ពិធីប្រកាស ប្រធានកិត្តិយស គណៈកម្មាធិការ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តតាកែវ

ថ្ងៃពុធ ទី១៤ ខែសីហា ឆ្នាំ២០២៤
6 នាក់

ថ្ងៃពុធ ១០កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤  វេលាម៉ោង ៨:០០នាទីព្រឹក​ នៅសាលប្រជុំធំអគារច្រកចេញចូលតែមួយខេត្ត ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា  បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាស ឯកឧត្តម វ៉ី សំណាង ជាប្រធានកិត្តិយស គណៈកម្មាធិការ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តតាកែវ ។
 
ក្នុងពិធីនេះមានការអញ្ជើញចូលរួម គណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល សមាគមអតីតយុទ្ធជនកម្ពុជា គណៈអភិបាលខេត្ត គណៈអភិបាលក្រុង-ស្រុក មន្ទីរអង្គភាពពាក់ព័ន្ធ កងកម្លាំងទាំងបីប្រភេទ មេឃុំ ចៅសង្កាត់ នាយបុស្តិ៍រដ្ឋបាល ។
 
ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត បានគោរពថ្លែងអំណរគុណ ចំពោះសម្តេចតេជោ ប្រធាន និងសម្តេចអធិបតី អនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា ដែលបានផ្តល់ទំនុកទុកចិត្តតែងតាំងជាប្រធានកិត្តិយស ដើម្បីទទួលខុសត្រូវលើបងប្អូនអតីតយុទ្ធជនខេត្ត ដែលសុទ្ធសឹងជាជនដែលមានគុណបំណាច់ចំពោះជាតិ មាតុភូមិនិងប្រជាជន ហើយ ឯកឧត្តម ប្រធានកិត្តិយស បានប្តេជ្ញា ជម្រុញ ផ្តល់អត្ថប្រយោជន៍នានា និងលើកកម្ពស់កម្រិតជីវភាពបងប្អូនអតីតយុទ្ធជនឱ្យកាន់តែមានភាពប្រសើរឡើង ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។