ឯកឧត្តម គីម វីរៈ អគ្គលេខាធិការ គ.ជ.គ.ម. បានអញ្ជើញបិទវគ្គបណ្តុះបណ្តាលស្តីពី ប្រព័ន្ធព័ត៌មានទាន់ហេតុការណ៍ និងអង្កេតតាមដានស្ថានការណ៍គ្រោះមហន្តរាយ (PRISM) នៅសណ្ឋាគារ អង្គរប៉ារ៉ាឌី ខេត្តសៀមរាប
សៀមរាប៖ នៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម គីម វីរៈ អគ្គលេខាធិការ គ.ជ.គ.ម. បានអញ្ជើញបិទវគ្គបណ្តុះបណ្តាលស្តីពី ប្រព័ន្ធព័ត៌មានទាន់ហេតុការណ៍ និងអង្កេតតាមដានស្ថានការណ៍គ្រោះមហន្តរាយ (PRISM) នៅសណ្ឋាគារ អង្គរប៉ារ៉ាឌី ខេត្តសៀមរាប ។
វគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្រោមគម្រោងភាពជាដៃគូរ រវាងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងកម្មវិធីស្បៀងអាហារពិភពលោក (WFP) ។
វគ្គបណ្តុះបណ្តាលខាងលើនេះមានការចូលរួមពី ឯកឧត្តម អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ និងមន្ត្រីបង្គោល លេខាធិការដ្ឋាន មកពីបណ្តាខេត្ត-ក្រុង ចំនួន១៣ និងមន្ត្រីជាន់ខ្ពស់តំណាងកម្មវិធីស្បៀងអាហារពិភពលោក ចូលរួមផងដែរ។
PRISM ជាវេទិកាដែលបង្ហាញអំពីព័ត៌មានប៉ះពាល់ជាក់ស្តែង និងជាវេទិការបង្ហាញពីព្រឹត្តិការណ៍កន្លងទៅដែលអាចឱ្យអ្នកប្រើប្រាស់វិភាគ និងវាយតម្លៃពីហានិភ័យ និងផលប៉ះពាល់នៃគ្រោះធម្មជាតិ និងឧប្បទ្ទវហេតុផ្សេងៗទៅលើសហគមន៍ដែលងាយរងគ្រោះ។ PRISM គឺជាការរួមបញ្ចូលព័ត៌មានពីផ្កាយរណប និងប្រភពព័ត៌មានពីចម្ងាយ ព័ត៌មានប៉ាន់ប្រមាណពីទីវាល និងប្រព័ន្ធផ្តល់ដំណឹងជាមុន ជាមួយទិន្នន័យអំពីភាពងាយរងគ្រោះខាងសេដ្ឋកិច្ចសង្គម ដើម្បីបង្កើតបានជាព័ត៌មានដែលអាចផ្តល់ជាជំនួយសម្រាប់កំណត់ចំនួនអ្នកដែលត្រូវការជំនួយពិតប្រាកដ។
ប្រព័ន្ធនេះ ជាវេទិកាផ្តល់ព័ត៌មានទាន់ពេលវេលា ដើម្បីជាជំនួយដល់ការតាមដាន ត្រួតពិនិត្យ វាយតម្លៃ ធ្វើបច្ចុប្បន្នភាពព័ត៌មានទាន់ហេតុការណ៍ងាយស្រួលសម្រាប់អ្នកប្រើប្រាស់ និងជាពិសេសសម្រាប់អ្នកធ្វើសេចក្តីសម្រេចចិត្ត។ លើសពីនេះ វេទិកានេះជាកន្លែងរួមបញ្ចូលលំហូរព័ត៌មានរបស់រាជរដ្ឋាភិបាលពីក្រសួងពាក់ព័ន្ធនានាឲ្យមានទំនាក់ទំនងគ្នាទៅវិញទៅមក។
ប្រព័ន្ធនេះអាចប្រើប្រាស់ និងប្រមូលទិន្នន័យទៅលើគ្រប់ប្រភេទនៃគ្រោះមហន្តរាយដូចជា៖ ទឹកជំនន់ គ្រោះរាំងស្ងួត ខ្យល់ ព្យុះ រន្ទះបាញ់ អគ្គិភ័យ ជំងឺរាតត្បាត សត្វល្អិតបំផ្លាញ បាក់ច្រាំង និងគ្រោះថ្នាក់ចរាចរណ៍។ ទិន្នន័យនៅក្នុងប្រព័ន្ធ PRISM រួមមាន៖ ទិន្នន័យអំពីផលប៉ះពាល់ និងការខូចខាតដោយសារគ្រោះមហន្តរាយ ស្តីពីផលប៉ះពាល់ទៅលើមនុស្ស សត្វ ផ្ទះសម្បែង ដំណាំកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ សាលារៀន មន្ទីរពេទ្យ/មណ្ឌលសុខភាព វត្តអារ៉ាម និងតម្រូវការរបស់ប្រជាជនរងគ្រោះ។ ទិន្នន័យទាំងនេះនឹងត្រូធ្វើការប្រមូលពីកម្រិតឃុំ និងបញ្ជូនព័ត៌មានមកដោយមន្ត្រីថ្នាក់ស្រុក។ហើយPRISM ជាប្រព័ន្ធប្រមូលព័ត៌មានស្តីពីគ្រោះមហន្តរាយនានាតាមរយៈទូរស័ព្ឌ/ថេបប្លែត។
ឯកឧត្តម គីម វីរៈ បានថ្លែងឱ្យដឹងថា ប្រព័ន្ធព័ត៌មានទាន់ហេតុការណ៍និងតាមដានសភាពការណ៍ PRISM ត្រូវបានបង្កើតឡើងក្រោមកិច្ចព្រមព្រៀងរវាងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអង្គការកម្មវិធីស្បៀងអាហារពិភពលោក ស្តីពីការអនុវត្តសកម្មភាពរួមគ្នា ដើម្បីគ្រប់គ្រងវិបត្តិ និងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយក្នុងព្រះរាជាណាចក្រកម្ពុជា ។
ឯកឧត្តម អគ្គលេខាធិការ បន្តថា កិច្ចព្រមព្រៀងនេះបង្កើតក្របខ័ណ្ឌការងារកិច្ចសហប្រតិបត្តិការក្នុងការត្រៀមខ្លួនជាស្រេច ដើម្បីឆ្លើយតបទៅនឹងហានិភ័យគ្រោះមហន្តរាយកើតឡើង ដោយអភិវឌ្ឍន៍សមត្ថភាពថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
សូមបញ្ជាក់ផងដែរថា ក្រោមគម្រោងភាពជាដៃគូរ រវាងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងកម្មវិធីស្បៀងអាហារពិភពលោក (WFP) បានរៀបចំវគ្គបណ្តុះបណ្តាលនេះមានចំនួន៣វគ្គ ដោយក្នុងនោះក៏មានការបណ្តុះបណ្តាលពង្រឹងសមត្ថភាពបន្ថែមដល់មន្រ្តីពាក់ព័ន្ធក្នុង អគ្គលេខាធិការដ្ឋាន គ.ជ.គ.ម. ព្រមទាំងបានបណ្តុះបណ្តាលទៅដល់លេខាធិការដ្ឋានគ្រោះមហន្តរាយខេត្ត ជនបង្គោល មកពីលេខាធិការដ្ឋានខេត្ត ២៥ រាជធានីខេត្ត ផងដែរ។