ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម និងអាជ្ញាធរដែនដី ពិនិត្យស្ថានភាពដំណាំស្រូវដែលរងផលប៉ះពាល់ ដោយជំនន់ទឹកភ្លៀង  ស្រុកចិត្របុរី ខេត្តក្រចេះ

ថ្ងៃអាទិត្យ ទី១១ ខែសីហា ឆ្នាំ២០២៤
7 នាក់

កាលពីរសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពដំណាំស្រូវដែលរងផលប៉ះពាល់ និងខូចខាតរបស់ប្រជាពលរដ្ឋ ដោយជំនន់ទឹកភ្លៀង ស្ថិតនៅឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ និងស្ថានភាពខេត្តត្បូងឃ្មុំ។
តាមរបាយការណ៍របស់មន្ទីរ បានឱ្យដឹងថា ស្ថានភាពទឹកជំនន់ និងផលប៉ះពាល់ ខូចខាតនៅខេត្តក្រចេះ

ផលប៉ះពាល់និងខូចខាតលើដំណាំស្រូវដោយជំនន់ទឹកភ្លៀង:
-  ផ្ទៃដីប៉ះពាល់ ចំនួន ១៩៦៣ហិកតា
- ខូចខាតទាំងស្រុង ចំនួន ៤៨២ហិកតា។
ស្រុកដែលប៉ះពាល់ និងខូចខាតច្រើនជាងគេ គឺស្រុកចិត្របុរី។

ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានឆ្លៀតនាំយកការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងសម្តេចសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ លោកបន្តថា សម្តេច បានយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះប្រជាពលរដ្ឋរងគ្រោះ ហើយចេញបទបញ្ជាយ៉ាងម៉ឹងម៉ាត់ឱ្យរូបលោកត្រូវតែមានវត្តមាននៅកន្លែងរងគ្រោះ និងត្រៀមដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋ។ ឯកឧត្តម ទេសរដ្ឋមន្ដ្រី គន់ គីម ក៏បានជំរុញដល់អាជ្ញាធរពាក់ព័ន្ធ ពិសេសរដ្ឋបាលឃុំ រដ្ឋបាលស្រុកត្រូវចុះស្រង់ស្ថិតិ និងធ្វើបច្ចុប្បន្នភាពពីផលប៉ះពាល់ ការខូចខាតស្រែចម្ការរបស់ប្រជាពលរដ្ឋ ក៏ដូចជាការជន់លិចហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ដើម្បីត្រៀមលក្ខណៈក្នុងការផ្ដល់ស្បៀងសង្គ្រោះបន្ទាន់ និងគ្រាប់ពូជសម្រាប់ស្ដារវិស័យកសិកម្មឡើងវិញ។
ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានណែនាំដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវតាមដាននូវស្ថានភាពទឹកជំនន់នេះឱ្យបានជាប្រចាំ ក៏ដូចជាធ្វើសេចក្តីជូនដំណឹងឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋដើម្បីបានជ្រាប ក៏ដូចជាត្រៀមរំដោះពួកគាត់ទៅកាន់ទីទួលសុវត្ថិភាពជាដើម។