លំហាត់សាកល្បងថ្នាក់ជាតិស្តីពី  ការឆ្លើយតបសង្រ្គោះបន្ទាន់គ្រោះមហន្តរាយនៅកម្ពុជា  ត្រូវបានរៀបចំឡើងនៅខេត្តបន្ទាយមានជ័យ

ថ្ងៃច័ន្ទ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣
149 នាក់

(បន្ទាយមានជ័យ)៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានរៀបចំលំហាត់សាកល្បងថ្នាក់ជាតិស្តីពី  ការឆ្លើយតបសង្រ្គោះបន្ទាន់គ្រោះមហន្តរាយនៅកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម គីម វីរៈ អគ្គលេខាធិការ គ.ជ.គ.ម. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី  អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ , ដោយមានការចូលរួមពី លោកស្រី អ៊ីវ ច័ន្ទមន្នីរត្ន័ មន្ត្រីជាន់ខ្ពស់ កម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជា (WFP) ,ប្រធានលេខាធិការ ដ្ឋាន គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តចំនួន៦ រួមមាន ខេត្តបន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ ព្រះវិហារ កំពង់ធំ និងកំពង់ឆ្នាំង  រួមទាំងមន្រ្តីមន្ទីក្រសួងស្ថាប័នពាក់ព័ន្ធ, អង្គការដៃគូរនានា និងកងកម្លាំងប្រដាប់អាវុធ។
 
សិក្ខាសាលានេះរៀបចំឡើងមានរយៈពេលចំនួន៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៣-១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

ឯកឧត្តម គីម វីរៈ បានលើឡើងថា គោលបំណងនៃការរៀបចំលំហាត់សាកល្បងឆ្លើយតបសង្រ្គោះបន្ទាន់គ្រោះមហន្តរាយនេះ គឺដើម្បីពង្រឹង សមត្ថភាពឆ្លើយតបរបស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ក្រុមប្រតិបត្តិការ រុករកនិងសង្រ្គោះ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនដោយធ្វើឲ្យប្រសើរឡើងនូវការត្រៀមរៀបចំ និងប្រសិទ្ធភាពក្នុងការអនុវត្តការងារគ្រប់គ្រងគ្រោះមហន្តរាយ ការពង្រឹងទំនាក់ទំនង និងការធ្វើសកម្មភាពនានា។  
ឯកឧត្តម អគ្គលេខាធិការ ក៏បានបន្ថែមថា ក្នុងអំឡុងពេលនៃការធ្វើលំហាត់សាកល្បង អ្នកចូលរួមនឹងត្រូវអនុវត្តតាមសេណារីយ៉ូ ដោយប្រើព័ត៌មានដែលរៀបចំរួចជាស្រេច និងការធ្វើទាក់ទងជាមួយសហការីដើម្បីធានាថាការត្រៀមបម្រុងជាក់ស្តែងរបស់ពួកគេពិតជាអាចយកទៅប្រើប្រាស់បានដោយរបៀបណា? (យ៉ាងដូចម្តេច?) នៅពេលកើតមានគ្រោះមហន្តរាយ។ ខ្សែរយៈទំនាក់ទំនង រវាងតួអង្គពិតប្រាកដ នឹងត្រូវបានយកមកប្រើប្រាស់សម្រាប់ជាផ្នែកមួយនៃលំហាត់សាកល្បងនេះ ដើម្បីធ្វើឲ្យប្រសើរឡើងនូវការសម្របសម្រួលក្នុងការឆ្លើយតបនៅពេលខាងមុខ។

ជាចុងក្រោយ  ក្នុងនាមតំណាង ឯកឧត្តមទេសរដ្ឋមន្រ្តី អនុប្រធានទី១ ឯកឧត្តម គីម វីរៈ បានសំដែងនូវអំណរគុណ ចំពោះអង្គការដៃគូ និងអ្នកពាក់ព័ន្ធដទៃទៀត ជាពិសេសអង្គការស្បៀងអាហារពិភពលោក (WFP) ដែលបានខិតខំអស់ ពីកម្លាំងកាយ កម្លាំងចិត្ត និងសម្ភារ ថវិកា ដើម្បីពង្រឹងសមត្ថភាព ដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ជាតិ រហូតដល់ថ្នាក់ក្រោមជាតិ និងក្នុងពេលកំពុងបំពេញភារកិច្ច យ៉ាងសកម្មមមាញឹកជួយសង្រ្គោះ ដល់ប្រជាជនរងគ្រោះ នាឆ្នាំកន្លងមក៕