ព្យុះទីហ្វុង Khanun បានវាយប្រហារកោះ Okinawa បន្ទាប់ពីមានព្យុះទីហ្វុងដ៏គ្រោះថ្នាក់២ នៅអាស៊ីបូព៌ា
ជប៉ុន៖ ព្យុះទីហ្វុងមួយ បានបោកបក់ នៅភាគខាងត្បូងប្រទេសជប៉ុន ដោយបង្ខំឲ្យមានការជម្លៀស និងធ្វើឲ្យ គេហដ្ឋានមួយភាគបីនៅលើកោះអូគីណាវ៉ាដាច់ចរន្តអគ្គិសនី។
Khanun ដែលជាព្យុះទីហ្វុងទី៣ ដែលបានបោកបក់ នៅអាស៊ីខាងកើត ក្នុងរយៈពេលជាច្រើនសប្តាហ៍នេះ បានគំរាមកំហែងឲ្យមានភ្លៀងធ្លាក់ខ្លាំងបំផុត នៅទីក្រុងប៉េកាំង ក្នុងរយៈពេលជាងមួយសតវត្សរ៍ ហើយព្យុះនេះ បានបង្កជាទឹកជំនន់ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣៤នាក់ ក្នុងប្រទេសចិនមកទល់ពេលនេះ។
ពាក់ព័ន្ធនឹងបាតុភូតធម្មជាតិនេះ អ្នកជំនាញនិយាយថា ព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរបែបនេះ នឹងកើតមានជាញឹកញាប់ ដោយសារតែការឡើងកម្ដៅផែនដី។
ព្យុះ Khanun កើតមានបន្ទាប់ពីព្យុះទីហ្វុងចំនួន ២ទៀត គឺ Talim និង Doksuri ដែលជាព្យុះដ៏ខ្លាំងមួយ ដែលបានបោកបក់លើប្រទេសហ្វីលីពីន និងតៃវ៉ាន់ផងដែរ ដោយបានសម្លាប់មនុស្សជាង ៣០នាក់ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ ព្យុះនេះ ត្រូវបានគេរំពឹងថា នឹងធ្លាក់មកលើឆ្នេរសមុទ្រភាគឦសានរបស់ប្រទេសចិន នៅថ្ងៃពុធ (ទី២ ខែសីហា) នេះ ប៉ុន្តែការព្យាករណ៍ឥឡូវនេះបាននិយាយថា វាទំនងជានឹងងាកឆ្ពោះទៅកាន់ដីគោករបស់ជប៉ុន ដោយមិនកាត់ប្រទេសចិនឡើយ។
កោះអូគីណាវ៉ាត្រូពិចរបស់ប្រទេសជប៉ុន ត្រូវបានគេរំពឹងថា នឹងប្រឈមជាមួយព្យុះ Khanun ដែលកម្លាំងខ្យល់បក់ខ្លាំងក្នុងល្បឿន ២៥២គីឡូម៉ែត្រ ក្នុងមួយម៉ោង នៅថ្ងៃពុធនេះ។ មនុស្សប្រហែល ២០.០០០នាក់ត្រូវបានណែនាំឲ្យជម្លៀសចេញ ហើយជើងហោះហើរជិត ៩០០ជើង ត្រូវបានលុបចោល នៅអាកាសយានដ្ឋានក្នុងក្រុង Naha របស់កោះអូគីណាវ៉ា។
ព្យុះឥទ្ធិពលខ្លាំងបែបនេះ កម្រកើតមានណាស់ ក្នុងរយៈពេលនេះនៃឆ្នាំ នៅប្រទេសជប៉ុន។ ប៉ុន្តែអ្នកវិទ្យាសាស្ត្រអាកាសធាតុ បានព្រមានជាយូរមកហើយថា ការឡើងកម្ដៅផែនដី នឹងធ្វើឲ្យព្យុះរឹតតែមានកម្លាំងខ្លាំង និងកើតមានញឹកញាប់ ព្រមទាំងបង្កើតនូវរលកកម្ដៅ ដែលបាតុភូតទាំង២ នេះ បានវាយប្រហារផ្នែកខ្លះនៃអាស៊ីកាលពីខែមុន៕