីនៃរដ្ឋធានីតូក្យូ ត្រូវបានណែនាំឲ្យជម្លៀសចេញ ដោយព្យុះនេះបានផ្លាស់ទីទៅភាគពាយព្យក្នុងល្បឿន ១០គីឡូម៉ែត្រ ក្នុងមួយម៉ោង។
Okinawa Electric Power ដែលជាក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនីក្នុងតំបន់ បានឲ្យដឹងថា គ្រួសារចំនួន ២១២,៥៣០ ឬប្រហែល ៣៤ភាគរយនៃផ្ទះទាំងអស់ នៅលើកោះអូគីណាវ៉ា បានជួបប្រទះនឹងការដាច់ចរន្តអគ្គិសនី គិតត្រឹមម៉ោង ១០ និង៥៥នាទីព្រឹក ខណៈការផ្គត់ផ្គង់ថាមពលមានការថយចុះសម្រាប់ផ្ទះចំនួន ១០,០៣០ខ្នង នៃកោះអាម៉ាមី (Amami) ក្នុងខេត្តខាហ្កោស៉ីម៉ា (Kagoshima) ភាគខាងជើងនៃកោះអូគីណាវ៉ា។ រីឯ អាកាសយានដ្ឋានទីក្រុងណាហា ក៏ត្រូវបានបិទទាំងស្រុងនៅថ្ងៃពុធនេះ សម្រាប់ថ្ងៃទីពីរ។ ជើងហោះហើរសរុបចំនួន ៩៥១ ត្រូវបានលុបចោលកាលពីថ្ងៃអង្គារ និងថ្ងៃពុធ ហើយខ្សែរត់ស្រឡាង ចំនួន៣៥ ត្រូវផ្អាកប្រតិបត្តិការ។
គួរបញ្ជាក់ថា ព្យុះទីហ្វុង Khanun កំពុងវាយលុកប្រទេសជប៉ុន ក្នុងរដូវកាលទេសចរណ៍ដ៏មមាញឹកនៃរដូវក្តៅ ដែលឆ្នាំនេះចំនួនអ្នកទៅកម្សាន្តបាន និងកំពុង ត្រឡប់ទៅកម្រិតមុនពេលមានជំងឺកូវីដ ១៩។ ប្រជុំកោះអូគីណាវ៉ា តែងតែទទួលរងនូវឥទ្ធិពលដោយព្យុះទីហ្វុងជាញឹកញាប់ ជាពិសេសនៅក្នុងរដូវនេះតែម្ដង៕