សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យក្រសួងកសិកម្ម និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ព្រមទាំងស្ថាប័នពាក់ព័ន្ធ ត្រៀមលក្ខណៈដោះស្រាយបញ្ហាទឹកនៅរដូវប្រាំង
(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ព្រមទាំងស្ថាប័នពាក់ព័ន្ធ ត្រៀមលក្ខណៈដោះស្រាយបញ្ហាទឹកនារដូវប្រាំងខាងមុខនេះ។
ការណែនាំនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅទីស្ដីការនាយករដ្ឋមន្ដ្រី (វិមានសន្ដិភាព) នាព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។
ក្នុងសេចក្ដីប្រកាសព័ត៌មាន ពីលទ្ធផលកិច្ចប្រជុំគណៈរដ្ឋមន្ត្រី បានបញ្ជាក់ថា «សម្ដេចបានណែនាំឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ព្រមទាំងស្ថាប័នពាក់ព័ន្ធ ត្រៀមលក្ខណៈដោះស្រាយបញ្ហាទឹក ពីព្រោះការប្រែប្រួលអាកាសធាតុ អាចធ្វើឲ្យរដូវប្រាំងឆ្នាំនេះ អូសបន្លាយពេលយូរ»។
បន្ថែមពីនោះទៀត សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឲ្យពិនិត្យ និងស្តារប្រព័ន្ធធារាសាស្ត្រ តាមគ្រប់លទ្ធភាពដែលមានផងដែរ។
ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់អាជ្ញាធរពាក់ព័ន្ធ ដែលបានខិតខំអន្ដរាគមន៍ ទាន់ពេលវេលាក្នុងការដោះស្រាយបញ្ហា ដែលពលរដ្ឋក្នុងតំបន់មួយចំនួនខ្វះ ទឹកធ្វើស្រែប្រាំង ដោយសារឆ្នាំនេះ ស្រូវឡើងថ្លៃ ហើយកសិករសម្រុកធ្វើស្រែប្រាំងលើសផែនការ។
សូមជម្រាបថា ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីការព្យាករអាកាសធាតុលើកទី១ សម្រាប់រដូវប្រាំងឆ្នាំ២០២៤ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ដោយបានបញ្ជាក់ថា ចាប់ពីខែកុម្ភៈ ដល់ខែឧសភា អាកាសធាតុកើនកម្តៅជាលំដាប់ និងក្តៅខ្លាំងនៅក្នុងខែមេសា ដល់ដើមខែឧសភា។
ក្រសួងក៏បានអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជន ចូលរួមសហការថែរក្សា និងប្រើប្រាស់ទឹកដោយសន្សំសំចៃ ក្នុងកម្រិតខ្ពស់បំផុត ជាពិសេសបណ្តាតំបន់ជនបទ ដាច់ស្រយាលនៅឆ្ងាយពីប្រភពទឹក៕