ឯកឧត្តម គីម វីរៈ អគ្គលេខាធិការ បានដឹកនាំប្រតិភូ គ.ជ.គ.ម. ចូលរួមសិក្ខាសាលានៅទីក្រុងហូជីមិញ

ថ្ងៃសុក្រ ទី៨ ខែកញ្ញា ឆ្នាំ២០២៣
5 នាក់

(ទីក្រុងហូជីមិញ)៖ ដោយទទួលបាន ការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីថ្នាក់ដឹកនាំ គ.ជ.គ.ម. ឯកឧត្តម គីម វីរៈ អគ្គលេខាធិការ បានដឹកនាំប្រតិភូ ចូលរួមសិក្ខាសាលាពិគ្រោះយោបល់ស្តីពីកិច្ចសហប្រតិបត្តិការរួមគ្នាក្នុងការបង្កើតអនុស្សរណៈ (MoU) ស្តីពីការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការឆ្លើយតបសង្គ្រោះបន្ទាន់រវាងអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ និងទំនប់ទឹកវៀតណាម (NCNDPC) និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយកម្ពុជា ចាប់ពីថ្ងៃទី៨-៩ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។ 

សិក្ខាសាលនេះបានរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តម ង្វៀន វ៉ានទៀន, អគ្គនាយករងនៃអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ និងទំនប់ទឹកវៀតណាម និង ឯកឧត្តម គីម វីរៈ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដោយមានការចូលរួមពីតំណាងអជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយមកពីខេត្តតាមដងទន្លេមេគង្គ ចំនួន ១០ រួមមាន៖ ក្រុងហូជីមិញ, ខេត្តអានយ៉ាង, ខេត្តដុងថាប់, ខេត្តគៀងយ៉ាង, ខេត្តទៀនយ៉ាង, ខេត្តត្រាវិញ, ខេត្តកាន់ថូ, ខេត្តសុកចាង, ខេតប៊ែនត្រេ, ខេត្តប៊ិញភៀក, និងខេត្តតាយនិញ។ 

ខ្លឹមសារនៃអនុស្សរណៈនៃការយោគយល់គ្នានេះ ផ្តោតលើការជំរុញការពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការឆ្លើយតបជាបន្ទាន់ ដើម្បីរួមគ្នាដោះស្រាយបញ្ហាទាក់ទងនឹងគ្រោះមហន្តរាយឆ្លងដែន ដូចជាគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត ខ្យល់ព្យុះ ការរអិលបាក់ដី ភ្លើងឆេះព្រៃ ការបាក់ច្រាំងទន្លេ និងការរញ្ជួយដី ដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព និងធានាសន្តិសុខសង្គម និងផលប្រយោជន៍របស់ប្រទេស និងប្រជាជនទាំងពីរ។