កសិករទូទាំងប្រទេស អាចទូរស័ព្ទទៅលេខ ១២៨៩ ដើម្បីស្វែងរកដំណោះស្រាយផ្នែកបច្ចេកទេសកសិកម្ម ដោយឥតគិតលុយ
ភ្នំពេញ៖ កសិករនៅទូទាំងប្រទេសកម្ពុជា ដែលត្រូវការការផ្តល់ដំណោះស្រាយផ្នែកបច្ចេកទេសកសិកម្ម អាចទំនាក់ទំនងទៅលេខកូដខ្លី ១២៨៩ ដោយឥតគិតថ្លៃពីអ្នកប្រើប្រាស់សេវាទូរស័ព្ទទាំងអស់ បើទោះបីលេខទូរស័ព្ទពុំមានទឹកប្រាក់ក្នុងប្រព័ន្ធក៏ដោយ។
នេះបើតាមសេចក្ដីប្រកាសរបស់និយ័តករទូរគមនាគមន៍កម្ពុជា ដែលCNC ទទួលបាន។
ក្នុងសេចក្ដីប្រកាសនោះ តម្រូវឱ្យទូរគមនាគមន៍កម្ពុជាអនុញ្ញាតឱ្យអ្នកប្រើប្រាស់សេវាទូរស័ព្ទទាំងអស់ ហៅទូរស័ព្ទចូលលេខកូដខ្លី ១២៨៩ដោយឥតគិតថ្លៃ ទោះបីលេខទូរស័ព្ទពុំមានទឹកប្រាក់ហៅចេញ ព្រមទាំងធ្វើការតភ្ជាប់លេខកូដខ្លីនេះជាមួយប្រតិបត្តិករទូរស័ព្ទ ក្នុងគោលបំណងផ្តល់ដំណោះស្រាយផ្នែកបច្ចេកទេសកសិកម្មជូនកសិករ។
ការដាក់ចេញយុទ្ធសាស្ត្របែបនេះ ដើម្បីកសិករឱ្យទទួលបានជំនួយផ្នែកបច្ចេកទេសកសិកម្ម ងាយក្នុងការដាំដុះដំណាំផ្សេងៗ។ លេខទូរស័ព្ទខ្លីនេះ អាចនឹងត្រូវការពេលវេលាមួយរយៈខ្លីទៀត ដើម្បីឈានដល់ការដាក់ឱ្យដំណើរការបាន៕
អត្ថបទ៖ វឿន សាវុធ