ភ្លៀងបន្តធ្លាក់ ទីតាំងខ្លះនៅកែបរក្សាការជន់លិច ខណៈអាជ្ញាធរខេត្តជំរុញដំដោះស្រាយ ក្នុងជំនន់ដែលខេត្តមិនធ្លាប់ជួប
កែប៖ ភ្លៀងធំមួយមេបន្ថែមទៀតនាថ្ងៃនេះ បានធ្វើឱ្យទីតាំងខ្លះបន្តជន់លិច ជាមួយគ្នានេះអាជ្ញាធរខេត្តកែប ក៏កំពុងបន្តដោះស្រាយករណីជំនន់ទឹកភ្លៀងមិនធ្លាប់មាននេះ នៅតាមបណ្តាទីតាំងដែលជាចាត់ទុកជាកន្លែងហានិភ័យ ក្នុងនោះអភិបាលខេត្តកែប ក៏បានបញ្ជាឱ្យគ្រឿងចក្រ ចុះកាយបើកផ្លូវទឹកមួយទីតាំងបន្ថែមទៀត ស្ថិតនៅសាលារៀនអនុវិទ្យាល័យពងទឹក ក្នុងឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ដើម្បីផ្តល់លទ្ធភាពឱ្យសាលាអាចបន្តបើកថ្នាក់រៀនបាន។
លោក សោម ពិសិដ្ឋ បានផ្តល់បទសម្ភាសន៍នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា ស្ថានភាពជំនន់ទឹកភ្លៀងនៅខេត្តកែបពេលនេះ មានសភាពធូរស្រាលឡើងវិញក្រោយបានជន់លិចចូលដល់ក្នុងផ្ទះពលរដ្ឋប្រមាណជាង២ពាន់គ្រួសារ ក្នុងចំណោមពលរដ្ឋជាង៩ពាន់គ្រួសារ ដែលទទួលរងឥទ្ធិពលនៃជំនន់ទឹកភ្លៀង កាលពីអំឡុងចុងខែកក្កដា កន្លងទៅនេះ។ គិតត្រឹមថ្ងៃនេះ នៅទីតាំងខ្លះបន្តការជន់លិចក្នុងកំរិតស្រាល តែក្នុងនាមអាជ្ញាធរយើងបន្តការដោះស្រាយ ដោយប្រើធនធានសរុប មធ្យោបាយសរុប និងកម្លាំងសរុបដែលខេត្តមាន។
យ៉ាងណាលោកអភិបាលខេត្តស្នើឱ្យអ្នកពាក់ព័ន្ធទាំងអស់បន្តតាមដានឱ្យបានហ្មត់ចត់ជុំវិញគ្រោះធម្មជាតិលើកនេះ ជាពិសេសសុខទុក្ខប្រជាពលរដ្ឋ ដោយមិនត្រូវទុកឱ្យពលរដ្ឋណាម្នាក់អត់បាយដោយសារជំនន់ទឹកភ្លៀងនេះឡើយ ហើយក៏សំណូមពលរដ្ឋរួមសហការណ៍គ្នាជាមួយអាជ្ញាធរ ក្នុងការឆ្លងកាត់ការលំបាកលើកនេះ។
យោងរបាយការណ៍របស់រដ្ឋបាលខេត្តកែប បានឱ្យដឹងថា ជំនន់ទឹកភ្លៀងលើកនេះ ខេត្តកែបបានខូចខាតផ្ទះសម្បែងពលរដ្ឋ និងហេដ្ឋារចនាសម្ព័នមួយចំនួន តែមិនមានគ្រោះដល់ជីវិតនោះទេ ក្នុងនោះក្រុងកែបប៉ះពាល់លំនៅឋានទូទាំងក្រុងចំនួន២.២១៩ខ្នងផ្ទះ ខូចខាតផ្លូវលំ៧ខ្សែ ស្មើនឹង៥.០០០ម៉ែត្រ អំបិលខូចខាត ១.៥០០តោន និងប៉ះពាល់ដំណាំ១២០ហិកតា។ ស្រុកចំណាក់ចង្អើរ ប៉ះពាល់លំនៅឋានចំនួន ៤៧៩គ្រួសារ ស្មើនឹង៤៦៥ខ្នងផ្ទះ ប៉ះពាល់ដំណាំ ៥៨៨ហិកតា ក្នុងនោះទឹកហូរច្រោះប៉ះពាល់ផ្លូវលំចំនួន១៦ខ្សែ៕
អត្ថបទ៖ ង៉ុង សាន់