ទេសរដ្ឋមន្ត្រី គន់ គីម និងប្រធានអង្គការ «ការីតាសកម្ពុជា» នាំអំណោយជូនពលរដ្ឋរងគ្រោះទឹកជំនន់នៅរតនគិរី
(រតនគីរី)៖ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋ ៥០០គ្រួសារដែលរងគ្រោះដោយទឹកជំនន់នៅឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក គឹម រតនា នាយកអង្គការ «ការីតាសកម្ពុជា» និងមន្ត្រីជុំវិញខេត្តជាច្រើនរូបផ្សេងទៀត។
ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី គន់ គីម បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតី ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនប្រជាពលរដ្ឋរងគ្រោះទាំងអស់។
លោកទេសរដ្ឋមន្ត្រី បានថ្លែងទៅកាន់ប្រជាពលរដ្ឋរងគ្រោះនោះថា «សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងបានយកចិត្តទុកដាក់ និងតាមដានជាប់ជានិច្ចចំពោះស្ថានភាពរស់នៅរបស់បងប្អូនទាំងអស់ ជាពិសេសនៅក្នុងពេលរងគ្រោះដោយទឹកជំនន់នេះ។ សម្តេចទាំងទ្វេតែងតែរំលឹកខ្ញុំជានិច្ចឱ្យចុះមកដោះស្រាយ និងជួយទុក្ខធុរៈរបស់បងប្អូន។ សូមបងប្អូនកុំមានការព្រួយបារម្ភឱ្យសោះសម្តេចលោកតែងតែនឹករលឹក និងខ្វាយខ្វល់ចំពោះបងប្អូន មិនទុកបងប្អូនចោលនោះឡើយ»។
លោកទេសរដ្ឋមន្ត្រី គន់ គីម បានលើកឡើងទៀតថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ ចំពោះប្រជាពលរដ្ឋរងគ្រោះទាំងអស់ ដោយមិនទុកឲ្យប៉ះពាល់ដល់អាយុជីវិត។ ជាក់ស្តែងក្នុងអំឡុងពេលគ្រោះទឹកជនន់ថ្មីៗនេះ តាមបញ្ជាររបស់សម្តេចទាំងពីរ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដាក់ចេញនូវផែនការសរុប និងប្រើប្រាស់ធម្យោបាយសរុប កម្លាំងសរុប ដើម្បីជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព និងបញ្ជូនសម្ភារៈប្រើប្រាស់ តង់ មុងជ្រលក់ថ្នាំការពារមូស ឱសថ កានទឹក ក្រុមគ្រូពេទ្យប្រចាំការ និងស្បៀងអាហារ ជូនបងប្អូនដែលកំពុងនៅទីទួលសុវត្ថិភាព។
លោក គន់ គីម ក៏បានថ្លែងអំណរគុណដល់អង្គការការីសតាសកម្ពុជា ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលដោយផ្តល់ជាអំណោយមនុស្សធម៌ ដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះទឹកជំនន់នៅស្រុកលំផាត់ទាំងអស់។
គួរបញ្ជាក់ផងដែរថា អំណោយមនុស្សធម៌របស់អង្គការការីសតាសកម្ពុជា ត្រូវបានចែកជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះចំនួន ៥០០គ្រួសារ មកពី៣ភូមិ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ ១បេ ២៥គីឡូក្រាម, តង់ ១, ឃីត ១ (មុង,ភួយ,ទឹកត្រី, ទឹកស៊ីអីវ, ស្កសរ, អំបិល, ខ្លាញ់) និងទឹកសុទ្ធមួយយួរ) ជាអំណោយរបស់សម្បុរសជន។
ឆ្លៀតក្នុងឱកាសនោះដែរលោកទេសរដ្ឋមន្រ្តី គន់ គីម ក៏បានចុះជួបសំណេះសំណាល សាកសួរសុខទុក្ខប្រជាពលរដ្ឋនៅតាមខ្នងផ្ទះដោយផ្ទាល់ ដើម្បីស្វែងយល់ពីបញ្ហាប្រឈម និង តម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ក្រោយទឹកជំនន់និង បានផ្តាំផ្ញើឲ្យប្រជាពលរដ្ឋរងគ្រោះទាំងអស់ ឲ្យថែរក្សាសុខភាពឲ្យបានល្អ និងសម្អាតភូមិ លំនៅដ្ឋានរបស់ខ្លួន នៅពេលបងប្អូនប្រឡប់មកកាន់លំនៅដ្ឋានវិញបន្ទាប់ពីទឹកជំនន់បានស្រកចុះ៕