ពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ របស់គណបក្សប្រជាជនកម្ពុជា ខេត្តឧត្តរមានជ័យ
(ខេត្តឧត្តរមានជ័យ) នៅព្រឹកថ្ងៃទី២៤ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយគណបក្សខេត្តឧត្តរមានជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីបិតយុទ្ធនាការឃោសនាអង្គបោះឆ្នោតក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ឃុំ សង្កាត់ អាណត្តិទី៤ ទូទាំងខេត្តឧត្តរមានជ័យ ពិធីនេនេះបានប្រារពធ្វើនៅស្នាក់ការគណបក្សស្រុកអន្លង់វែងដែលមានសមាជិកចូលរួមចំនួន១៨៩៩នាក់ដោយប្រើប្រាស់រថយន្តចំនួន ១៥៦ គ្រឿង និងម៉ូតូចំនួន ៥៤៩គ្រឿង ។ ក្នុងកិច្ចសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា អញ្ជើញមានប្រសាសន៍ក្នុងឱកាសដ៏ថ្លៃថ្លានោះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ក្នុងនាមសម្តេចប្រធាន សម្តេចអនុប្រធានគណបក្សប្រជាជនកម្ពុជា បានសម្តែងនូវការគោរពអរគុណ និងកោតសរសើរវាយតម្លៃខ្ពស់ចំពោះ អស់លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ មកពីគណបក្សប្រជាជនកម្ពុជាទូទាំងក្រុង និងខេត្តដែលបានប្តេជ្ញាចិត្តចូលរួមយ៉ាងសកម្ម ក្រោមការដឹកនាំរបស់គណបក្ស និងបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ កន្លងទៅថ្មីៗនេះ ចូលរួមធ្វើឱ្យគណបក្សប្រជាជនកម្ពុជាយើងដណ្តើមបានជោគជ័យយ៉ាងត្រចះត្រចង់ក្នុងការបោះឆ្នោតដ៏មានសារសំខាន់នេះ ។ ទន្ទឹមនេះ ឯកឧត្តមគតិ្តសង្គហបណ្ឌិត គន់ គីម ក៍សូមថ្លែងនូវការកោតសរសើរ អរគុណ និងវាយតម្លៃខ្ពស់ ចំពោះគណៈកម្មាធិការគណបក្ស និងក្រុមការងារគណបក្សចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់នៃក្រុងនិងខេត្តឧត្តរមានជ័យ ដែលបានខិតខំបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការសម្របសម្រួលចាត់ចែងការងារបោះឆ្នោតរបស់គណបក្ស ដោយបានលះបង់នូវកម្លាំងកាយ ប្រាជ្ញាស្មារតី និងធនធានផ្ទាល់ខ្លួនយ៉ាងច្រើន ក្នុងការចុះបំពេញការងារតាមមូលដ្ឋាន ដើម្បីចិញ្ចឹមចលនា និងការកសាងកម្លាំង នយោបាយនៅតាមមូលដ្ឋាននានា សំដៅពង្រឹង និងលើកកម្ពស់ការចូលរួម ការគាំទ្រ ពីប្រជាពលរដ្ឋ និងអង្គបោះឆ្នោតអសកលមកលើគណបក្សប្រជាជនកម្ពុជា ចូលរួម ធ្វើឱ្យគណបក្សយើងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងការបោះឆ្នោតជា បន្តបន្ទាប់នារយៈពេលកន្លងមក ជាពិសេសការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ និងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ។ ក្នុងនាមគណបក្សប្រជាជនកម្ពុជា និងក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស ឯកឧត្តម ក៏បានផ្ដល់ការលើកទឹកចិត្តដល់អស់លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ មកពីគណបក្សប្រជាជនកម្ពុជាទូទាំងខេត្តឧត្តរមានជ័យ ដែលជាអង្គបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក សូមមេត្តាបន្តពង្រឹងការប្តេជ្ញាចិត្តរួមគ្នាជាធ្លុងមួយ ជុំវិញការដឹកនាំរបស់គណបក្ស ធ្វើការគាំទ្រ និងចូលរួមក្នុងដំណើរការបោះឆ្នោតដ៏មានសារសំខាន់នេះ ដោយធ្វើការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យបានគ្រប់ៗគ្នា ដើម្បីគណបក្សប្រជាជនកម្ពុជា បន្តបំពេញបេសកកម្មបម្រើប្រទេសជាតិ និងប្រជាជនកម្ពុជា ឱ្យសម្បូរសប្បាយរុងរឿងប្រកបដោយភាពសុខដុមរមនា និងសុភមង្គល ។ ឯកឧត្តម ក៏បានផ្តល់ជាអនុសាសន៍លើកិច្ចការសំខាន់ៗ មួយចំនួន ផងដែរ ដើម្បីដណ្តើមជោគជ័យឱ្យបានដាច់ខាតជូនគណបក្សក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤នេះ។
ជាចុងក្រោយ ឯកឧត្តម ក្នុងនាមគណបក្សប្រជាជនកម្ពុជា និងក្នុងនាមគណបក្សប្រជាជនមូលដ្ឋានខេត្ត ឯកឧត្តម មានក្តីសង្ឃឹមជឿជាក់យ៉ាងមុតមាំលើការប្តេជ្ញាចិត្ត ការចូលរួម និងការគាំទ្ររបស់ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីនៃក្រុមការងារ, ថ្នាក់ដឹកនាំ មន្ត្រី នៃគណៈកម្មាធិការគណបក្សគ្រប់ថ្នាក់របស់ខេត្តឧត្តរមានជ័យ បេក្ខជនក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក ខណ្ឌ និងអង្គបោះឆ្នោតទាំងអស់មកពីគណបក្សប្រជាជនកម្ពុជាទូទាំងខេត្តឧត្តរមានជ័យ នឹងរួមគ្នាដណ្តើមជោគជ័យឱ្យបានដាច់ខាតក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ខេត្ត ក្រុង ខណ្ឌ ស្រុក អាណត្តិទី៤ នៅថ្ងៃទី២៦ ឧសភា ឆ្នាំ២០២៤នេះ៕