កងកម្លាំងអន្តរាគមន៍បានរៀបចំសម្ភារៈជួយសង្គ្រោះ និងរថយន្ត ដើម្បីត្រៀមអន្តរាគមន៍ជួយប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ និងមហន្តរាយធម្មជាតិផ្សេងៗ
នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ វរសេនីយ៍ឯក ប៉ែន សុគន្ធ មេបញ្ជាការស្ដីទី កងពលតូចថ្មើរជើងលេខ៥១ អញ្ជើញត្រួតពិនិត្យ និងប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ជូនកងកម្លាំងអន្តរាគមន៍កងពលតូចថ្មើរជើងលេខ៥១ ដើម្បីត្រៀមអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងមហន្តរាយធម្មជាតិផ្សេងៗ ដែលអាចកើតមានឡើងក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ តាមបទបញ្ជាថ្នាក់លើ។
មេបញ្ជាការស្ដីទី កងពល បានបញ្ជាក់ថា ខេត្តបន្ទាយមានជ័យ រៀងរាល់ឆ្នាំតែងតែរងគ្រោះដោយទឹកជំនន់ ចាំបាច់ត្រូវការកងកម្លាំងចម្រុះ និងអាជ្ញាធរមូលដ្ឋានក្នុងស្មារតីរួមគ្នាដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន។
វរសេនីយ៍ឯក ប៉ែន សុគន្ធ ក៏បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងយោធិនគ្រប់រូប នៃកងកម្លាំងអន្តរាគមន៍ទាំងអស់ របស់កងពលតូចថ្មើរជើងលេខ៥១ ដែលបានប្រុងប្រៀប កងកម្លាំង មធ្យោបាយ និងសម្ភារ តាមផែនការ ត្រៀម២៤ម៉ោងលើ២៤ម៉ោង រង់ចាំអនុវត្តបទបញ្ជាដែលថ្នាក់លើប្រគល់ជូន ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋបានទាន់ពេលវេលា៕
រូបភាព៖ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ