អបអរសាទរ “ទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ថ្ងៃទី១៣ តុលា ២០២៣” ក្រោមប្រធានបទ «វិនិយោគថ្នាក់ជាតិភាពធន់សហគមន៍»
អបអរសាទរ “ទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ថ្ងៃទី១៣ តុលា ២០២៣” ក្រោមប្រធានបទ «វិនិយោគថ្នាក់ជាតិភាពធន់សហគមន៍»
រាជធានីភ្នំពេញ,ថ្ងៃសុក្រ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣
ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា គ្រោះមហន្តរាយទឹកជំនន់ នៅតែឈរក្នុងលំដាប់លេខរៀងទី១ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយជំនន់ទន្លេមេគង្គ និងជំនន់ទឹកភ្លៀង បានបង្កផលប៉ះពាល់ និងខូចខាតដល់មូលដ្ឋានរាជធានី ខេត្តចំនួន២០ ប៉ះពាល់ប្រជាជនចំនួន២៩ ៤៨៩គ្រួសារ ដែលក្នុងនោះជម្លៀស ២ ០២៩គ្រួសារ ប្រជាជនរងគ្រោះស្លាប់៦នាក់ ក្នុងនោះស្រ្តី៤នាក់ រងរបួស ៦នាក់ សាលារៀនលិចទឹក ៨៦កន្លែង ។
ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម បានបញ្ជាក់បែបនេះ ក្នុងពិធីប្រារព្ធទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ១៣តុលា សម្រាប់ឆ្នាំ២០២៣ ក្រោមប្រធានបទ« វិនិយោគពីថ្នាក់ជាតិនូវភាពធន់សហគន៍» នៅថ្ងៃសុក្រ៦កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣នេះ នៅមជ្ឈ មណ្ឌលពិព័រណ៍សន្និបាតជ្រោយចង្វារ (OCIC) ។
ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម បានបញ្ជាក់ថា តាមរយៈទិវាជាតិ គ្រោះមហន្តរាយនៅថ្ងៃនេះ យើងបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់យើង ក្នុងការពង្រឹងបន្ថែមនូវយន្តការគ្រប់គ្រងហានិភ័យ គ្រោះមហន្តរាយដោយផ្លាស់ប្ដូរការផ្តោតលើការឆ្លើយតប ទៅការអនុវត្តអភិក្រមសកម្មភាពមុនគ្រោះអាសន្ន និងការកសាងភាពធន់ ដែលនឹងក្លាយជាសមីការថ្មីមួយសម្រាប់កម្ពុជា ក្នុងការធ្វើដំណើរចាកចេញពីសកម្មភាព ឆ្លើយតបគ្រោះមហន្តរាយតាមបែបប្រពៃណី ដែលយើងតែងធ្វើកន្លងមកឆ្ពោះទៅកាន់សកម្មភាពថ្មី ដោយភាពវៃឆ្លាតមានការព្យាករណ៍ទុកជាមុន និងការចាត់វិធានការមុន ជាមួយចក្ខុវិស័យយ៉ាងច្បាស់លាស់ យុទ្ធសាស្ត្រស៊ីជម្រៅ និងផែនការជាក់លាក់ ។
ឯកឧត្តម គីម វីរៈ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់ថា ទឹកជំនន់ក៏បានជន់លិចដំណាំស្រូវចំនួន ២២៧១៣ហិកតា និងខូចខាត ៤ ៥៨៣ហិកតា, ដំណាំរួមផ្សំលិចទឹកចំនួន ៣ ០២៦ហិកតា និងខូចខាត ១២៩៧ហិកតា, ជម្លៀសសត្វពាហនៈទៅទីទួលសុវត្ថិភាពចំនួន ៦ ៨៧៨ក្បាល និងងាប់ ៦ក្បាល ។ បន្ថែមពីលើនេះទឹកជំនន់បានប៉ះពាល់ផ្លូវជាតិ និងផ្លូវខេត្ត ប្រវែង ៥ ០៦៩ម៉ែត្រ, ផ្លូវក្រួសក្រហម បេតុង និងដីសប្រវែង ១៧៤៨៧៦ម៉ែត្រ, ប៉ះពាល់និងខូចខាតស្ពានឈើបេតុង និងស្ពានបាឡេចំនួន៥៣កន្លែង ។
ឯកឧត្ដមបានបន្ដថា តាមរយៈការប្រារព្ធទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ១៣តុលា សម្រាប់ឆ្នាំ២០២៣នេះ យើងនឹងទទួលបានមូលដ្ឋានសម្រាប់ត្រៀមរៀបចំ ជាមួយគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ក្រោមជាតិទាំង២៥ រាជធានី ខេត្ត ដើម្បីពង្រឹងការរៀបចំសម្រាប់ការឆ្លើយតបសង្រ្គោះបន្ទាន់ ក្នុងហេតុការណ៍គ្រោះមហន្តរាយ ។ យើងបានសម្របសម្រួលធ្វើបច្ចុប្បន្នភាពផែន ការត្រៀមបម្រុង សម្រាប់ឆ្លើយតបសង្រ្គោះបន្ទាន់ គ្រោះមហន្តរាយទឹកជំនន់ថ្នាក់ជាតិ និងថ្នាក់ខេត្តទាំង២៥ រាជធានីខេត្តផងដែរ ៕ ដោយសួស សំរិត