កិច្ចប្រជុំស្តីពីដំណើរការកសាងផែនការសកម្មភាពជាតិកាត់បន្ថយហានិភ័យគ្រោះមហន្តរាយឆ្នាំ២០២៤-២០២៨
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំស្តីពីដំណើរការកសាងផែនការសកម្មភាពជាតិកាត់បន្ថយហានិភ័យគ្រោះមហន្តរាយឆ្នាំ២០២៤-២០២៨។
ក្នុងកិច្ចប្រជុំនេះក៏មានការចូលរួមពី ឯកឧត្តម អនុប្រធាន គ.ជ.គ.ម. ឯកឧត្តម អគ្គលេខាធិការ ឯកឧត្តមលោកជំទាវ អគ្គលេខាធិការរង ទីប្រឹក្សា លោកប្រធាននាយកដ្ឋាន និងមន្ត្រីពាក់ព័ន្ធមួយចំនួន នៅសាលប្រជុំ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
ផែនការសកម្មភាពជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ដើរតួនាទីជាផែនទីបង្ហាញ ផ្លូវសម្រាប់ការរៀបចំផែនការប្រតិបត្តិប្រចាំឆ្នាំនីមួយៗ ដើម្បីសម្រេចឱ្យបាននូវកម្មវិធីអាទិភាពទាំង ១៨ ដែលបានដាក់ចេញ។ ជាពិសេសផែនការនេះរួមចំណែកក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការភាពជាដៃគូជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ អង្គការសហប្រជាជាតិ សង្គមស៊ីវិល និងវិស័យឯកជន ក្នុងការរួមគ្នាអនុវត្តវិធានការការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយសម្រាប់មុខសញ្ញាដែលមានស្រាប់ និងមុខសញ្ញាគ្រោះថ្នាក់ថ្មីៗដែលកើតមានឡើងដោយសារការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។
ដូច្នេះហើយ នៅក្នុងផែនការសកម្មភាពជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយក៏បានកំណត់ គោលដៅយុទ្ធសាស្រ្តចំនួន៤ និងកម្មវិធីអាទិភាពចំនួន១៨ សម្រាប់អនុវត្តក្នុងរយៈពេល៥ឆ្នាំបន្តឆ្នាំ២០២៤-២០២៨។