លោកកិត្តិសង្គហបណ្ឌិត គន់ គីម បើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ នៅខេត្តឧត្តរមានជ័យ
(ឧត្តរមានជ័យ)៖ លោកកិត្តិសង្គហបណ្ឌិត គន់ គីម សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះជួយខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ នៅខេត្តឧត្តរមានជ័យ។
ក្នុងឱកាសនោះ លោក គន់ គីម បានរំលឹកអរគុណដល់បងប្អូន ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នាពេលកន្លងមក ព្រមទាំងក្រុមប្រឹក្សាឃុំសង្កាត់ និងក្រុមប្រឹក្សាស្រុកខេត្ដ រួមទាំងសមាជិកព្រឹទ្ធសភា ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ក្នុងការជ្រើសរើសសមាជិកព្រឹទ្ធសភា ដែលប្រកបដោយជោគជ័យ ដោយមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធានព្រឹទ្ធសភា។
លោកបានលើកឡើងថា កម្ពុជាមានការបោះឆ្នោតច្រើនដង ដូច្នេះការបោះឆ្នោតលើកនេះ ជាការបោះឆ្នោតមួយ ដែលធ្វើឡើងស្របតាមប្រតិទិន នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលជាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ស្រុក ខេត្ដ ហើយយោងទៅតាមកម្មវិធីគណបក្សប្រជាជន នឹងបើកយុទ្ធនាការរហូតដល់ថ្ងៃទី២៤។
លោកបានផ្ដាំផ្ញើដល់ជាសមាជិកក្រុមប្រឹក្សា ស្រុក ខេត្ដ នៃបក្សផ្សេងៗទៀត ដែលមានសុច្ឆន្ទៈដូចសមាជិកសភា៣នាក់ នៃបក្សប្រឆាំង បានបោះឆ្នោតជូនសម្ដេចតេជោ ហ៊ុន សែន ដែលនេះជាគំរូមួយដែលបងប្អូននៃបក្សផ្សេងទៀត សូមពិចារណា ហើយបើពេញចិត្ដបោះឆ្នោតជូនគណបក្សប្រជាជន ជាជម្រើសដ៏ល្អ៕