ព្រះរាជទ្រព្យ ២ម៉ឺនដុល្លាររបស់ហ្លួងម៉ែ ដែលព្រះរាជទានដល់កាកបាទក្រហមកម្ពុជា ត្រូវបានប្រើប្រាស់សម្រាប់សាងសង់ផ្ទះ ជូនប្រជានុរាស្ត្រក្រីក្របំផុត និងឥតទីពឹងចំនួន ២គ្រួសារ នៅស្រុកទឹកផុស ខេត្ដកំពង់ឆ្នាំង
(កំពង់ឆ្នាំង)៖ ដោយអនុវត្តតាមអនុសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ ក្រុមការងារកាកបាទក្រហមកម្ពុជា ដឹកនាំដោយលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ រួមទាំងសហការីផ្សេងទៀត មានលោក ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង បានចុះពិនិត្យទីតាំងសាងសង់ផ្ទះថ្មីចំនួន ២ខ្នង ជាព្រះរាជអំណោយដ៏ឧត្ដុង្គឧត្តមរបស់ ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា តាមរយៈ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់ប្រជារាស្ត្រងាយរងគ្រោះបំផុតចំនួន ២គ្រួសារ រស់នៅភូមិវាលស្បូវ ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
ជនងាយរងគ្រោះបំផុតទាំង ២គ្រួសារ ដែលទទួលផ្ទះរួមមាន៖ លោកយាយ គ្រែក ហ៊ី អាយុ ៧៥ឆ្នាំ ជាចាស់ជរាឥតទីពឹង និងអ្នកស្រី ឡឹម ញ៉ិប អាយុ ៤៧ឆ្នាំ ជាស្ត្រីមេម៉ាយ កូន៣នាក់។
តាមការបញ្ជាក់របស់លោកស្រី ម៉ែន នារីសោភ័គ បានឱ្យដឹងថា ថ្មីៗនេះកាកបាទក្រហមកម្ពុជា បានទទួលនូវព្រះរាជូបត្ថម្ភពី សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា នៅក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មរបស់ព្រះអង្គ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣។
លោកស្រីបន្ដថា «បន្ទាប់ពីបានទទួលព្រះរាជូបត្ថម្ភនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់សហការីយើង ចុះពិនិត្យជ្រើសរើសគ្រួសារដែលជាមុខសញ្ញាងាយរងគ្រោះបំផុត និងទីតាំងសមស្រប ដែលអាចសាងសង់ផ្ទះបានសមរម្យ។ ជាក់ស្តែងបេសកកម្មក្នុងថ្ងៃនេះ ក្រុមការងារបានចុះមកពិនិត្យស្ថានភាពជាក់ស្តែងរួចហើយ ក្នុងនោះក្រុមជាងសាងសង់ផ្ទះនឹងចុះមកសាងសង់ឱ្យបានឆាប់ៗ ទៅតាមអនុសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយមិនឱ្យបង្អង់យូរឡើយ ដើម្បីលើកកម្ពស់ក្នុងជីវភាពរស់នៅរបស់គាត់ ឱ្យមានចីរភាព ពិសេសទីលំនៅឋានស្អាតមានអនាម័យ រស់នៅមានសុខភាពល្អ»។
លោកស្រីបានបន្ដថា សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែគិតគូរដល់ប្រជាពលរដ្ឋជានិច្ច ដូច្នេះបើក្រុមការងារយើងចុះទៅជួយគ្រួសារខ្វះខាតក្រលំបាកណាមួយ ត្រូវតែត្រួតពិនិត្យមើលបន្ថែមទៀត តើមានប្រជាពលរដ្ឋណាខ្លះទៀតនៅក្នុងភូមិឃុំនោះ ដែលមានជីវភាពក្រខ្សត់លំបាក ខ្វះខាតឥតទីពឹងដែរ។
ដូចនេះក្នុងឱកាសចុះទៅពិនិត្យលទ្ធភាពនៃការសាងសង់ផ្ទះជូនប្រជាពលរដ្ឋងាយរងគ្រោះខាងលើហើយ ក្រុមការងារក៏បាននាំយកអំណោយមនុស្សធម៌ ជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ៦៧គ្រួសារផ្សេងទៀត ដែលរស់នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងនេះផងដែរ ។ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកស៊ីអ៊ីវ ១យួរ, ឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់ និងថវិកា ៥ម៉ឺនរៀល៕