ប្រជាកសិករនៅខេត្តព្រៃវែង បញ្ចេញស្នាមញញឹម ខណៈតម្លៃស្រូវលក់ចេញឱ្យឈ្មួញ ក្នុង១គីឡូក្រាម ចាប់ពី ១,២០០រៀល ដល់ ១,២៥០រៀល
(ព្រៃវែង)៖ ប្រជាពលរដ្ឋប្រកបរបរធ្វើស្រែនៅខេត្តព្រៃវែង បានបញ្ចេញស្នាមញញឹម ដោយសារតែតម្លៃស្រូវ ក្នុងរយៈពេលជាង១ខែនេះ ឡើងថ្លៃខ្ពស់គួរសម ដោយ១គីឡូក្រាមបានតម្លៃចាប់ពី ១,២០០រៀល ដល់១,២៥០រៀល។
លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា ការផលិតកម្មដំណាំស្រូវរដូវវស្សា (គិតត្រឹមថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣) អនុវត្តបានលើផ្ទៃដី ព្រោះសរុប ២៥៤,៦៤៧ ហិកតា (ស្ទូងគ្មាន) ស្មើនឹង១០១,៨៦% នៃផែនការ ២៥០,០០០ហិកតា ធៀបនឹងឆ្នាំមុន ទាបជាង២,៩៥៩ហិកតា (គិតក្នុងរយៈពេលដូចគ្នា)។ ប្រមូលផលស្រូវស្រាលដើមរដូវអនុវត្តបាន ៦០,៥៦០ហិកតា ស្មើនឹង២៣,៧៨% នៃផ្ទៃដីអនុវត្តបាន ២៥៤,៦៤៧ហិកតា បរិមាណផលសរុប ២៦៦,៥៦៣តោន។
លោកបានបញ្ជាក់ថា បរិមាណស្រូវនាំចេញ ក្រៅផ្លូវការទៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ សរុបមានចំនួន ១,៤៩៥,៧២៩តោន(រួមទាំងស្រូវឆ្លងកាត់) តម្លៃស្រូវជាមធ្យម៖ ស្រូវ IR50404 តម្លៃ១ ២០០រៀល/គីឡូក្រាម ស្រូវ OM5451 តម្លៃ១ ២៥០រៀល/គីឡូក្រាម ចំណូលសរុប ៣៦៣,៩៥៣,៦៨៦ដុល្លារ។
ទន្ទឹមនឹងការឡើងថ្លៃតម្លៃស្រូវនេះប្រជាពលរដ្ឋក៏បានលើកឡើង អំពីតម្លៃជី ប្រេង ក៏បានឡើងថ្លៃដែរ ដូច្នេះការចំណេញបានតិចតួចប៉ុណ្ណោះ តែក៏គ្រាន់បើជាងមុនខ្លះដែរ។ សូមបញ្ជាក់ថា ការនាំស្រូវទៅលក់នៅប្រទេសវៀតណាម តាមច្រកពីរសំខាន់ គឺច្រកទ្វាអន្តរជាតិបន្ទាយចក្រី ស្រុកព្រះស្ដេចខេត្តព្រៃវែង និងច្រកទ្វារអន្តរជាតិកោះរកា ស្រុកពាមជរ៕