ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីអណ្តូងរ៉ែថ្មយក់នៅមីយ៉ាន់ម៉ា កើនឡើងដល់៣១នាក់
មីយ៉ាន់ម៉ា៖ ក្រុមបុគ្គលិកសង្គ្រោះបន្ទាន់បាននិយាយកាលពីថ្ងៃអង្គារថា ក្រុមអ្នកជួយសង្គ្រោះបានរកឃើញសាកសពចំនួន៣១នាក់ ខណៈដែលមនុស្ស៨នាក់នៅតែបន្តបាត់ខ្លួន បន្ទាប់ពីបំណាក់ដីនៅឯអណ្តូងរ៉ែថ្មយក់ ដែលមិនអាចគ្រប់គ្រងបាន នៅក្នុងតំបន់ដាច់ស្រយាលនៃសហភាពមីយ៉ាន់ម៉ា។
មីយ៉ាន់ម៉ា បានរងការវាយប្រហារដោយភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ហើយបំណាក់ដីបានកើតឡើងកាលពីថ្ងៃអាទិត្យនៅខាងក្រៅទីប្រជុំជន Hpakant ភាគខាងជើងនៃរដ្ឋ Kachin។
ការជីកយករ៉ែថ្មយក់ នៅក្នុងសហភាពមីយ៉ាន់ម៉ា គឺជាអាជីវកម្មដែលរកកម្រៃបានមួយប្រភេទ ប៉ុន្តែឧស្សាហកម្មដែលមិនមានការគ្រប់គ្រងនេះ ត្រូវបានរងគ្រោះដោយការស្លាប់របស់កម្មករជាញឹកញាប់ រួមទាំងអ្នកស្លាប់ច្រើនជាង១៧០នាក់នៅក្នុងតំបន់ដូចគ្នា បន្ទាប់ពីបំណាក់ដីកាលពីឆ្នាំ២០២០ផងដែរ។
យោងតាមក្រុមអ្នកជួយសង្គ្រោះបានឱ្យដឹងថា គំនរអាចម៍ដីដ៏ធំដែលមានកំពស់ប្រហែល១៥០ម៉ែត្រ ទៅ១៨០ម៉ែត្រ (៥០០ហ្វីត ទៅ៦០០ហ្វីត) ដែលបន្សល់ទុកដោយការជីកយករ៉ែ ត្រូវបានបន្ធូរដោយភ្លៀងធ្លាក់ខ្លាំង ហើយក៏បានបាក់ទៅជាបំណាក់ដី។ ប្រតិបត្តិការរបស់អណ្តូងរ៉ែត្រូវបានផ្អាកនៅរដូវវស្សា ប៉ុន្តែអ្នកដែលជាប់នៅក្នុងបំណាក់ដីនេះ ត្រូវបានគេជឿថាជាអ្នកស្រុក ដែលដើរស្វែងរកថ្មយក់នៅទីនោះ ដោយសង្ឃឹមថានឹងរកឃើញរបស់មានតម្លៃនៅក្នុងភក់៕