ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់លើផែនការសកម្មភាពជាតិ សម្រាប់កាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ឆ្នាំ២០២៤-២០២៨ ។
នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវធិតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំពិគ្រោះយោបល់លើផែនការសកម្មភាពជាតិសម្រាប់កាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ២០២៤-២០២៨ ។
កិច្ចប្រជុំប្រព្រឹត្តទៅនៅវិមានសន្តិភាព ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អនុប្រធាន គ.ជ.គ.ម. ឯកឧត្តម លោកជំទាវ តំណាងក្រសួងស្ថាប័ន ឯកឧត្តម អគ្គលេខាធិការ អគ្គលេខាធិការរង ព្រមទាំងមន្ត្រីពាក់មួយចំនួនទៀត។
ឯកឧត្តម កិត្តិសង្គហបណ្ឌិត មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដាក់ចេញផែនការសកម្មភាពជាតិសម្រាប់កាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ដើម្បីចូលរួមកាត់បន្ថយផលប៉ះពាល់បណ្តាលមកពីគ្រោះមហន្តរាយឱ្យបានកាន់តែខ្ពស់។
ជាក់ស្តែងផែនការសកម្មភាពជាតិសម្រាប់កាត់បន្ថយហានិភ័យគ្រោះមហន្តរាយ២០២៤-២០២៨ ត្រូវបានបើកកិច្ចប្រជុំពិគ្រោះយោបល់ នាពេលនេះដើម្បីទទួលបានធាតុចូលថ្មីៗបន្ថែមទៀតដើម្បីឱ្យស៊ីសង្វាក់គ្នារវាងក្រសួងស្ថាប័ននៃរាជរដ្ឋាភិបាល សម្រាប់ដាក់ជូននាយករដ្ឋមន្ត្រី ដើម្បីផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលខាងមុខនេះ។
ផែនការសកម្មភាពជាតិសម្រាប់កាត់បន្ថយហានិភ័យគ្រោះមហន្តរាយ២០២៤-២០២៨ គឺជាសមិទ្ធផលថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវធិបតី ហ៊ុន មាណែត ដើម្បីលើកកម្ពស់ឧត្តមប្រយោជន៍ និងផ្តល់នូវទិសដៅយុទ្ធសាស្ត្រសម្រាប់សកម្មភាពដែលបានគ្រោងទុករយៈពេល៥ឆ្នាំ ស្រមតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ក្នុងបញ្ចកោណទី៤ ដើម្បីកាត់បន្ថយកម្រិតរងគ្រោះ និងភាពងាយរងគ្រោះទប់ស្កាត់ហានិភ័យ និងគ្រោះថ្នាក់ កើតចេញពីគ្រោះមហន្តរាយ។
ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានក្រើនរំលឹកក្នុងពិធីនោះថា ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ គឺជាការងារប្រទាក់ក្រឡាដែលមិនអាចស្ថាប័នណាមួយអនុវត្តឯកឯងបានឡើយ គឺត្រូវមានការសម្របសម្រួលឱ្យបានល្អ មានកិច្ចខិតខំប្រឹងប្រែងគ្រប់វិស័យ អនុវត្តរួមគ្នាដោយក្រសួងស្ថាប័នរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងអង្គការសង្គមស៊ីវិល។
ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់បន្ថែមថា «ការអនុវត្តផែនការសកម្មភាពជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ចាំបាច់ក្រសួងស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ សង្គមស៊ីវិល វិស័យឯកជនត្រូវយកតួនាទី និងការទទួលខុសត្រូវរៀងៗខ្លួន ចូលរួមកាត់បន្ថយហានិភ័យ ដើម្បីការកសាងភាពធន់នៅគ្រប់វិស័យទាំងអស់នៃសង្គម និងផ្តល់លទ្ធភាពឱ្យសហគមន៍ និងប្រទេសរបស់យើងអាចទប់ទល់នឹងផលប៉ះពាល់ដែលបង្កឡើងដោយសារគ្រោះមហន្តរាយពីមុខសញ្ញាគ្រោះថ្នាក់នានាដោយធម្មជាតិ និងមនុស្ស និងជួយដល់ការស្តារឡើងវិញក្រោយពេលមានគ្រោះមហន្តរាយនោះផងដែរ»។
ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះក្រសួងស្ថាប័នពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ រដ្ឋបាលរាជធានី ខេត្ត សប្បុរសជន និងគ្រប់អ្នកពាក់ព័ន្ធទាំងអស់ដែលបានចូលរួមឆ្លើយតបគ្រោះមហន្តរាយមានប្រសិទ្ធភាពខ្ពស់នាពេលកន្លងមក៕