CMACស្រង់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាង២រយតោន ចេញពីទន្លេ ក្នុងឆមាសទី១ឆ្នាំនេះ
ភ្នំពេញ៖ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់ មីនកម្ពុជា (CMAC) បានឱ្យដឹងថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៣ ប្រតិបត្តិការសម្អាតគ្រាប់យុទ្ធភណ្ឌ មិនទាន់ផ្ទុះ និងស្រង់នាវាលិចក្នុងទន្លេ ស្ថិតនៅការដ្ឋានកោះពាមរាំង សម្រេចលទ្ធផល ស្រង់គ្រាប់ពីបាត ទន្លេមេង្គ បានជាង១ម៉ឺន២ពាន់គ្រាប់ បើគិតជាទម្ងន់មានជាង២រយតោន និងស្រង់បំណែកនាវាបានជាច្រើនទៀតផងដែរ ។
ឯកឧត្តម ហេង រតនា បានប្រាប់BTVថា ប្រតិបត្តិការ ប្រតិបត្តិការសម្អាតគ្រាប់យុទ្ធភណ្ឌ មិនទាន់ ផ្ទុះ និងស្រង់នាវាលិចក្នុងទន្លេ ក្នុងភូមិសាស្ត្រស្រុកពាមជ័រ ខេត្តព្រៃវែង ត្រូវបានធ្វើឡើង បន្ទាប់ពីមានការសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងសម្តេចក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អនុញ្ញាតដល់អង្គភាព CMAC សហការជាមួយក្រសួងការពារជាតិ និងអង្គភាពពាក់ព័ន្ធផ្សេងៗទៀត ធ្វើការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងស្រង់នាវាលិចក្នុងទន្លេ។ ប្រតិបត្តិការនេះ មានរយៈពេល១៨ខែ ដោយចាប់ផ្តើមនៅដើមឆ្នាំ២០២២ មកដល់ពេលនេះ មានរយៈពេលជិត២ឆ្នាំ ។
ឯកឧត្តម បានឱ្យដឹងទៀតថា តាមផែនការស្រាវជ្រាវដំបូង បានរាវរកទិន្នន័យនៅបាតទន្លេជាង ២៥០០ចំណុច មានគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ហើយវាយតម្លៃការបោសម្អាត មានរយៈពេល១៨ខែ តែ ការអនុវត្តជាក់ស្តែង មិនសម្រេចតាមផែនការនោះទេ ដោយសារមូលហេតុមួយចំនួន ហួសសមត្ថភាព ដែលបានវាយតម្លៃ។
នាវាដែលលិចក្នុងទន្លេនេះ មានផ្ទុកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ប្រមាណជា៣ពាន់ តោន ទៅ៣ពាន់៥រយតោន ។
ការបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងស្រង់នាវាក្នុងទន្លេ នៅការដ្ឋានកោះពាមរាំង ត្រូវបាន ក្រុមជំនាញ នៃក្រុមការងារអន្តរក្រសួង កំណត់នូវទំហំប្រមាណជិត៣០០ហិកតា ដែលចែកចេញជាបីផ្នែក រួមមាន៖ ទី១. តំបន់ដីគោក ទី២. តំបន់មានហានិភ័យទាប និងទី៣. ជាតំបន់មានហានិភ័យខ្ពស់៕ អត្ថបទ៖ទូច សោភ័ណ