ឯកឧត្តម ង៉ោ សុវណ្ណ សូមអបអរសាទរជូនចំពោះនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក្នុងឱកាសដែលត្រូវបានព្រះមហាក្សត្រផ្តល់គោរមងារដ៏ឧត្តុង្គឧត្តមបំផុតជា «សម្តេចមហាបវរធិបតី»
(ភ្នំពេញ)៖ ឯកឧត្តម ង៉ោ សុវណ្ណ រដ្ឋមន្ដ្រីប្រតិភូ អមនាយករដ្ឋមន្ដ្រី និងជា អនុប្រធាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សូមអបអរសាទរដោយស្មោះជូនចំពោះនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក្នុងឱកាសដែលឯកឧត្តមត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារដ៏ឧត្តុង្គឧត្តមខ្ពង់ខ្ពស់បំផុតជា «សម្តេចមហាបវរធិបតី»។
នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ពិតជាស័ក្តិសមបំផុតចំពោះការទទួលបាននូវគោរមងារដ៏ឧត្តុង្គឧត្តមខ្ពង់ខ្ពស់បំផុតជា «សម្តេចមហាបវរធិបតី»។ ការផ្តល់គោរមងារនេះពិតជាស័ក្តិសមបំផុតសម្រាប់មុខតំណែងដ៏ខ្ពស់បំផុតក្នុងប្រទេសកម្ពុជា ដែលប្រកាន់យករបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ហើយគោរមងារនេះដែរក៏ពិតស័ក្តិសមបំផុតចំពោះសម្តេច ដែលជាប្រមុខរាជរដ្ឋាភិបាលពោរពេញទៅដោយសមត្ថភាពដ៏ខ្ពង់ខ្ពស់ ចំណេះដឹងដ៏ជ្រៅជ្រះ និងទេពកោសល្យដ៏ប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់។
យើងខ្ញុំសូមលើកហត្ថបួងសួងដល់វត្ថុស័ក្ដិសិទ្ធិទាំងឡាយសូមជួយអភិបាលគ្រងរក្សា ប្រោះព្រំ ប្រសិទ្ធពរ បវរមហាប្រសើរ ជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងគ្រួសារជាទីស្រឡាញ់ សូមបានប្រកបនូវព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍៕