ទឹកស្ទឹងព្រែកត្នោតក្នុងភូមិសាស្រ្តខណ្ឌដង្កោ ស្រកចុះទៅវិញលែងជាក្ដីបារម្ភ
ភ្នំពេញ៖ ស្ថានភាពទឹកស្ទឹងព្រែកត្នោត ក្នុងភូមិសាស្រ្តខណ្ឌដង្កោ ក្រោយពីមានការហក់ឡើងរយៈពេល ២ទៅ៣ថ្ងៃមកនេះ បានស្រកចុះទៅវិញលែងជាក្ដីបារម្ភហើយ ខណៈការស្រកចុះខ្លាំងនៅថ្ងៃទី ៣ ខែសីហានេះតែម្ដង។ នេះបើតាមការលើកឡើងរបស់មន្រ្តីមូលដ្ឋានដែលបន្តតាមដានស្ថានភាពទឹកជាប្រចាំថ្ងៃ។
លោក លឹម សំបូរ ចៅសង្កាត់រងទី១ សង្កាត់ស្ពានថ្ម ថ្លែងពេលកំពុងត្រួតពិនិត្យស្ថានភាពទឹកជាមួយមន្រ្តីមកពីថ្នាក់ខណ្ឌថា ឈានមកដល់ថ្ងៃទី៣ខែសីហា ឆ្នាំ ២០២៣នេះ ស្ថានភាពកម្ពស់ទឹកស្ទឹងព្រែកត្នោត ដែលហូរកាត់ក្នុងភូមិសាស្រ្តខណ្ឌដង្កោ រាជធានីភ្នំពេញ បានស្រកចុះទៅវិញលែងបង្កជាក្ដីបារម្ភ។
លោកបន្តថា ទោះជាយ៉ាងណាមន្រ្តីមូលដ្ឋាននៅតែបន្តតាមដានស្ថានភាពទឹកទោះមានការស្រកចុះក្ដីពីព្រោះបញ្ហាគ្រោះធម្មជាតិ គឺមិនអាចឃើញ ដឹងមុនបានទេ ដូច្នេះត្រូវប្រុងប្រយ័ត្នជានិច្ច ជាពិសេស ចាប់ពីខែ វិច្ឆិកា ឬខែធ្នូ ទើបផុតក្ដីបារម្ភពីបញ្ហាទឹកជំនន់។
លោក លឹម សំបូរ សង្ឃឹមថា ជំនន់ឆ្នាំនេះ មិនជន់លិចធ្ងន់ធ្ងរដូចប៉ុន្មានឆ្នាំមុនទៀតនោះទេ ខណៈអាជ្ញាធរបានជួសជុល និងសាងសង់ផ្លូវសងខាងស្ទឹង ខ្ពស់ជាងមុន ថែមទាំងមានការបុកដែកចុះទៅក្រោមថែមទៀតផង។
សូមជម្រាបថា រយៈពេលប៉ុន្មានថ្ងៃមកនេះ គឺមានការជន់លិចនៅតាមបណ្ដាខេត្តមួយចំនួន រួមមាន៖ ខេត្តកំពត ខេត្តកែប ខេត្តកំពង់ស្ពឺ ជាដើម។ ចំពោះទឹកស្ទឹងព្រែកត្នោត ដែលបានហក់ឡើងកាលពីថ្ងៃទី ១ និងថ្ងៃទី ២ សីហាម្សិលម៉ិញ ខណៈជំនន់នេះមានប្រភពមកពីខាងលើដែលសំដៅលើខេត្តកំពង់ស្ពឺ៕អត្ថបទ៖ គឹមហុក