វេទិកាជាតិកាត់បន្ថយហានិភ័យគ្រោះមហន្តរាយលើកទី៣០ (DRR)ក្រោមប្រធានបទ «ការពង្រឹងការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ និងភាពធន់ទៅនឹងអាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជា»

ថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ ឆ្នាំ២០២៤
10 នាក់

សៀមរាប៖ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ នៅសណ្ឋាគារ អេមព្រីសអង្គរ (Empress Angkor) ខេត្តសៀមរាប, ឯកឧត្តម ឃុន សុខា អគ្គលេខាធិការរង តំណាងឯកឧត្តម គីម វីរៈ អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បាន​អញ្ជើញចូលរួមជាអធិបតីភាពក្នុងវេទិកាជាតិកាត់បន្ថយហានិភ័យគ្រោះមហន្តរាយលើកទី៣០ (DRR)ក្រោមប្រធានបទ «ការពង្រឹងការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ និងភាពធន់ទៅនឹងអាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជា»។

វេទិកា​រខាងលើបានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គលេខាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន មន្ត្រីពាក់ព័ន្ធគ្រប់នាយកដ្ឋាននៃអគ្គលេខាធិការដ្ឋាន គ.ជ.គ.ម. ក្រសួង-ស្ថាប័ន អង្គការដៃគូ វិស័យឯកជន យុវជនកាកបាទក្រហមកម្ពុជា តំណាងជនជាតិភាគតិច និងសាកលវិទ្យាល័យ សរុបប្រមាណ ១០០នាក់។  

ឯកឧត្តម ឃុន សុខា បានឱ្យដឹងថាដើម្បីពង្រឹងការសម្របសម្រួល នឹងកម្មវិធីកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ រដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានសហការជាមួយអង្គការអភិវឌ្ឍន៍ និងអង្គការក្រៅរដ្ឋាភិបាល រៀបចំវេទិកា DRR នេះចំនួន ២៩ លើករួចមកហើយរហូតមកដល់បច្ចុប្បន្ន។ ឯកឧត្តម បានបន្តថាវេទិកាទាំងនេះបម្រើជាវេទិកាសំខាន់សម្រាប់ការបង្កើនទំនាក់ទំនង និងជំរុញភាពជាដៃគូក្នុងចំណោមអ្នក អនុវត្តការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយនៅទូទាំងប្រទេស។ ជាក់ស្តែងនៅថ្ងៃទី១៩-២០ ខែធ្នូ ឆ្នាំ២០២៤នេះ គ.ជ.គ.ម. បានធ្វើជាម្ចាស់ផ្ទះនៃវេទិកាលើកទី៣០ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងគំនិតផ្តួចផ្តើមដែលកំពុងបន្តនេះ។ ហើយវេទិកានីមួយៗត្រូវបានប្រារព្ធឡើងជា រៀងរាល់ឆ្នាំដើម្បីឆ្លុះបញ្ចាំងពីទិដ្ឋភាពវិវត្តនៃការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ និងបញ្ហាប្រឈមនាពេលបច្ចុប្បន្នដែលកំពុងប្រឈមនៅក្នុងតំបន់។  

ឯកឧត្តម ក៏បានបញ្ជាក់ផងដែរថា នៅក្នុងវេទិកា DRR លើកទី៣០ នេះមានគោលដៅសំខាន់ៗ ចំនួន៣ រួមមាន៖ 
១). ពង្រឹងកិច្ចសហប្រតិបត្តិការ៖ កសាងទំនាក់ទំនងនិងភាពជាដៃគូដ៏រឹងមាំក្នុងចំណោមភាគីពាក់ ព័ន្ធនៃការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ (DRM) រួមទាំងស្ថាប័នរបស់រដ្ឋាភិបាល វិស័យឯកជន និងដៃគូរអភិវឌ្ឍន៍។ តាមរយៈការបង្កើតទំនាក់ទំនងទាំងនេះ នឹងបង្កើនកិច្ច ខិតខំប្រឹងប្រែងរួមគ្នាក្នុងការដោះស្រាយហានិភ័យគ្រោះមហន្តរាយ។

២). យុទ្ធសាស្ត្របច្ចុប្បន្ន៖ វេទិកានេះនឹងបង្ហាញអំពីយុទ្ធសាស្ត្ររួម និងបង្កើតគោលដៅអាទិភាព សម្រាប់ការសម្រេចបាននូវសកម្មភាពគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយរបស់យើងក្នុងរយៈ ពេលប្រាំឆ្នាំខាងមុខ។ ដើម្បីធានាថាភាគីពាក់ព័ន្ធទាំងអស់ត្រូវបានតម្រឹម និងធ្វើការឆ្ពោះទៅ រកគោលបំណងរួម។

៣). ការចែករំលែកធនធាន៖ លើកកម្ពស់ការយល់ដឹងកាន់តែប្រសើរឡើងក្នុងចំណោមដៃគូ ទាក់ទងនឹងធនធាន និងសមត្ថភាព បច្ចេកទេស បទពិសោធន៍របស់ពួកគេ និងការរួមចំណែក ប្រកបដោយប្រសិទ្ធភាពចំពោះគំនិតផ្តួចផ្តើមនៃការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយដើម្បី បង្កើនប្រសិទ្ធភាពជាអតិបរមានៃកិច្ចខិតខំប្រឹងប្រែងរួម។ បង្កើនការយល់ដឹងអំពី DRR និង ការបន្សំការប្រែប្រួលអាកាសធាតុ។

ជាចុងបញ្ជាប់ក្នុងនាម ឯកឧត្តម គីម វីរៈ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តម បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ក្រសួងស្ថាប័ន រាជធានី ខេត្ត នឹងអង្គការដៃគូអភិវឌ្ឍន៍នានា ដែលបាន និងកំពុងរួមចំណែកជួយជ្រោមជ្រែងយ៉ាងសកម្មក្នុងការអភិវឌ្ឍប្រទេសកម្ពុជាលើគ្រប់វិស័យរួមទាំងវិស័យគ្រប់គ្រងគ្រោះមហន្តរាយផងដែរ។