នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បន្តយកចិត្តទុកដាក់ចំពោះការរស់នៅ និងជីវភាព របស់អតីតយុទ្ធជនគ្រប់រូបឱ្យកាន់តែល្អប្រសើរ

ថ្ងៃច័ន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣
49 នាក់

(កំពង់ធំ)៖ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បន្តយកចិត្តទុកដាក់ចំពោះការរស់នៅ និងជីវភាព របស់អតីតយុទ្ធជនគ្រប់រូបឱ្យកាន់តែល្អប្រសើរ។

នាយឧត្តមសេនីយ៍ គន់ គីម ថ្លែងបែបនេះក្នុងពេលអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ ចែកអំណោយ ជូនបងប្អូនអតីតយុទ្ធជនកម្ពុជា ដែលមានជីវភាពខ្វះខាត និងងាយរងគ្រោះ ដោយសារទឹកជំនន់កន្លងមក ចំនួន១៤១គ្រួសារ ដែលរស់នៅលើដីសម្បទានសង្គមកិច្ច ស្ថិតក្នុងឃុំក្រយ៉ា ស្រុកសន្ទុក ខេត្តកំពង់ធំ នាព្រឹកថ្ងៃ២០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ គន់ គីម បាននាំនូវសេចក្តីនឹករលឹក និងការសាកសួរសុខទុក្ខ ពីសម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី កម្ពុជា ជូនដល់អតីតយុទ្ធជនទូទាំងខេត្តកំពង់ធំ។ 

លោកទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ ប្រព័ន្ធស្បៀងបម្រុងកម្ពុជា និងអគ្គនាយកដ្ឋានកសិកម្ម ក្នុងការចាត់ចែងដឹកជញ្ជូនកញ្ចប់ ស្បៀង និងកញ្ចប់គ្រាប់ពូជបន្លែ សម្រាប់ចែកជូនដល់អតីតយុទ្ធជន និងគ្រួសារ នាពេលនេះ។ ដោយក្នុង ១ គ្រួសារទទួលបាន ១កញ្ចប់ស្បៀង (អង្ករ ២៥គក្រ មី ១កេស ត្រីខកំប៉ុង ១យួរ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ១យួរ និងទឹកបរិសុទ្ធ ១កេស) រួមនឹង១កញ្ចប់គ្រាប់ពូជបន្លែ(ឃីដ)។


លោកទេសរដ្ឋមន្ត្រី បានឆ្លៀតគូសរំលេចពីគុណសម្បត្តិរបស់អតីតយុទ្ធជនគ្រប់រូប ក្នុងបុព្វហេតុជាតិមាតុភូមិពេលជួបភ្លើងសង្គ្រាមផ្ទៃក្នុង។ លោកទេសរដ្ឋមន្ត្រី បានអះអាងថា អតីតយុទ្ធជនគ្រប់រូប គឺសុទ្ធតែបានសាងគុណបំណាច់យ៉ាងធំធេងក្នុងបុព្វហេតុ ពោលគឺសមិទ្ធផលដែលកម្ពុជាមានពេលបច្ចុប្បន្នមិនអាចកាត់ផ្តាច់ពីការលះបង់របស់អតីតយុទ្ធជនកាលពីអតីតកាលបាននោះឡើយ។

ដើម្បីជាការតបស្នងចំពោះគុណបំណាច់របស់អតីតយុទ្ធជន រាជរដ្ឋាភិបាលកម្ពុជា តាមរយៈសមាគម អតីតយុទ្ធជនកម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះការរស់នៅរបស់អតីតយុទ្ធជន។

ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ជូននូវគោលនយោបាយជាច្រើន ដើម្បីរួមចំណែកលើកកម្ពស់ ជីវភាពរបស់អតីតយុទ្ធជនគ្រប់រូបឱ្យកាន់តែល្អប្រសើរ។ 

នាយឧត្តមសេនីយ៍ គន់ គីម គូសបញ្ជាក់ដូច្នេះ «ដើម្បីឆ្លើយតបទៅនឹងការលំបាក និងលើកស្ទួយ ជីវភាពរបស់អតីតយុទ្ធជន សម្តេចបវរធិបតី ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានណែនាំឱ្យបន្តសកម្មភាពដំណើរការសាងសង់ផ្ទះ និង រៀបចំ ដីសម្បទានសង្គមកិច្ចសម្រាប់ចែកជូនអតីតយុទ្ធជនក្រីក្រជាបន្តបន្ទាប់ ។

នាយឧត្តមសេនីយ៍ គន់ គីម ក៏មិនភ្លេចអំពាវនាវដល់អតីតយុទ្ធជនទាំងអស់ ចូលរួមថែរក្សាការពារនូវសុខសន្តិភាព ដែលរកបានមកដោយលំបាក ហើយអតីតយុទ្ធជនគ្រប់រូប គឺសុទ្ធតែបានដឹងច្បាស់នូវការលំបាកបណ្តាលមកពីភ្លើងសង្គ្រាម។ លោកទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា អ្វីៗដែលសមាជិកអតីតយុទ្ធជនកម្ពុជា ទទួលបានដូចសព្វថ្ងៃនេះ ដោយសារកម្ពុជាមានសន្តិភាព។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ គន់ គីម ក៏បានជំរុញឱ្យថ្នាក់ដឹកនាំសមាគមគ្រប់ថ្នាក់ ត្រូវបន្តយក ចិត្តទុកដាក់ដល់អតីតយុទ្ធជន ដែលកំពុងរស់នៅតាមឃុំសង្កាត់។ ត្រូវបែងចែកភារកិច្ចគ្នា ចុះជួប សំណេះសំណាល ផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយអតីតយុទ្ធជន តាមគ្រួសារ តាមខ្នង ផ្ទះនីមួយៗ៕