កម្លាំងបញ្ជាការដ្ឋានទ័ពពិសេសប្រមាណ១២០នាក់និងសម្ភារសង្គ្រោះមួយចំនួនទៀតត្រៀមជួយប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់និងគ្រោះមហន្តរាយផ្សេងៗដែលកើតឡើងជាយថាហេតុ
ភ្នំពេញ : នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣នេះ បញ្ជាការដ្ឋានទ័ពពិសេស បានរៀបចំសម្ភារសង្គ្រោះគ្រោះមហន្តរាយមានរថយន្តចំនួន០៥គ្រឿង រថយន្តសង្គ្រោះ០២គ្រឿង ទូក១៥គ្រឿង អូប័រ០៣គ្រឿង អាវសង្គ្រោះ១២០អាវ ច្រវា៣៦ច្រវា និងសម្ភារសង្គ្រោះមួយចំនួនទៀត បានលើកទុកដាក់លើរថយន្តរួចជាស្រេច ដើម្បីត្រៀមជួយប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗដែលកើតឡើងជាយថាហេតុ។
លោកឧត្តមសេនីយ៍ត្រី ស៊ុំ សំណាង មេបញ្ជាការបញ្ជាការដ្ឋានទ័ពពិសេសបានឱ្យដឹងថា: ការត្រៀមកម្លាំង១កងអនុសេនាធំរុករកនិងសង្គ្រោះលេខ៩១១ចំនួន១២០នាក់ និងសម្ភារសង្គ្រោះខាងលើនេះធ្វើឡើងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាបទបញ្ជារបស់ថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ក្នុងការចុះជួយប្រជាពលរដ្ឋនៅពេលមាន សំណូមពរចាំបាច់ណាមួយ។ក្នុងរយពេលពេល២ថ្ងៃនេះដែរ គឺថ្ងៃទី២៩និង៣០ ខែកញ្ញា ឆ្នាំ២០២៣នេះ។
លោកឧត្តមសេនីយ៍ត្រី ស៊ុំ សំណាងបានបញ្ចាក់ទៀតថា លោកបានបញ្ជាកម្លាំងក្រុមរុករកនិងសង្គ្រោះចំនួន២០នាក់ ដឹកនាំដោយលោកវរសេនីយ៍ឯក នុត ចាន់ម៉ូរ៉ា នាយរងសេនាធិការបញ្ជាការដ្ឋានទ័ពពិសេសចុះជួយរុករកសាកសពក្មេងប្រុស ដែលលោតទឹកធ្វើអត្តឃាតពីលើស្ពានជ្រោយចង្វាផងដែរ ៕