ឯកឧត្តម គីម វីរៈ អគ្គលេខាធិការ គ.ជ.គ.ម. អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តត្បូងឃ្មុំ
នារសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម គីម វីរៈ អគ្គលេខាធិការ គ.ជ.គ.ម. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គ.ជ.គ.ម. បានដឹកនាំក្រុមការងារដែលរួមមាន ឯកឧត្តម អគ្គលេខាធិការរង ប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញ ប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តត្បូងឃ្មុំ។
កិច្ចប្រជុំមានការអញ្ជើញចូលរួមពី ឯកឧត្តម អភិបាលរងទទួលបន្ទុកជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ស្នងការរង ក្រុង ស្រុក ឃុំ សង្កាត់ មន្ទីរជុំវិញខេត្ត សាខាកាកបាទក្រហម និងអង្គការដៃគូរ សរុបប្រមាណ២៤០រូប។
ក្នុងកិច្ចប្រជុំ មន្ត្រីជំនាញ គ.ជ.គ.ម. ក៏បានធ្វើបទបង្ហាញជូនអង្គប្រជុំជាការផ្សព្វផ្សាយ ដើម្បីឱ្យមានការត្រៀមលក្ខណៈជាមុនក្នុងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយនានាដែលអាចកើតមានជាយថាហេតុនារដូវវស្សាដែលឈានចូលមកដល់ឆាប់ៗនេះ។
លេខាធិការដ្ឋានថ្នាក់ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ មន្ទីរ និងអង្គការដៃគូរ បានឈ្លៀតឱកាសនោះធ្វើការចែករំលែកអំពីបទពិសោធន៍ ការអនុវត្តល្អ និងបញ្ហាប្រឈមដែលជួបប្រទះនាពេលកន្លងមក។
ឯកឧត្តម គីម វីរៈ អគ្គលេខាធិការ បានដាក់ចេញនូវការណែនាំមួយចំនួន ដើម្បីជាជំនួយស្មារតីសម្រាប់ខេត្តអនុវត្តជាការតៀមរៀបចំសម្រាប់ឆ្លើយតបទៅនឹងគ្រោះមហន្តរាយ។ ការណែនាំទាំងនោះ គឺបានគ្របដណ្ដប់ទៅលើបញ្ហាមួយចំនួនរួមមាន ការពង្រឹងប្រព័ន្ធព័ត៌មាន (PRISM, EWS1294, CamDi) ការធ្វើបច្ចុប្បន្នភាពសៀវភៅផែនការ ការរៀបចំទីទួលសុវត្ថិភាព និងការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។