ប្រកាសទទួលស្គាល់ លោកឧត្តមសេនីយ៍ទោ ស ថេង ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តពោធិ៍សាត់ ជំនួសលោកឧត្តមសេនីយ៍ទោ ប៉ែន ណាវណ្ណ ដែលត្រូវផ្លាស់ប្ដូរទទួលភារកិច្ចថ្មី
(ពោធិ៍សាត់)៖ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន សមាគមអតីតយុទ្ធជនកម្ពុជា និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសទទួលស្គាល់ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ ជាប្រធានគណៈកម្មាធិការ និងជាប្រធានគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការ សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តពោធិ៍សាត់ តាមការចាំបាច់របស់គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្ដាល សមាគមអតីតយុទ្ធជនកម្ពុជា។
ពិធីនេះ ត្រូវបានធ្វើឡើងនៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ ដោយមានការចូលរួមពី លោក ខូយ រីដា អភិបាលខេត្ត និងជាប្រធានកិត្តិយស សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាព ស្នងការ ស្នងការរង មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការតំបន់ប្រតិបត្តការសឹករងខេត្ត អភិបាលក្រុងស្រុក អធិការក្រុងស្រុក និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ទាំង៤៩ឃុំសង្កាត់។
បន្ទាប់ពីពិធីប្រគល់សេចក្ដីសម្រេចនោះរួចមក, លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ ជាប្រធានគណៈកម្មាធិការ និងជាប្រធានគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការ សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តពោធិ៍សាត់ ដែលទើបតែងតាំងថ្មី បានឡើងប្ដេជ្ញាចិត្ត ស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោតស្របច្បាប់។ ជាមួយគ្នានោះ លោកសូមប្ដេជ្ញាអនុវត្តឲ្យបានម៉ឺងម៉ាត់ នូវច្បាប់រដ្ឋធម្មនុញ្ញ, គាំទ្រ និងអនុវត្តនូវគោលនយោបាយ យុទ្ធសាសបញ្ចកោណ របស់រាជរដ្ឋាភិបាល ដែលមានសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ អនុវត្តអនុសាសន៍ទាំង១៤ចំណុច ក្នុងឱកាសបិទមហាសន្និបាត តំណាងសមាគមអតីតយុទ្ធជនកម្ពុជា ទូទាំងប្រទេស លើកទី២។ ប្ដេជ្ញាគោរពបទបញ្ជា លក្ខន្តិកៈ សេចក្ដីសម្រេច សេចក្ដីណែនាំរបស់សមាគម ដែលមានសម្ដេចតេជោ ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា។ សហការជាមួយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជម្រុញការដោះស្រាយសម្បទានដីសង្គមកិច្ច ដើម្បីបែងចែងជូនអតីតយុទ្ធជនក្រីក្រ គ្មានដីបង្កបង្កើនផលពិតប្រាកដ។ បំផុសចលនាប្រលងប្រណាំង៣ពូកែ របស់ អ.ស.ក នៅគ្រប់ថ្នាក់, រកឲ្យឃើញអតីតយុទ្ធជនមានស្នាដៃ ដើម្បីលើកសរសើរផ្សព្វផ្សាយធ្វើជាគំរូនិងជូនរង្វាន់។ ខិតខំអំពាវនាវរកសប្បុរសជន អាជីវករ ក្រុមហ៊ុន និងអង្គការផ្សេងៗ ដើម្បីគៀងគររកមូលនិធិជួយទ្រទ្រង់សមាគម និងជួយសាងសង់ផ្ទះជូនសមាជិកដែលខ្វះទីជម្រក។ បន្តជម្រុញការងារសម្ព័ន្ធមេត្រីភាព រវាងមន្ទីរអង្គភាពជុំវិញខេត្ត ជាមួយអតីតយុទ្ធជន។
លោក ខូយ រីដា អភិបាលខេត្ត និងជាប្រធានកិត្តិយស សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តពោធិ៍សាត់ និងនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន សមាគមអតីតយុទ្ធជនកម្ពុជា និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មានប្រសាសន៍ស្រដៀងៗគ្នាថា ការផ្លាស់ប្ដូរប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តពោធិ៍សាត់ នាពេលនេះ ទី១-ដោយសារលោកឧត្តមសេនីយ៍ទោ ប៉ែន ណាវណ្ណ បានក្លាយទៅជាអនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ ទី២-នៅយោធភូមិភាគទី៥ នឹងធ្វើការដោះដូរកងទ័ព ទៅឲ្យនគរបាល ដោយសារនគរបាល មានបុស្ដិរដ្ឋបាលនៅថ្នាក់ ឃុំ សង្កាត់ ហើយមានអធិការដ្ឋាននគរបាលនៅតាមស្រុក និងនៅខេត្ត មានស្នងការដឹកនាំផ្ទាល់។ ដូច្នេះហើយ ដើម្បីកុំឲ្យបញ្ជាខ្សែបណ្ដោយ‑ទទឹងពិបាក ទើបប្រគល់ភារកិច្ចឲ្យស្នងការនគរបាលខេត្ត ធ្វើជាប្រធានសមាគមអតីតយុទ្ធជនតែម្ដង។
ថ្នាក់ដឹកនាំទាំង២ បានគាំទ្រយ៉ាងពេញទំហឹង ចំពោះបេសកកម្មការងាររបស់សមាគម និងខិតខំជួយជម្រុញចលនាសមាគម ឲ្យដំណើរការបានកាន់តែប្រសើរឡើង ដើម្បីចូលរួមលើកកម្ពស់តួនាទីរបស់អតីតយុទ្ធជន។
ក្នុងថ្ងៃដដែលនោះ ប្រតិភូដឹកនាំដោយ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ក៏បានបន្តចុះពិនិត្យ ទីតាំងស្ថាបនាទំនប់ច្រាំងស្ទឹងការពារទឹកជំនន់ ស្ថិតក្នុងភូមិស្វាយចាន់ ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដែលកន្លងមកមានការបាក់ស្រុត ជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕