ឯកអគ្គរដ្ឋទូតវៀតណាម អញ្ជើញជូនពរ ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ក្នុងឱកាសពិធីបុណ្យចូលឆ្នំាថ្មីប្រពៃណីជាតិខ្មែរ
(ភ្នំពេញ)៖ ដើម្បីចូលរួមអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ក្នុងពេលខាងមុខនេះ ឯកឧត្តម ង្វៀន ហ៊ុយតាំង ឯកអគ្គរដ្ឋទូត វៀតណាមចាំកម្ពុជា បានដឹកនាំប្រតិភូមកជូនពរ ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នារសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ នៅគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
ក្នុងមនោសញ្ចេតនារាក់ទាក់ ស្និទ្ធស្នាល ឯកឧត្តម ង្វៀន ហ៊ុយតាំង បានជូនពរដល់ ឯកឧត្តម កិត្តិសង្គហបណ្ឌិត ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ក្នុងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សូមជួបតែសេចក្តីសុខចម្រើន សុខភាពល្អបរិបូរណ៍ ទទួលបានលាភជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការក្នុងឆ្នាំថ្មី និងសម្រេចបានជោគជ័យគ្រប់ភារកិច្ច។
ជាកិច្ចឆ្លើយតប ឯកឧត្តម កិត្តិសង្គហបណ្ឌិត បានសម្ដែងនូវសេចក្តីសោមនស្សរីករាយចំពោះឯកអគ្គរដ្ឋទូតវៀតណាម ដែលបានឆ្លៀតឱកាសមកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីប្រពៃណីខ្មែរ បង្ហាញពីមនោសញ្ចេតនាស្រឡាញ់រាប់អានជាបងជាប្អូន ក្នុងនាមប្រទេសភូមិផងរបងជាមួយគ្នា។
ឯកឧត្តម កិត្តិសង្គហបណ្ឌិត បានរំលេចពីទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរដែលមានតាំងពីយូរលង់មកហើយ ធ្លាប់ជួយគ្នាទៅវិញទៅមកនៅក្នុងការផ្សះផ្សារបង្រួបបង្រួមជាតិ ហើយបច្ចុប្បន្ននៅតែបន្តពង្រឹងពង្រីកទំនាក់ទំនងល្អប្រសើរលើគ្រប់វិស័យ ជាពិសេសក្នុងដំណាក់កាលថ្មីដែលប្រទេសជាតិនីមួយៗមានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។
នៅចុងបញ្ចប់ ឯកឧត្តម កិត្តិសង្គហបណ្ឌិត ក៏បានជូនពរដល់ឯកឧត្តម ង្វៀន ហ៊ុយតាំង ឯកអគ្គរដ្ឋទូត វៀតណាមចាំកម្ពុជា និងប្រតិភូ សូមមានសុខភាពល្អ កម្លាំងខ្លាំងក្លា និងសម្រេចបានជោគជ័យថ្មីៗបន្ថែមទៀត៕