អាជ្ញាធរខេត្តបន្ទាយមានជ័យ ត្រៀមរួចជាស្រេចនូវទីទួលសុវត្ថិភាព ក្រុមជួយសង្គ្រោះ ក្នុងករណីមានគ្រោះទឹកជំនន់កើតមានឡើង បើទោះបីពេលនេះទឹកមិនទាន់ហក់ឡើងក៏ដោយ
បន្ទាយមានជ័យ: ដើម្បីឆ្លើយតបទៅនឹងស្ថានភាពអាកាសធាតុ ក៏ដូចជាគ្រោះធម្មជាតិដែលតែងតែកើតមានជារៀងរាល់ឆ្នាំ ជាពិសេសនៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ដែលតែងតែទទួលរងគ្រោះដោយសារទឹកជំនន់ជារៀងរាល់ឆ្នាំ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានលើកឡើងថា អាជ្ញាធរខេត្តបន្ទាយមានជ័យ បានត្រៀមរួចជាស្រេចទីទួលសុវត្ថិភាពសម្រាប់ជួយសង្គ្រោះប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារទឹកជំនន់។
លោកអភិបាលខេត្តបន្ទាយមានជ័យ លើកឡើងបែបនេះនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥០ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៤ខែសីហា ឆ្នាំ២០២៣។
លោក អ៊ុំ រាត្រី បន្តថា ជាបទពិសោធន៍កន្លងទៅខេត្តបន្ទាយមានជ័យ ក៏ដូចជាក្រុង-ស្រុកទាំង៩ ជាពិសេសតំបន់ដែលតែងទទួលរងការជន់លិច អាជ្ញារធបានត្រៀមរួចរាល់ជាស្រេច នូវទីទួលសុវត្ថិភាពជូនប្រជាពលរដ្ឋស្នាក់នៅបណ្តោះអាសន្ន នៅពេលមានទឹកជំនន់កើតមានឡើងនៅរដូវវស្សានេះ។ មួយវិញទៀតលោក ក៏បានជំរុញណែនាំដល់កងកម្លាំងពាក់ព័ន្ធគ្រប់ស្ថាប័ន ត្រូវត្រៀមឱ្យបានរួចជាស្រេចនូវឧបករណ៍ជួយសង្គ្រោះ ដើម្បីចេញអន្តរាគមន៍នៅពេលមានទឹកជំនន់កើតមានឡើង។
ការដាក់ចេញនូវវិធានការនេះឡើង ដោយសារតែមួយរយៈពេលថ្មីៗនេះបណ្ដាខេត្តមួយចំនួនពិសេសខេត្តជាប់សមុទ្រទទួលរងជំនន់ទឹកភ្លៀង ដែលបង្កធ្វើឱ្យមានការជន់លិចផលដំណាំ និងផ្ទះសម្បែងប្រជាពលរដ្ឋ នៅក្នុងខេត្តមួយចំនួន នៃព្រះរាជាណាចក្រកម្ពុជា៕
អត្ថបទ៖ ជា ថន