ព័ត៌មានលម្អិត៖ អគ្គិភ័យឆេះអគារ Sky City នៅកណ្ដាលរាជធានីភ្នំពេញ ត្រូវសមត្ថកិច្ចគ្រប់គ្រងបានទាំងស្រុងហើយ ក្រោយប្រើពេលអស់៣យប់៤ថ្ងៃ ជាមួយទឹកជាង៣,៧០០ឡាន
(ភ្នំពេញ)៖ បន្ទាប់ពីប្រើប្រាស់ពេលអស់ចំនួន៣យប់៤ថ្ងៃ អគ្គិភ័យឆេះអគារ Sky City ស្ថិតនៅចំកណ្ដាលរាជធានីភ្នំពេញ ត្រូវកម្លាំងសមត្ថកិច្ចគ្រប់គ្រងបានទាំងស្រុងហើយ នៅល្ងាចថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣នេះ។ អគារ Sky City កម្ពស់៥ជាន់ ដែលកំពុងដំណើរការសាងសង់ដោយអន្លើរនេះ ត្រូវបានអគ្គិភ័យឆាបឆេះឡើង កាលពីព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ដោយសមត្ថកិច្ចសន្និដ្ឋានជំហ៊ានដំបូងថា បណ្ដាលមកពីការឆ្លងចរន្ដអគ្គិសនី។
ប្រតិបត្តិការយ៉ាងសស្រាក់សស្រាំដោយមិនខ្លាចនឿយហត់ទាំងយប់ទាំងថ្ងៃ ជាមួយភាពស្មុគស្មាញនៃទីតាំងអគារនេះ ធ្វើឡើងដោយកម្លាំងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ, នាយកដ្ឋាននគរបាលបង្ការ និងពន្លត់អគ្គិភ័យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ, ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, អង្គភាព 711 នៃកងពលតូចលេខ៧០, បញ្ជាការដ្ឋានទ័ពពិសេស និងបណ្ដារថយន្ដជំនួយរបស់ក្រុមឯកជនជាច្រើនផ្សេងទៀត។
នៅទីតាំងប្រតិបត្តិការផ្ទាល់ គេឃើញមានការដឹកនាំបញ្ជាពីសំណាក់ ទេសរដ្ឋមន្ដ្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ, លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ, លោក មាន ចាន់យ៉ាដា អភិបាលរង និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ព្រមទាំងកងកម្លាំងជំនាញ និងអាជ្ញាធរមូលដ្ឋានផងដែរ។
យោងតាមរបាយការណ៍របស់ការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្នុងរយៈពេល៣យប់ ៤ថ្ងៃនេះ កម្លាំងសមត្ថកិច្ចប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យចំនួន៥២គ្រឿង និងប្រើប្រាស់ទឹកសរុបចំនួន៣,៧៩៧ឡាន ជាមួយកម្លាំងសរុបរួមក្នុងប្រតិបត្តិការសង្គ្រោះជាង៤០០នាក់។
ក្នុងនោះរួមមាន៖ រថយន្ដការិយាល័យជំនាញចំនួន២១គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន៣០០០ឡាន, រថយន្តអគ្គិភ័យក្រសួងមហាផ្ទៃចំនួន៥គ្រឿង ប្រើប្រាស់អស់ចំនួន៤៨ឡាន, រថយន្តអគ្គិភ័យទីក្រុងកោះពេជ្រចំនួន៤គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៣២០ឡាន, រថយន្តអគ្គិភ័យទីក្រុងនរាចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៥០ឡាន, រថយន្តអគ្គិភ័យទីក្រុងជ្រោយចង្វារចំនួន៧គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន២៦២ឡាន, រថយន្តអគ្គិភ័យទីក្រុងអូឡាំព្យាចំនួន ២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៣០ឡាន, រថយន្តអគ្គិភ័យ៧១១ចំនួន៤គ្រឿង ប្រើប្រាស់អស់ចំនួន៥០ឡាន, រថយន្តអគ្គិភ័យកងប្រតិបត្តការរុករក និងសង្គ្រោះគ្រោះមហន្តរាយ៩១១ ចំនួន៤គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១៨ឡាន, រថយន្តអគ្គិភ័យបុរីប៉េងហួតចំនួន២គ្រឿងប្រើប្រាស់ទឹកអស់ចំនួន១៤ឡាន និងរថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៥ឡាន។
បើទោះបីអគ្គិភ័យត្រូវគ្រប់គ្រងបានទាំងស្រុងយ៉ាងណាក្ដី នៅយប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣នេះ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ បានបន្ដដាក់កម្លាំងការិយាល័យជំនាញរបស់លោក ដើម្បីប្រចាំការមួយយប់ទៀតនៅកន្លែងកើតហេតុ ព្រោះខ្លាចក្រែងមានចន្លោះប្រហោងដោយប្រការណាមួយ ឬអាចនៅសេសសល់រងើកភ្លើងដែលអាចបង្កជាអគ្គិភ័យឡើងវិញ ខណៈកម្លាំងបណ្ដាអង្គភាពផ្សេងទៀត ត្រូវបានអនុញ្ញាតឲ្យវិលចូលអង្គភាពវិញ។
ទេសរដ្ឋមន្ដ្រី គន់ គីម បានថ្លែងអំណរគុណ និងស្ញប់ស្ញែងចំពោះកងកម្លាំងសង្គ្រោះគ្រប់បណ្ដាអង្គភាពទាំងអស់ ដែលរួមសហការគ្នាបានយ៉ាងល្អ ទើបឈានទៅគ្រប់គ្រងបានទាំងស្រុងនៅករណីអគ្គិភ័យមួយនេះ។ លោកបានចាត់ទុកថា នេះជាបទពិសោធន៍មួយបន្ថែមទៀត សម្រាប់កម្លាំងសង្គ្រោះ ដោយហេតុថា ទីតាំងអគារនេះមានភាពស្មុគស្មាញ់ និងលំបាកក្នុងការចូលទៅសង្គ្រោះ៕