អាងទឹកត្រពាំងថ្ម ក្រោយពង្រឹងពង្រីកតួទំនប់ អាចស្តុកទឹកទុកក្នុងបរិមាណ៣០០លានម៉ែត្រគុប និង ធ្វើជាផ្លូវប្រវត្តិសាស្រ្ត
បន្ទាយមានជ័យ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣--អាងទឹកត្រពាំងថ្ម ស្ថិតក្នុងឃុំប៉ោយចារ ស្រុកភ្នំ ស្រុក ខេត្តបន្ទាយមានជ័យ ក្រោយពីបានពង្រឹងពង្រីក ដោយចាក់បេតុងតួទំនប់អាងអាចស្តុកទឹកទុក ក្នុងបរិមាណប្រមាណ ៣០០លានម៉ែត្រគុបនិងធ្វើជាផ្លូវប្រវត្តិសាស្រ្ត ភ្ជាប់ពីខេត្តបន្ទាយមានជ័យ ទៅ តំបន់នានា នៃព្រំដែនដ៏មានសារៈសំខាន់ ប្រកបដោយសក្តានុពលខ្ពស់ ក្នុងតំបន់ប៉ូលសេដ្ឋកិច្ចទី៤ ភូមិ ភាគពាយព្យ នៃព្រះរាជាណាចក្រកម្ពុជា ។
នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និង ឧតុនិយម ដែលជាប្រធានមុខព្រួញទទួលទិសខេត្តបន្ទាយមានជ័យ ក្នុងឱកាសដឹកនាំសហការី មន្ទីរធន ធានទឹកនិងឧតុនិយម និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ បានចុះធ្វើការពិនិត្យលើការងារពង្រឹង និង ពង្រីកតួទំនប់អាងត្រពាំងថ្ម កាលពីថ្ងៃអង្គារ ១៥កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ ។
ឯកឧត្តមបានឱ្យដឹងទៀតថា ក្រោយពីទទួលបាននូវបទបញ្ជា ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លឹម គានហោ រដ្ឋមន្ដ្រី ក្រសួងធនធានទឹកនិងឧតុនិយម និងដោយទទួលបាននូវការគាំទ្រ សហការយ៉ាងពេញទំហឹង ពីសំ ណាក់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានធ្វើការដឹកនាំ និងបញ្ជាផ្ទាល់លើការងារសាងសង់ផ្លូវប្រវត្តិ សាស្រ្តលើទំនប់អាងត្រពាំថ្ម ដើម្បីតភ្ជាប់ទៅបណ្តាខេត្តដែលនៅជាប់នឹងតំបន់ព្រំដែនជាពិសេស និង បន្ទាន់ឱ្យបានទាន់ពេលវេលា សម្រាប់បងប្អូនប្រជាពលរដ្ឋបានប្រើប្រាស់។
ឯកឧត្តម ចាន់ ស៊ីណាត បានបញ្ជាក់ទៀតថា ក្រសួងធនធានទឹក បានផ្តោតការយកចិត្តទុកដាក់ ក្នុងយុទ្ធសាស្រ្ត ធ្វើការពង្រឹង និងពង្រីកសក្តានុពលរបស់អាងត្រពាំងថ្មខ្នាតធំ របស់ប្រទេសកម្ពុជាមួយ នេះជាប្រចាំ ចាប់តាំងពីតំបន់ប្រព័ន្ធធារាសាស្រ្តនេះ ស្ថិតក្នុងសមរភូមិប្រយុទ្ធគ្នា ក្នុងសង្រ្គាមរវាងខ្មែរនិង ខ្មែរ កាលពីអតីតកាល ដោយគ្រប់សំណង់ហេដ្ឋារចនាសម្ព័ន្ធទាំងមូល ត្រូវរងការខូចខាតដោយទឹក ជំនន់គ្រប់ប្រភេទ។ រហូតមកដល់ឆ្នាំ២០១៣ ដោយមានគាំទ្រពីសំណាក់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រព័ន្ធធារាសាស្រ្តនេះ បានធ្វើការជួសជុលស្តារឡើងវិញទាំងស្រុង ដើម្បីឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងមានលទ្ធភាពធ្វើការស្រោចស្រព លើផ្ទៃដីស្រែបានចំនួន ៣៥ ០០០ហិកតា និងអាចបង្កបង្កើនផលបាន ៣ដងក្នុងមួយឆ្នាំ ដោយមានការគ្រប់គ្រងបានត្រឹមត្រូវ ក្នុងការ ដោះស្រាយទឹកការស្រោចស្រព និងការស្តុកទឹកទុករហូតដល់តំបន់៣ នៃបឹងទន្លេសាប ដោយធ្វើសមា ហរណកម្ម ជាមួយនឹងប្រព័ន្ធធារាសាស្រ្តស្រែង, ប្រព័ន្ធប្រឡាយកុមារ, ប្រព័ន្ធធារាសាស្រ្តអន្សងនាវណាំតាវ, ប្រព័ន្ធធារាសាស្រ្តស្រែល្អ, ប្រព័ន្ធធារាសាស្រ្តតាម៉េង, និងប្រព័ន្ធធារាសាស្រ្តពន្លៃ ៕
ដោយឈុន សារ៉ាត