ការងារគ្រប់គ្រង គ្រោះមហន្តរាយ និងការងារអភិវឌ្ឍ គឺជារឿងតែមួយ តែងតែបំពេញឱ្យគ្នាទៅវិញទៅមក ហើយវាមិនមែនរឿងពីរដាច់ដោយឡែកពីគ្នានោះទេ

ថ្ងៃពុធ ទី៤ ខែតុលា ឆ្នាំ២០២៣
15 នាក់

សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពី ការប្រកាសព័ត៌មានឱ្យដឹងមុន សម្រាប់ទាំងអស់គ្នានៅកម្ពុជា ត្រូវបានប្រកាសបើកជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តម ហង្ស សាមឿន ទីប្រឹក្សាផ្ទាល់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី និងជាអនុប្រធានទី២ តំណាង ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និង លោក ចូ សូយ័រ (Jo Scheuer) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ។

 

សិក្ខាសាលាបានប្រព្រឹត្តទៅនាព្រឹកថ្ងៃពុធ ទី០៤ ខែតុលា ឆ្នាំ២០២៣ ដោយមានការចូលរួមផងដែរពី ឯកឧត្តម គីម វីរៈ អគ្គលេខាធិការ គ.ជ.គ.ម. ,ថ្នាក់ ដឹកនាំ ក្រសួង ស្ថាប័ន ពាក់ព័ន្ធ, លោកស្រី ក្លែរ កូណាន់ ប្រធានអង្គការស្បៀងអាហារពិភពលោក (WFP) លោក លោកស្រី តំណាងអង្គការយូអិន អង្គការជាតិ និងអង្គការអន្តរជាតិ ,មន្ត្រីបច្ចេកទេស និងសិក្ខាកាម ជាច្រើនរូប។ ក្រោមកិច្ចសហប្រតិបត្តិការរៀបចំដោយ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ការិយាល័យអ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិ កម្មវិធីស្បៀងអាហារពិភពលោក និងមានការគាំទ្រដោយដៃគូអភិវឌ្ឍន៍ រួមមាន អង្គការសហប្រជាជាតិទទួលបន្ទុក ការងារកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ (UNDRR), អង្គការឧតុនិយមពិភពលោក (WMO), សហភាពទូរគមនាគមន៍អន្តរជាតិ (ITU) និងសហព័ន្ធអន្តរជាតិ នៃកាកបាទក្រហម និងអឌ្ឍចន្ទក្រហម (IFRC) ។

 

សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ផ្សព្វផ្សាយ និងចែករំលែកអំពីគំនិត ផ្តួចផ្តើម ស្តីពីការប្រកាសព័ត៌មានឱ្យដឹងមុន សម្រាប់ទាំងអស់គ្នា “EW4ALL” ដែលជាការរួមគ្នាអនុវត្ត និង ជួយដល់ជនដែលងាយរងគ្រោះ បានទាន់ពេលវេលា។ ប្រពន្ធ័ប្រកាសព័ត៌មានឱ្យដឹងមុន ត្រូវបានចាត់ទុក ជាយន្តការដ៏មានប្រសិទ្ធភាព ក្នុងការចូលរួមចំណែក ដល់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ការបន្សុំាទៅនឹងការប្រែប្រួលអាកាសធាតុ និងជួយសង្គ្រោះអាយុជីវិតមនុស្ស និងសេដ្ឋកិច្ចជាតិ ដែលផ្តល់ផលចំណេញដល់ការវិនិយោគ។

 

ក្នុងនាម ឯកឧត្តម កិត្តិសង្គហបណ្ឌិត ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គ.ជ.គ.ម. ឯកឧត្តម ហង្ស សាមឿន បានយកឱកាសនោះថ្លែងអំណរគុណចំពោះតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ អង្គការជាតិ អន្តរជាតិ ដែលបាន ចំណាយពេលដ៏មានតម្លៃ ចូលរួមក្នុងសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ «ស្តីពីការប្រកាសព័ត៌មាន ឱ្យដឹងមុនសម្រាប់ទាំងអស់គ្នា នៅកម្ពុជា (EW4ALL)» ដ៏មានសារៈសំខាន់នេះ ។

 

ឯកឧត្តម បន្តថា គណកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវបានចាត់ជាស្ថាប័ន តំណាងសម្រាប់សម្របសម្រួលគំនិតផ្តួចផ្តើមនេះ ក្រោមកិច្ចសហការ និងសម្របសម្រួលជាមួយអង្គការ សហប្រជាជាតិ ដែលមានកម្មវិធីស្បៀងអាហារពិភពលោក ជាស្ថាប័នសម្របសម្រួលប្រចាំប្រទេសកម្ពុជា។ 

ឯកឧត្តម ក៏បានបន្ថែមថា ទោះជាយ៉ាងណាក៏ដោយ ដើម្បីឱ្យគំនិតផ្តួចផ្តើមនេះដំណើរការទៅបានរលូន ចាំបាច់ត្រូវមានកិច្ចសហការ ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធផងដែរ។ ជាពិសេសស្ថានប័នជំនាញ ដូចជាក្រសួងធនធានទឹក និង ឧត្តុនិយម ក្នុងការផ្តល់ព័ត៌មានព្យាករណ៍នានា ដើម្បីឱ្យអ្នកប្រើប្រាស់យកទិន្នន័យនេះមកប្រើប្រាស់ មានភាពងាយស្រួល ក្នុងការធ្វើផែនការត្រៀមរៀបចំ ដែលជាយន្តការក្នុងការឆ្លើយតប ប្រកបដោយ ប្រសិទ្ធភាព និងជាពិសេស ចែករំលែកដល់ប្រជាជនជាមុន ក្នុងការត្រៀមរៀបចំ រួចជាស្រេចមុនពេល ព្រឹត្តិការណ៍គ្រោះមហន្តរាយកើតឡើង។ ក្នុងន័យនេះ ការងារគ្រប់គ្រង គ្រោះមហន្តរាយ និងការងារអភិវឌ្ឍ គឺជារឿងតែមួយ តែងតែបំពេញឱ្យគ្នាទៅវិញទៅមក ហើយវាមិនមែនរឿងពីរដាច់ដោយឡែកពីគ្នានោះទេ។ ដូច្នេះការអភិវឌ្ឍ ដែលមាននិរន្តរភាព និងប្រកប ដោយចីរភាព គឺបានគិតគូរអំពីហានិភ័យគ្រោះមហន្តរាយ និងរួមចំណែកដល់ការកាត់បន្ថយគ្រោះមហន្តរាយ និងការកាត់បន្ថយភាពក្រីក្រ របស់ប្រជាជន។

 

ឯកឧត្តម ក៏បានធ្វើការជំរុញលើកទឹកចិត្តដល់ ភាគីពាក់ព័ន្ធទាំងអស់ គប្បីយកចិត្តទុកដាក់ចូលរួមឱ្យបានសកម្ម និងខ្លាំងក្លាក្នុងការបំពេញកាតព្វកិច្ច លើការងារគ្រប់គ្រងគ្រោះមហន្តរាយ តាមរយៈការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ឱ្យបានថយចុះ ក្នុងកម្រិតអប្បបរមា ទោះបីគ្រោះមហន្តរាយបង្កឡើងដោយមនុស្សក្តី ឬដោយធម្មជាតិក្តី ហើយត្រូវចាត់ទុក ការងារគ្រប់គ្រងគ្រោះមហន្តរាយ គឺជាការងាររបស់យើងទាំងអស់គ្នានិងសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ដៃគូអភិវឌ្ឍន៍ អង្គការជាតិ អន្តរជាតិ និងភាគីអ្នកពាក់ព័ន្ធ ដែលបានចូលរួមក្នុងការគាំទ្រទាំងបច្ចេកទេស និងហិរញ្ញប្បទាន លើការពង្រឹងសមត្ថភាព ដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ជាតិ កន្លងមក និងបច្ចុប្បន្ន។